ហុងកុង៖ ហុងកុងក្លាយទីក្រុងមានចំនួនមហាសេដ្ឋីអចលនទ្រព្យច្រើនជាងគេ ធាបនឹងទីក្រុងផ្សេងទៀតនៅលើពិភពលោកដោយមានមហាសេដ្ឋីចំនួន ២៦ នាក់ ស្មើនឹងជាង ១០ ភាគរយនៃចំនួនសរុប។ នេះបើយោងតាមបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោក Hurun Report Global Rich List។
យោងតាមរបាយការណ៍របស់ Hurun សម្រាប់ឆ្នាំ ២០២០ មហាសេដ្ឋីមានមុខរបរស្នូលក្នុងវិស័យអចលនទ្រព្យនៅលើពិភពលោកមានចំនួន ២៥៦ នាក់។
បើគិតពីចំនួនមហាសេដ្ឋីតាមទីក្រុង ហុងកុងជាប់ចំណាត់ថ្នាក់លេខ ១ បន្ទាប់មកទីក្រុង ក្វាងចូវ របស់ចិនជាប់លេខ២ ទីក្រុងសិនចិនលេខ៣ និង ទីក្រុងប៉េកាំងលេខ៤។ ទីក្រុងញូយ៉ក របស់សហរដ្ឋអាមេរិក ជាប់ចំណាត់ថ្នាក់ទី ៥ ដោយមានមហាសេដ្ឋីអចលនទ្រព្យ ១៥នាក់ បន្ទាប់មកទីក្រុងឡុងដ៍របស់ចក្រភពអង់គ្លេសមាន ១៤ នាក់។ ក្នុងចំណោមមហាសេដ្ឋីអចលនទ្រព្យ 10 នាក់ដំបូងលើពិភពលោក មហាសេដ្ឋីជាជនជាតិចិនមានរហូតដល់ទៅ ៧ នាក់ទាក់ទៅហើយ។
បើគិតតាមប្រទេសវិញ ប្រទេសចិនជាប្រទេសមានចំនួនមហាសេដ្ឋីអចលនទ្រព្យច្រើនជាងគេ ដោយមានចំនួន ១៣៧នាក់ ឬ ៥៤ភាគរនៃចំនួនសរុប ២៥៦ នៅលើពិភពលោក។ នេះបើយោងតាមបញ្ជីឈ្មោះមហាសេដ្ឋីពិភពលោករបស់ Hurun ឆ្នាំ ២០២០។
សហរដ្ឋអាមេរិកទាំងមូលមានមហាសេដ្ឋីអចលនទ្រព្យចំនួន ៣៤ នាក់ស្មើនឹង ១៣ ភាគរយនៃចំនួនសរុបនៅលើពិភពលោក បន្ទាប់មកចក្រភពអង់គ្លេសដោយមានមហាសេដ្ឋីអចលនទ្រព្យ ១៧ នាក់ស្មើនឹង ៧ ភាគរយនៃមហាសេដ្ឋីអចលនទ្រព្យសរុប ២៥៦ ដែលមានឈ្មោះនៅក្នុងបញ្ជីនេះ។
បញ្ជីឈ្មោះមហាសេដ្ឋីរបស់ Hurun Global Rich List ត្រូវបានចេញផ្សាយកាលខែកុម្ភៈដែលបានកត់ត្រាមហាសេដ្ឋី (ក្នុងអាជីវកម្មផ្សេងៗ) ចំនួន ២,៨១៦ នាក់នៅលើពិភពលោកគិតត្រឹមខែមករាឆ្នាំ ២០២០ ។
តែទ្រព្យសម្បត្តិនេះត្រូវបានគណនាគិតជាដុល្លារអាមេរិកគិតត្រឹមថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២០ គឺមុនពេលការរីករាលដាលនៃជំងឺឆ្លង Covid-19 ដែលបានកំពុងធ្វើឲ្យទីផ្សារសេដ្ឋកិច្ចនិងភាគហ៊ុនរងផលប៉ះពាល់។