ភ្នំពេញ៖ ក្រុមហ៊ុនអចលនទ្រព្យថ្មីមួយឈ្មោះថា Coldwell Banker Cambodia ដែលជាក្រុមហ៊ុនលំដាប់ពិភពលោកមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនឹងសម្ពោធដំណើរការជាផ្លូវការនៅកម្ពុជា នៅចុងឆមាសទីមួយឆ្នាំនេះ ដោយផ្តោតឯកទេសខាងអចលនទ្រព្យសម្រាប់ពាណិជ្ជកម្ម (Commercial Real Estate) ដូចជាអគារការិយាល័យ ផ្សារទំនើប និងហាងលក់រាយ។
ក្រុមហ៊ុន Coldwell Banker Cambodia បានចាប់ផ្តើមដំណើរការបឋមកាលពីខែមុន និងកំពុងមានប្រតិបត្តិការយ៉ាងរលូន។ នេះបើយោងតាមការបញ្ជាក់ពីតំណាងក្រុមហ៊ុន។
លោក កាង សុធី សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Coldwell Banker Cambodia បានលើកឡើងថា ការឈានចូលទីផ្សារអចលនទ្រព្យកម្ពុជាពីក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីលំដាប់ពិភពលោកនាពេលនេះ បានឆ្លុះបញ្ចាំងពីទំនុកចិត្តខ្ពស់របស់វិនិយោគិនបរទេសមកលើវិស័យអចលនទ្រព្យកម្ពុជា ដែលកំពុងមានការអភិវឌ្ឍយ៉ាងលឿនរហ័ស។
លោកថ្លែងថា៖«កម្ពុជាតែងទទួលបានកំណើនការវិនិយោគពីបរទេសជាលំដាប់ ដែលនាំឲ្យទីផ្សារអចលនទ្រព្យមានការអភិវឌ្ឍន៍កាន់តែខ្លាំងធ្វើឲ្យមានអគារខ្ពស់ៗ ផ្សារទំនើប និងផ្ទះប្រណិតលំដាប់ខ្ពស់ជាដើម។ ក្រុមហ៊ុន Coldwell Banker ជាក្រុមហ៊ុនផ្តោតលើការទិញលក់ អចលនទ្រព្យលំដាប់ខ្ពស់ដូចជា ហូតេល រីសត និងអគាធំៗ ហើយវិនិយោគិនបរទេសធំៗបានស្គាល់ឈ្មោះក្រុមហ៊ុននេះយ៉ាងច្បាស់ អ៊ីចឹងហើយក្រុមហ៊ុនយើងមានអតិថិជនក្នុងដៃស្រាប់ដែលអាចងាយស្រួលលក់អចលនទ្រព្យលំដាប់ខ្ពស់ទាំងនេះ»។

ក្រុមហ៊ុន Coldwell Banker Cambodia គឺជាក្រុមហ៊ុនទទួលសិទ្ធធ្វើអាជីវកម្មលើម៉ាកយីហោពីក្រុមហ៊ុនមេ Coldwell Banker Real Estate LLC ដែលមានប្រភពដើមពីសហរដ្ឋអាមេរិក។ Coldwell Banker ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ១៩០៦ ហើយមានប្រតិបត្តិការនៅ ៤៩ ប្រទេសលើពិភពលោក។ កម្ពុជា ជាប្រទេសទី ៤៥។
យោងតាមការស្រាវជ្រាវពីក្រុមហ៊ុន Z1 Data Co.,LTD ដែលជាក្រុមហ៊ុនឯកទេសខាងស្រាវជ្រាវ និងវិភាគទិន្នន័យអចលនទ្រព្យ ទំហំអគារអចលនទ្រព្យសម្រាប់វិស័យពាណិជ្ជកម្ម (Commercial Real Estate) នឹងបន្តកើនឡើងខ្លាំងនាពេលខាងមុខ ដោយបានរួមចំណែកដោយកំណើនទំហំអគារការិយាល័យ និង អគារផ្សារទំនើប។
ការសិក្សារបស់ក្រុមហ៊ុន Z1 Data បង្ហាញថាអគារផ្សារទំនើបនឹងកើនដល់ ៩៤ ម៉ឺនម៉ែត្រការ៉េ នៅឆ្នាំ ២០៣០ ខាងមុខ គឺកើនឡើងជាងបីដងពីជាង ២៥ម៉ឺនម៉ែត្រការ៉េកាលពីឆ្នាំ ២០១៨។ អគារការិយាល័យនឹងកើនពីរដងនៅឆ្នាំ ២០៣០ ខាងមុខ ពីទំហំ ៦០ ម៉ឺនម៉ែត្រការ៉េកាលពីឆ្នាំ ២០១៨ ដល់ជាង ១ លានម៉ែត្រការ៉េនៅឆ្នាំ ២០៣០។
គិតមកទល់ពេលនេះ ក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោករបស់អាមេរិកសុទ្ធសឹងមានវត្តមាននៅកម្ពុជា និងទទួលបានជោគជ័យលើឯកទេសផ្សេងៗគ្នា។ ក្រុមហ៊ុន Century 21 កំពុងប្រតិបត្តិការ ដោយផ្តោតលើសេវាអចលនទ្រព្យទូទៅ ក្រុមហ៊ុន ERA ផ្តោតលើទីផ្សារខុនដូ ខណៈក្រុមហ៊ុន Coldwell Banker ផ្តោតលើទីផ្សារអចលនទ្រព្យសម្រាប់ពាណិជ្ជកម្ម (Commercial Real Estate)។


