មូលដ្ឋានសេដ្ឋកិច្ចសំខាន់ៗមួយចំនួនរងការប្រែប្រួលក្រោមឥទ្ធិពល Covid-19

Bunthoeun Chhut 10/April/2020 18:25
ចែករំលែក

ឥទ្ធិពលនៃការឆ្លងជម្ងឺ Covid-19 បានបង្អាក់ការរីកចម្រើនរបស់ពិភពលោក និងប្រទេសកម្ពុជាដោយបានធ្វើឲ្យការលូតលាស់សេដ្ឋកិច្ចសកលថមថយ។ សម្រាប់ប្រទេសកម្ពុជា បញ្ហានេះក៏បានជៈឥទ្ធិពលអវិជ្ជមានមួយចំនួនដល់សេដ្ឋកិច្ច តែយ៉ាងណាក៏ដោយស្ថាប័នឃ្លាំមើលសេដ្ឋកិច្ចធំៗបានបង្ហាញថា កម្ពុជានឹងនៅរក្សាបានកំណើនសេដ្ឋកិច្ចក្នុងកម្រិតសមរម្យមួយ (ក្នុងស្ថានភាពលំបាកបែបនេះ) ទោះបីជាសន្ទុះកំណើនមានល្បឿនយឺតជាឆ្នាំមុនៗក្តី។  

ខាងក្រោមនេះគឺជាសូចនាករសេដ្ឋកិច្ចសំខាន់ៗមួយចំនួន​បង្ហាញការវិវត្តន៍​នៃសេដ្ឋកិច្ច​កម្ពុជា និងភាពរឹងមាំនៃ​វិស័យអចលនទ្រព្យ។  

1 – ទំហំសេដ្ឋកិច្ច៖ ទំហំសេដ្ឋកិច្ចកម្ពុជា​នៅតែបន្តរីកធំជាងឆ្នាំមុន បើទោះជារងវិបត្តិជម្ងឺឆ្លង Covid-19 ក្តី តែគ្រាន់តែល្បឿននៃការរីកធំមានល្បឿនយឺតជាងឆ្នាំមុនៗបន្តិច។ ធនាគារពិភពលោក និង ធនគារអភិវឌ្ឍន៍អាស៊ី ADB បានព្យាករណ៍ស្រដៀងគ្នាថា កម្ពុជានឹងមានកំណើនសេដ្ឋកិច្ច​ ២,៣ ភាគរយនៅឆ្នាំ ២០២០ នេះ ដែលថយចុះបន្តិចពីរង្វង់ ៧ ភាគរយក្នុងមួយឆ្នាំកាលពីឆ្នាំមុនៗ។  

2 – អត្រាអតិផរណាកម្រិតទាប៖ អត្រាអតិផរណាត្រូវបានព្យាករណ៍ថាមានត្រឹម ២,១ ភាគរយប៉ុណ្ណោះនៅឆ្នាំ ២០២០ ដោយសារការធ្លាក់ចុះតម្លៃឥន្ធណៈលើទីផ្សារអន្តរជាតិ។ ការរក្សាបានអត្រាអតិផរណាកម្រិតទាបនេះ ផ្តល់ផលល្អដល់ដល់ជីវភាពប្រជាពលរដ្ឋ ហើយជួយរក្សាអំណាចទិញរបស់ពួកគេ។ កត្តានេះ​អាចជួយជំរុញឲ្យមានការទិញ លក់ទំនិញ និងសេវាកម្ម ដែលជាការល្អសម្រាប់ចរន្តសេដ្ឋកិច្ច។

3 វិស័យឧស្សាហកម្មបន្ត​វិវត្តន៍ជាវិជ្ជមាន៖ វិស័យឧស្សាកម្មដែលជាប្រភពសំខាន់សម្រាប់កំណើនសេដ្ឋកិច្ច និង ការងារ នៅតែបន្តពង្រីកខ្លួន តែគ្រាន់តែល្បឿននៃកំណើនយឺតជាងឆ្នាំមុន។ យោងតាមធនាគារអភិវឌ្ឍន៍អាស៊ី ADB វិស័យឧស្សាហកម្មនឹងមានកំណើន ៦,៥ ភាគរយនៅឆ្នាំ ២០២០នេះ។

4 – ផលិតកម្មកាត់ដេររងប៉ះពាល់៖ ​ការនាំចេញផលិតផលកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងចាប់ផ្តើមមានការថមថយដោយសារការធ្លាក់ចុះតម្រូវការទីផ្សារពិភពលោក។ តែបញ្ហានេះ ត្រូវបានរំពឹងថាគ្រាន់តែជាបញ្ហាបណ្តោះអាសន្ន និងមានរយៈពេលខ្លី ហើយតម្រូវការអាចនឹងងើបឡើងវិញលឿនបន្ទាប់ពីវិបត្តិជម្ងឺឆ្លងបានកន្លងផុតទៅ។

5 –វិស័យកសិកម្មដំណើរការល្អ៖ ការផ្អាកចរាចរណ៍ឆ្លងប្រទេសជាមួយ វៀតណាម និង ថៃ បានធ្វើឲ្យប៉ះពាល់ដល់លំហូរចូលទំនិញពីប្រទេសទាំងពីរមកកម្ពុជា។ តែកត្តានេះ បានក្លាយជាសញ្ញាល្អសម្រាប់ផលិតកម្មក្នុងស្រុក ហើយធ្វើឲ្យតម្រូវការកសិផលក្នុងស្រុកកើនឡើង ដែលនឹងជំរុញដល់ការផលិត និងចំណូលពីវិស័យកសិកម្ម។

6 – ស្ថិរភាពនៅចិនល្អដល់កម្ពុជា៖ ចិនបានគ្រប់គ្រងបាននៃការឆ្លងជម្ងឺ Covid-19។ ទីក្រុងវូហានដែលទើបត្រូវបានដាក់ឲ្យប្រជាជនមានសិទ្ធដើរហើរឡើងវិញបន្ទាប់ពីដាក់បម្រាមជិត ៣ ខែ បានធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចទីក្រុងនេះរស់ឡើងវិញហើយចង្វាក់ផលិតកម្មមានដំណើរការវិញ។​ ការផ្គត់ផ្គង់វត្ថុធាតុដើមកើនឡើងវិញ​ ហើយដំណើរការល្អនៃសេដ្ឋកិច្ចចិនគឺជាសញ្ញាល្អសម្រាប់កម្ពុជា ដែលរំពឹងថានឹងជួយបង្កើនលំហូរទុនវិនិយោគបរទេសចូលកម្ពុជា ព្រោះថាចិនជាវិនិយោគធំជាងគេនៅកម្ពុជា។

7 –វិស័យអចលនទ្រព្យមានស្ថិរភាពល្អ៖ គម្រោងសាងសង់ធំៗដែលមានស្រាប់នៅបន្តសកម្មភាពសាងសង់យ៉ាងសកម្ម។ គិតមកទល់ពេលនេះ តម្លៃអចលនទ្រព្យ និងដីធ្លី នៅរក្សាលំនឹងដោយមិនប្រែប្រួលខ្លាំងនោះទេ គ្រាន់តែសកម្មភាពទិញលក់មានការថមថយបន្តិច។ យ៉ាងណាក៏ដោយ ​ប្រជាពលរដ្ឋជាច្រើនបានឈ្លាតឱកាសនេះ ប្រើប្រាស់បច្ចេកវិទ្យាដើម្បីស្វែងរកដីធ្លី ទីតាំងល្អ និងអចលនទ្រព្យផ្សេងទៀតដើម្បីវិនិយោគ ដែលកត្តានេះឆ្លុះបញ្ជាំថាស្ថានភាពទីផ្សារនឹងមានប្រសើរវិញឆាប់ៗបន្ទាប់ពីវិបត្តិត្រូវបានដោះស្រាយរួច។

8 – រដ្ឋាភិបាល​កម្ពុជា បានត្រៀមកញ្ចប់ថវិការចន្លោះពី ៨០០ លាន ទៅ ២ ពាន់លានដុល្លារសម្រាប់រក្សាលំនឹងសេដ្ឋកិច្ច​កម្ពុជាចំពោះមុខវិបត្តិនេះ។​  

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង