ដង្ហើមសេដ្ឋកិច្ចនៅទីក្រុងវូហាននឹងប្រសើរឡើង ដោយសារប្រជាជនអាចធ្វើចរាចរណ៍ឡើងវិញបាន

Bunthoeun Chhut 24/March/2020 18:22
ចែករំលែក

ចិន៖ ប្រជាជននៅទីក្រុង វូហាន ដែលជាតំបន់ផ្ទុះជម្ងឺ Covid-19 មុនគេ ត្រូវបានអាជ្ញាធរអនុញ្ញាតឲ្យធ្វើចរាចរណ៍ឡើងវិញ បន្ទាប់ពីបានរងបម្រាមធ្វើដំណើរជាងពីរខែរួចមក។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ិនហួ។

នេះជាសញ្ញាល្អមួយដែលឆ្លុះបញ្ចាំងថាបញ្ហាជម្ងឺ Covid-19 ត្រូវបានរដ្ឋាភិបាលចិនគ្រប់គ្រងបាន ហើយ​ដែលនឹងធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចនៅកន្លែងផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់ពិភពលោកមួយនេះ ត្រលប់ទៅរកដំណើរការល្អវិញនាពេលខាងមុខ។ សកម្មភាពសេដ្ឋកិច្ចនៅវូហានបានជាប់គាំងតាំងពីដើមឆ្នាំ ២០២០ មកដោយសារការរាលដាលនៃជម្ងឺ ។

យោងតាមសារព័ត៌មានចិន ស៊ិនហួ អាជ្ញាធរសុខាភិបាលចិន នៅថ្ងៃអង្គារទី ២៤ មីនានេះ បានសម្រេចដកចេញបម្រាមការធ្វើដំណើរនៅក្នុងទីក្រុង វូហាន និងខេត្ត ហឺប៊ី ប្រទេសចិន ដែលអនុញ្ញាតឲ្យប្រជាជនដែលមានសុខភាពល្អអាចធ្វើដំណើរបានចាប់ពីយប់ថ្ងៃអង្គារនេះទៅ ខណៈដែលក្រុងវូហានទាំងមូលនឹងត្រូវបានលើកលែងការរឹតបន្តឹងនេះចាប់ពីថ្ងៃទី ៨ ខែមេសា។

អាកាសយានដ្ឋាន ស្ថានីយ៍រថភ្លើង និងផ្លូវហាយវ៉េជាដើមនៅក្នុងទីក្រុងវូហាននឹងអាចមានសកម្មភាពមមាញឹកឡើងវិញ បន្ទាប់ពីត្រូវបានបិទចាប់តាំងពីថ្ងៃទី ២៣ ខែមករាដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគឆ្លងថ្មី។ សកម្មភាពអាជីវកម្មដូចជាផ្សារទំនើប ហាងលក់ទំនិញ ហាងលក់បន្លែ ផ្លែឈើស្រស់ និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃបានបើកដំណើរការឡើងវិញរួចហើយ។

ទីក្រុងវូហាន ដែលមានប្រជាជនជាង ១១ លាននាក់ គឺជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់របស់ចិន ដែលប្រមូលផ្តុំដោយសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ហិរញ្ញវត្ថុ ដឹកជញ្ជូន បច្ចេកវិទ្យាព័ត៌មាន និងការអប់រំ ជាដើម។

ឧស្សាហកម្មសំខាន់ៗរួមមានអេឡិចត្រូនិច ការផលិតរថយន្ត ផលិតកម្មដែក និងដែកថែប វិស័យឱសថសាស្រ្ត វិស្វកម្មជីវវិទ្យា និងឧស្សាហកម្មផ្គត់ផ្គង់វត្ថុធាតុដើម ។ ការជាប់គាំងសកម្មភាពសេដ្ឋកិច្ចនៅទីក្រុងវូហាន ជាងពីរខែមកនេះបានប៉ះពាល់យ៉ាងខ្លាំងដល់ខ្សែចង្វាក់ផលិតកម្មពិភពលោក រួមទាំងកម្ពុជា។

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង