ហុងកុង៖ ទីផ្សារអចលនទ្រព្យនៅហុងកុងទំនងជាមិនធ្លាក់ចុះដូចកម្រិតដែលធ្លាប់រងផលប៉ះពាល់កាលពីវិបត្តិជំងឺផ្លូវដង្ហើម (SARS) កាលពីអំឡុងឆ្នាំ ២០០៣ នោះទេ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានហុងកុង South China Morning Post។
លោក Phillip Zhong អ្នកវិភាគជាន់ខ្ពស់សម្រាប់ទីផ្សារអចលនទ្រព្យហុងកុង និងចិន ប្រចាំក្រុមហ៊ុន Morningstar Investment Management បានលើកឡើងថា ជម្ងឺ SARS និង ជម្ងឺ Covid-19 បានកើតឡើង និងរាលដាលក្នុងពេលខុសគ្នានៃវដ្តអភិវឌ្ឍន៍នៃវិស័យអចលនទ្រព្យ។
លោកថ្លែងថា៖«នៅដើមទសវត្យរ៍ឆ្នាំ ២០០០ ទីផ្សារទើបតែរងការធ្លាក់ចុះដោយសារវិបត្តិហិរញ្ញវត្ថុអាស៊ី ដូច្នេះនៅពេលវិបត្តិជង្ងឺ SARS មកដល់ ការធ្លាក់ចុះកម្រិតធ្ងន់នៃតម្លៃអចលនទ្រព្យក៏កើតឡើង»។

វិបត្តិជង្ងឺ SARS បានធ្វើឲ្យតម្លៃផ្ទះនៅហុងកុងធ្លាក់ចុះ ៨ ភាគរយនៅក្នុងអំឡុង៧ ខែដំបូងនៃការរីករាលដាលនៃវិបត្តិនេះ។ តែសម្រាប់ឥទ្ធិពលនៃផលប៉ះពាល់ Covid-19 វិញ អ្នកជំនាញព្យាករណ៍ថា តម្លៃអាចធ្លាក់ចុះចន្លោះពី ៣ ទៅ ៥ ភាគរយ ឬអាចបន្តខ្លាំងជាងនេះលុះណាតែការរីករាលដាលនេះមិនត្រូវបានទប់ស្កាត់មុនខែមិថុនាទេនោះ។
លោក Vincent Cheung នាយកគ្រប់គ្រងក្រុមហ៊ុន Vincorn Consulting and Appraisal បញ្ជាក់ថា៖«ពលរដ្ឋហុងកុងនាពេលនេះបានរៀនពីផលប៉ះពាល់ការផ្ទុះឡើងនៃជំងឺ Sars ហើយបានទទួលការប្រុងប្រយ័ត្នខ្ពស់ជាងអ្វីដែលពួកគេបានធ្វើក្នុងអំឡុងពេលផ្ទុះជំងឺ Sars»។
គិតចាប់ពីឆ្នាំ ១៩៩៧ មក ទីក្រុងហុងកុងបានជួបប្រទះនូវបញ្ហាធ្លាក់ចុះតម្លៃអចលនទ្រព្យចំនួនបីដង (មិនរាប់បញ្ចូលឆ្នាំ ២០២០ នេះ)។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនអចលនទ្រព្យ JLL ដែលជាក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារភាគហ៊ុនក្រុងញូយ៉ក។ ការប៉ះពាល់ទាំងនោះមានដូចខាងក្រោម៖
លើកទី១ – នៅឆ្នាំ ១៩៩៧ តម្លៃអចលនទ្រព្យនៅហុងកុងបានធ្លាក់ចុះ ៥០ ភាគរយក្នុងមួយឆ្នាំ ដោយសារវិបត្តិហិរញ្ញវត្ថុអាស៊ី។
លើកទី២ – តម្លៃអចលនទ្រព្យបានធ្លាក់ចុះ ៤៣ភាគរយនៅចន្លោះឆ្នាំ ២០០២ ដល់ ឆ្នាំ ២០០៤ អំឡុងពេលវិបត្តិ dot.com និងការឆ្លងរាលដាលនៃជម្ងឺផ្លូវដង្ហើម SARS។
លើកទី៣ – គឺនៅឆ្នាំ ២០០៨ នៅពេលតម្លៃអចលនទ្រព្យបានធ្លាក់ចុះ ២៤ ភាគរយ នៅអំឡុងពេលវិបត្តិហិរញ្ញវត្ថសកល ដែលបានបង្អាក់ការរីកចម្រើនសេដ្ឋកិច្ចពិភពលោកទាំងមូល។