ភ្នំពេញ៖ ហាងលក់រាយលំដាប់អន្តរជាតិ 7-Eleven នឹងមានវត្តមានជាលើកដំបូងនៅកម្ពុជានៅឆ្នាំ 2021 តាមរយៈក្រុមហ៊ុនដ៏ធំមួយរបស់ថៃឈ្មោះ CP Group បន្ទាប់ពីកិច្ចព្រមព្រៀងទិញលក់ Franchise ជាមួយក្រុមហ៊ុនដើមនៅអាមេរិកបានបញ្ចប់រួចរាល់។
សេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន CP Group ដែលជាក្រុមហ៊ុនមេគ្រប់គ្រងប្រតិបត្តិការហាងលក់រាយ 7-Eleven នៅប្រទេសថៃបានផ្សព្វផ្សាយនៅថ្ងៃព្រហស្បតិ៍ទី ៧ ឧសភានេះថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនគឺ CP All (Thailand) ទើបសម្រេចកិច្ចព្រមព្រៀងទទួលសិទ្ធិផ្តាច់មុខសម្រាប់ដំណើរការអាជីវកម្មហាង 7-Eleven នៅកម្ពុជាពីក្រុមហ៊ុនដើម 7-Eleven, Inc នៅអាមេរិក។ កិច្ចសន្យានេះមានសពុលភាពរយៈពេល ៣០ ឆ្នាំ ហើយភាគីទំាងពីរព្រមព្រៀងថាអាចបន្តរយៈពេល ២០ ឆ្នាំទៀត។
សេចក្តីជូនដំណឹងបញ្ជាក់ថា ហាងលក់ទំនិញ 7-Eleven ដំបូងគេនៅកម្ពុជានឹងបើកដំណើរការនៅឆ្នាំ 2021 ខាងមុខ។
ហាងលក់ទំនិញ 7-Eleven នៅថៃត្រូវបានបើកសាខាដំបូងគេកាលពីឆ្នាំ 1989 ហើយគិតមកទល់ពេលនេះមានហាងសរុប 12 000 ហាង ដែលជាប្រទេសមួយមានហាង 7-Eleven ច្រើនជាងគេទីពីរបន្ទាប់ពីប្រទេសជប៉ុន។ ចំនួនហាង 7-Eleven លើពិភពលោកមានចំនួន 70678 ហាងគិតត្រឹមខែមីនា។
ការចូលមកដល់របស់ក្រុមហ៊ុន 7-Eleve នាពេលនេះនឹងធ្វើឲ្យការប្រកួតប្រជែងរវាង ហាងលក់ទំនិញរាយបែបទំនើបកាន់តែខ្លាំងក្លានៅកម្ពុជាទាំងក្នុងចំណោមហាងជាម៉ាកក្នុងស្រុក និងហាងម៉ាកកម្រិតអន្តរជាតិ។
ហាង Circle K ដែលមានមូលដ្ឋាននៅអាមេរិក បានបើកដំណើរការនៅកម្ពុជាកាលពីខែ កុម្ភៈឆ្នាំ ២០១៨ ហើយគិតមកទល់ពេលនេះបានពង្រីកទីតាំងជាបន្តបន្ទាប់។
ហាងលក់រាយបែបទំនើបរបស់ជប៉ុន Aeon Maxvalu Express ក៏មានវត្តមាននៅកម្ពុជាស្រាប់ហើយ និងបានពង្រីកទីតាំងជាបន្តបន្ទាប់។ ក៏មានហាងលក់រាយបែបទំនើបជាច្រើនទៀតផងដែរដូចជា Lucky Express, Smile Mart, Kiwi Mart, Panda Mart, Chip Mong Supermarket ជាដើម។