អន្តរាគមន៍របស់ធនាគារជាតិនៃកម្ពុជាលើការប្រាក់កម្ចីនៅតែមិនសូវមានប្រសិទ្ធភាព

Bunthoeun Chhut 03/April/2020 16:13
ចែករំលែក

ភ្នំពេញ៖ លោកស្រី ជា សិរី ដែលជាឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា នៅថ្ងៃសុក្រទី ៣ មេសាឆ្នាំ ២០២០ នេះ​បានពន្យល់ពីវិធានការមួយចំនួនដែលធនាគារកណ្តាលរបស់កម្ពុជាបានអនុវត្តន៍ និងមូលហេតុដែលអន្តរាគមន៍កន្លងមកមិនទាន់មានប្រសិទ្ធភាពលើអត្រាការប្រាក់កម្ចី។

យោងតាមការរៀបរាប់របស់លោកស្រី ជា សិរី ធនាគារកណ្តាលតាមបណ្តាប្រទេសមួយចំនួនធំ តែងតែធ្វើអន្តរាគមន៍ក្នុងពេលដែលប្រទេសជួបវិបត្តិសេដ្ឋកិច្ចតាមរយៈ​ការ​បញ្ចុះអាត្រាការប្រាក់ដែលខ្លួនឱ្យធនាគារពាណិជ្ជខ្ចីដែលអាត្រានេះនឹងជះឥទ្ធិពលដល់អាត្រាការប្រាក់ ដែលធនាគារ​ពាណិជ្ជ​យកពីអតិថិជនតាមរយៈឥណទាន។

កាលណា​សេដ្ឋកិច្ច​ជួបបញ្ហា ធនាគារកណ្តាលនឹងទម្លាក់អាត្រាការប្រាក់ដើម្បី​ជួយ​ជំរុញធនាគារពាណិជ្ជឱ្យបន្តផ្តល់កម្ចីដល់សាធារណជនក្នុងតម្លៃទាបក្នុងគោលបំណងជំរុញការចាយវាយផ្សេងៗ ដែល​នឹងជំរុញ​ការផលិតបន្ថែម និងការវិនិយោគ។ នៅកម្ពុជា ធនាគារជាតិនៃកម្ពុជា ក្នុងនាមជាធនាគារកណ្តាលរបស់ប្រទេស ក៏បានអនុវត្តវិធានការនេះដែរ ប៉ុន្តែប្រសិទ្ធភាពនៅមានកម្រិត។ បានន័យថា ពេលធនាគារជាតិនៃកម្ពុជា​ទម្លាក់​អាត្រាការប្រាក់​ដែលខ្លួនផ្តល់ឱ្យធនាគារពាណិជ្ជ អាត្រាទាបនេះបាន​ត្រឹម​តែជះ​ឥទ្ធិពលដល់កម្ចីជាប្រាក់រៀលតែប៉ុណ្ណោះ តែមិនបាន​ជះឥទ្ធិពល​ធំដុំដល់កម្ចីជាប្រាក់ដុល្លារអាមេរិកទេ។

លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា

លោកស្រី ជា សិរី បានពន្យល់ តាមរយៈការសរសេរជាសំណួរចម្លើយពីប្រធានបទនេះដូចខាងក្រោម។

១. ហេតុអ្វីបានជាកម្ចីជាដុល្លារអាមេរិកនៅតែថ្លៃ បើធនាគារ​ជាតិនៃកម្ពុជាខំឱ្យធនាគារពាណិជ្ជខ្ចីក្នុងតម្លៃថោកហើយនោះ?

លោកស្រី ជា សិរី៖ អ្វីដែលធនាគារជាតិនៃកម្ពុជាឱ្យខ្ចី គឺប្រាក់រៀល។ ធនាគារជាតិ​នៃកម្ពុជា ជាអ្នកបោះពុម្ព និងចេញផ្សាយលុយរៀល។ ដូចនេះ ធនាគារជាតិនៃកម្ពុជាមានម្ចាស់ការទាំងស្រុងលើការគ្រប់គ្រងលុយរៀល។ កន្លងមក ចាប់តាំងពីធនាគារជាតិនៃកម្ពុជាបានឲកម្ចីជាប្រាក់រៀល នៅឆ្នាំ​២០១៦ [អត្រា] កម្ចីជាប្រាក់រៀលបានធ្លាក់ចុះពី ២៥,៦៣% ក្នុង១ឆ្នាំ មកនៅត្រឹម ១០,៦៩% ក្នុង១ឆ្នាំ (សូមបញ្ជាក់ថានេះជាអត្រា​មធ្យមភាគ)។ ប៉ុន្តែ នៅប្រទេសកម្ពុជាការឱ្យខ្ចី​ភាគច្រើនគឺធ្វើឡើងជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណ​ដែលធនាគារជាតិនៃកម្ពុជាមិនមានលទ្ធភាពគ្រប់គ្រងបានឡើយ។ ការគ្រប់គ្រងបរិមាណបោះពុម្ព និងចេញផ្សាយលុយ​ដុល្លារអាមេរិក ជាសិទ្ធផ្តាច់មុខរបស់ធនាគារ​កណ្តាល​អាមេរិក​តែមួយគត់។ កាលណាសេដ្ឋកិច្ចអាមេរិក ល្អ គេដំឡើង​អាត្រាការប្រាក់លុយគេ ដើម្បីកាត់បន្ថយ​ការឱ្យខ្ចីលឿន​ពេក​ក្នុងវិស័យឯកជនរបស់គេ ដូច្នេះអាត្រាការប្រាក់​លុយ​ដុល្លារ​អាមេរិកក៏ឡើងថ្លៃតាមហ្នឹងដែរ។ គេមិនដែលសួរថាកម្ពុជា​ត្រូវការឱ្យលុយដុល្លារអាមេរិកថោកឬថ្លៃទេ។ ហើយសេដ្ឋកិច្ច​កម្ពុជាល្អ ឬ មិនល្អ ក៏មិនមែនជារឿងរបស់គេដែរ។ គេត្រូវ​ខ្វល់ខ្វាយប្រជាជននិងសេដ្ឋកិច្ចគេមុន។ ដូច្នេះ អាត្រាកម្ចីជា​ដុល្លារអាមេរិកនៅកម្ពុជាមានកម្រិតខ្ពស់ឬទាប អាស្រ័យលើ​ស្ថានភាពនៅអាមេរិក មិនស្ថិតលើស្ថានភាពជាក់ស្តែង​នៅ​កម្ពុជាឡើយ។

២. បើដូច្នេះហើយ ហេតុដូចម្តេចបានជាអាត្រាការប្រាក់ដុល្លារ​អាមេរិកនៅកម្ពុជា មិនមានកម្រិតទាបដូចនៅអាមេរិកទៅ?

លោកស្រី ជា សិរី៖ បើយើងចាត់ទុកលុយជាទំនិញ ដូច្នេះយើងត្រូវគិតថាដូចទំនិញ​ដទៃដែរ មានអ្នកលក់ដុំ និង អ្នកលក់រាយ។ អ្នកលក់ដុំគឺ​ធនាគារ​កណ្តាលអាមេរិក។ គេលក់លើកទី ១ ឱ្យធនាគារពាណិជ្ជ​អាមេរិក ដែលទទួលទំនិញបានថោក រួចហើយធនាគារពាណិជ្ជ​នៅអាមេរិក លក់ទំនិញនោះតៗគ្នា ឱ្យធនាគារពាណិជ្ជធំៗ​ដទៃ​ទៀតក្នុងពិភពលោក ហើយម្នាក់ៗយកចំណេញតិចៗ រៀង​ខ្លួន​ទៅ ទម្រាំមកដល់អតិថិជនខ្មែរយើង កម្ចីជាដុល្លារអាមេរិក​ក៏ថ្លៃ​តាមហ្នឹងដែរ។

៣. ចុះហេតុអ្វីបានជានៅស្រុកខ្មែរយើង ការប្រាក់រៀល​នៅតែខ្ពស់ជាងដុល្លារអាមេរិក? បើធនាគារជាតិនៃ​កម្ពុជាខ្លួនឯង​ជាអ្នកលក់ដុំ?

លោក​ស្រី ជា សិរី៖ ជាថ្មីម្តងទៀត បើយើងចាត់ទុកលុយជាទំនិញ ហើយការប្រាក់​ប្រៀប​ដូចជាតម្លៃរបស់ទំនិញ នោះ ថ្លៃទំនិញថោក ឬថ្លៃអាស្រ័យលើការផ្គត់ផ្គង់និងតម្រូវការ។ បើអ្នកត្រូវការច្រើន ជាងអ្នកផ្គត់ផ្គង់ ទំនិញនោះឡើងថ្លៃ។ នៅកម្ពុជា មិនសូវមានអ្នកសន្សំប្រាក់រៀលទេ។ ក្នុងវិស័យធនាគារ សន្សំជាប្រាក់រៀលមានតែ ៦,៤% នៃប្រាក់សន្សំសរុប។ ដោយឡែក អ្នកដែលត្រូវការប្រាក់រៀលដើម្បីទូទាត់មានច្រើនជាង ដូចជាទូទាត់ឱ្យកសិករ ទូទាត់ឱ្យពលករសំណង់ បង់ពន្ធអាករឱ្យរដ្ឋជាដើម។ ដូច្នេះហើយធនាគារពាណិជ្ជត្រូវខំធ្វើយ៉ាងណាទាក់ទាញបញ្ញើជាប្រាក់រៀល ដោយផ្តល់អាត្រាការប្រាក់ខ្ពស់។ ហើយបើផ្តល់ការប្រាក់ឱ្យអ្នកផ្ញើខ្ពស់ហើយ គេក៏ត្រូវយកការប្រាក់កម្ចីខ្ពស់តាមហ្នឹងដែរ។

៤. ចុះហេតុដូចម្តេចបានជាធនាគារជាតិនៃកម្ពុជាមិនចេញផ្សាយប្រាក់រៀលឱ្យច្រើនទៅ ដើម្បីបង្រ្គប់តម្រូវការធនាគារពាណិជ្ជ?

លោកស្រី ជា សិរី៖ ធនាគារជាតិនៃកម្ពុជាបានធ្វើការងារនេះហើយ ដូចដែលបានលើកឡើងខាងលើ។ ប៉ុន្តែយើងមិនអាចចេញផ្សាយជាគំហុកតាមតែចង់បានទេ ព្រោះវាប៉ះពាល់ដល់អាត្រាប្តូរប្រាក់ (តម្លៃរបស់ប្រាក់រៀល)។ កាលណាលុយរៀលចេញច្រើនពេក លុយរៀលនឹងធ្លាក់ថោក ប៉ះផលប្រយោជន៍ប្រជាជននៅជនបទដែលភាគច្រើនចាយលុយរៀល ។ ដូច្នេះ ធនាគារជាតិនៃកម្ពុជាត្រូវថ្លឹងថ្លែងឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងសម្រេចបញ្ចេញលុយរៀលបន្ថែម ក្នុងកម្រិតមួយណានោះ។

៥. និយាយចុះនិយាយឡើង ចាយដុល្លារអាមេរិកស្រួលជាង។ ការប្រាក់កម្ចី ក៏ទាបជាង។

លោកស្រី ជា សិរី៖ តែមិនប្រាកដថាស្រួលរហូតទេ។ ការចាយវាយស្រួលនៅពេលដែលស្ថានភាពសេដ្ឋកិច្ចនៅល្អ ។ ប៉ុន្តែក្នុងករណីមានវិបត្តិ យើងមិនអាចគ្រប់គ្រងសេដ្ឋកិច្ចរបស់យើងបានទាំងស្រុងឡើយដូចបានលើកឡើងខាងលើ។ មានតែចាយវាយលុយយើងទេ ទើបអាចមានម្ចាស់ការគ្រប់គ្រងស្ថានភាពបាន។ ដូច្នេះ យើងត្រូវគិតគូរឱ្យវែងឆ្ងាយ ជាពិសេសនៅក្នុងស្ថានភាពមានវិបត្តិ ។

ការចូលរួមចាយប្រាក់រៀល មិនមែនគ្រាន់តែជាមោទនភាពជាតិទេ តែវាជាអាវុធមួយដើម្បីគ្រប់គ្រងសេដ្ឋកិច្ចជាតិ និងមានភាពម្ចាស់ការក្នុងគ្រាអាសន្ន។

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង