ភ្នំពេញ៖ វិស័យអចលនទ្រព្យកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងនៅជាងមួយទសវត្សរ៍ចុងក្រោយ ដែលបានធ្វើឲ្យជីវភាពអ្នករកស៊ីក្នុងវិស័យនេះជាច្រើនបានកែលម្អជាបន្តបន្ទាប់។ តម្លៃអចលនទ្រព្យស្ទើរគ្រប់ប្រភេទបានកើនឡើង ហើយសកម្មភាពទិញ-លក់ ក៏មានភាពមមាញឹក។
តែយ៉ាងណាក៏ដោយ អ្នករកស៊ីទិញ-លក់អចលនទ្រព្យមួយចំនួនក៏ជួបប្រទះការជាប់គាំងដែរ ហើយបានប៉ះពាល់ដល់លំហូរសាច់ប្រាក់របស់ពួកគេ។ នេះបើយោងតាមអ្នកជំនាញផ្នែកអចលនទ្រព្យ។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយ Z1 News នៅថ្ងៃទី ២៩ មេសា ឆ្នាំ ២០២០នេះ លោក កាង សុធី ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Century 21 Land Station បានបញ្ជាក់ថាការទិញលក់អចលនទ្រព្យដែលជាប់គាំងកន្លងមកគឺដោយសារមូលហេតុចម្បងៗ 3។ ខាងក្រោមនេះគឺជាមូលហេតុទាំងនោះ៖
1- ទិញចូលក្នុងតម្លៃខ្ពស់ជាងទីផ្សារ៖ យោងតាមលោក កាង សុធី កង្វះព័ត៌មាន ឬការវាយតម្លៃមិនបានត្រឹមត្រូវ បានធ្វើឲ្យអ្នករកស៊ីខ្លះបានទិញអចលនទ្រព្យក្នុងតម្លៃខ្ពស់ជាងទីផ្សារតាំងពីដំបូង។ កត្តានេះ បានបង្កជាផលលំបាកនៅពេលចង់លក់ចេញវិញ ព្រោះថាអ្នកទិញបន្តភាគច្រើនគឺជាអ្នកទិញក្នុងគោលដៅទុកលក់ដើម្បីចំណេញ។ អ្នកទិញបែបនេះតែងចង់បានតម្លៃទាបជាងហាងឆេងទីផ្សារ ដែលខុសពីអ្នកទិញដើម្បីអភិវឌ្ឍន៍។ អ្នកទិញដើម្បីអភិវឌ្ឍន៍ជាទូទៅហ៊ានឲ្យតម្លៃខ្ពស់ជាងដោយសារពួកគេមានតម្រូវការទីតាំងក្នុងគោលដៅវិនិយោគជាក់លាក់។
2 – ទិញប្រភេទអចលនទ្រព្យមិនសូវពេញនិយម៖ បច្ចុប្បន្ន ទីផ្សារដីធ្លី គឺជាការវិនិយោគផ្នែកអចលនទ្រព្យដែលពេញនិយមជាងគេធាបនឹងប្រភេទអចលនទ្រព្យផ្សេងៗទៀត។ យោងតាមលោក សុធី ក្នុងចំណោមអ្នករកស៊ីផ្នែកអចលនទ្រព្យ ១០ នាក់ អ្នកទិញដីដើម្បីទុកចំណេញមានរហូតទៅដល់ ៨ នាក់ទៅហើយ គឺមានតែ ២ នាក់ប៉ុណ្ណោះដែលជ្រើសរើសទិញផ្ទះ។ ដូច្នេះ លោក សុធី បញ្ជាក់ថាការដាក់លក់ដីតែងមានការលក់ចេញបានលឿនជាងផ្ទះ។
«ប្រភេទអចលនទ្រព្យដែលពេញនិយមគឺដីធ្លី ព្រោះយើងអាចយកមកកែបានគ្រប់ប្រភេទ មានទាំងឃ្លាំង ផ្ទះ រោងចក្រ ឬសិប្បកម្ម។ មនុស្សជាច្រើននិយាយថា កន្លែងលំនៅឋាន គាត់ទិញពេលណាក៏បាន តែបើទិញដីដែលឆ្នៃជាកន្លែងផ្សេងៗបាន គឺមិនងាយរកទិញទេ»។
3 – ជ្រើសរើសភ្នាក់ងារអចលនទ្រព្យមិនត្រឹមត្រូវ៖ ភ្នាក់ងារអចលនទ្រព្យតែងមានជំនាញឯកទេសផ្សេងៗគ្នា និងមានចំណេះដឹង និងបទពិសោធទៅលើតំបន់ប្រតិបត្តិការផ្សេងៗគ្នា។ លោកបន្តថា ភ្នាក់ងារអចលនទ្រព្យដែលមានជំនាញខាងដីធ្លី តែងមានបណ្តាញអ្នកទិញអចលនទ្រព្យប្រភេទជាដីធ្លីច្រើន ដែលធ្វើឲ្យឱកាសលក់ចេញបានលឿន។ ដូច្នេះអ្នករកស៊ីត្រូវចេះជ្រើសរើសភ្នាក់ងារឲ្យចំគោលដៅនៃអចលនទ្រព្យដែលចង់លក់ និងជ្រើសរើសភ្នាក់ងារដែលមានឯកទេសនៅតំបន់ដែលអចលនទ្រព្យនោះត្រូវលក់ បើមិនដូច្នេះទេអចលនទ្រព្យរបស់ពួកគេនឹងមិនងាយលក់ចេញនោះឡើយ៕