ភ្នំពេញ៖ ការឆ្លងរាលដាលនៃជម្ងឺ Covid-19 បានប៉ះពាល់ដល់មូលដ្ឋានសេដ្ឋកិច្ចសកល ហើយបានធ្វើឲ្យពិភពលោកជួបវិបត្តិ។ បញ្ហាសកលនេះ ក៏កំពុងមានឥទ្ធិពលដល់សេដ្ឋកិច្ចកម្ពុជា ហើយបានធ្វើឲ្យសេដ្ឋកិច្ចដែលធ្លាប់មានកំណើនខ្ពស់រងផលប៉ះពាល់។
ខាងក្រោមនេះគឺជាការព្យាករណ៍ពីការប្រែប្រួលស្ថានភាពសេដ្ឋកិច្ចកម្ពុជាដោយស្ថាប័នឃ្លាំមើលសេដ្ឋកិច្ចធំៗ។
1 – មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានចេញផ្សាយរបាយការណ៍ស្តីពីចក្ខុវិស័យសេដ្ឋកិច្ចពិភពលោក (World Economic Outlook) កាលពីយប់ថ្ងៃពុធទី ១៥ មេសាឆ្នាំ២០២០ (នៅកម្ពុជា) ដោយបានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះជាលើកដំបូងមិនធ្លាប់មាននៅឆ្នាំ ២០២០នេះដោយមានការធ្លាក់ចុះដល់ទៅ -១,៦ ភាគរយ។ មុននឹងមានវិបត្តិជម្ងឺនេះកើតឡើង IMF ធ្លាប់បានព្យាករណ៍ថាកម្ពុជាអាចមានកំណើនសេដ្ឋកិច្ចដល់ទៅ +៧ ភាគរយសម្រាប់ឆ្នាំ ២០២០។ យោងតាម IMF សេដ្ឋកិច្ច -១,៦ភាគរយនាពេលនេះ គឺដោយសារការធ្លាក់ចុះយ៉ាងគម្ហក់នៃចំនួនភ្ញៀវទេសចរបរទេស និងការធ្លាក់ចុះការបញ្ជាទិញផលិតផលកាត់ដេរពីអ្នកបញ្ជាទិញនៅ អាមេរិក និង អ៊ឺរ៉ុប។

២ – ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចេញផ្សាយរបាយការណ៍ចក្ខុវិស័យសេដ្ឋកិច្ចអាស៊ីកាលពីថ្ងៃទី ៣ មេសា ឆ្នាំ ២០២០ ហើយបានបញ្ជាក់ថា កម្ពុជានឹងនៅតែអាចពង្រីកទំហំសេដ្ឋកិច្ចរបស់ខ្លួននៅឆ្នាំ ២០២០នេះ តែគ្រាន់តែអត្រាកំណើនទាបជាងអត្រាកំណើនឆ្នាំមុនៗ។ យោងតាម ADB កំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំនេះគឺមានអត្រា ២,៣ ភាគរយ គឺថមថយពី ៧,១ ភាគរយកាលពីឆ្នាំ ២០១៩។
៣ – ធនាគារពិភពលោក World Bank បានព្យាករណ៍ស្រដៀងគ្នានឹង ADB ដែរ។ World Bank បានចេញផ្សាយរបាយការណ៍ចក្ខុវិស័យសេដ្ឋកិច្ចអាស៊ីបូព៍ា និងប៉ាស៊ីហ្វិក កាលពីថ្ងៃទី ៣០ខែមីនា ឆ្នាំ ២០២០ ដោយបព្ជាក់ថាកម្ពុជានឹងមានអត្រាកំណើនសេដ្ឋកិច្ច ២,៥ ភាគរយ ដែលថមថយពីកំណើន ៧,១ ភាគរយកាលពីឆ្នាំ ២០១៩។