ភ្នំពេញ៖ ក្រុមហ៊ុន Z1 Data Co., LTD (Cambodia) ដែលជាក្រុមហ៊ុនឯកទេសខាងប្រើប្រាស់បញ្ញាសិប្បនិម្មិត Artificial Intelligence (AI) ដើម្បីស្រាវជ្រាវ និងវិភាគទិន្នន័យក្នុងវិស័យអចលនទ្រព្យនៅថ្ងៃពុធទី១១ ខែមីនាឆ្នាំ ២០២០ បានចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុន The DevMasters ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកដើម្បីសហការអភិវឌ្ឍន៍ប្រព័ន្ធផ្ទុកទិន្នន័យខ្នាតធំមួយសម្រាប់ពាណិជ្ជកម្មក្នុងវិស័យអចលនទ្រព្យ។
ក្រុមហ៊ុន The DevMasters គឺជាក្រុមហ៊ុនមានឯកទេសខាងប្រឹក្សា និងបណ្តុះបណ្តាលការប្រើប្រាស់បញ្ញាសិប្បនិម្មិត Artificial Intelligence (AI) ដើម្បីវិភាគទិន្នន័យ ដែលបានជួយក្រុមហ៊ុនជាច្រើនក្នុងការអភិវឌ្ឍន៍កម្មវិធីទិន្នន័យពាណិជ្ជកម្មឲ្យឆ្លើយតបនឹងតម្រូវការទីផ្សារជាក់ស្តែង។
អនុស្សារណៈយោគយល់នេះត្រូវបានចុះហត្ថលេខាដោយលោក ហ៊ឹម សីហា ដែលជាដៃគូ និងជានាយកក្រុមហ៊ុន Z1 Data Co., LTD (Cambodia) និងលោក Arshad Khan ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន The DevMasters។

លោក ហ៊ឹម សីហា ដៃគូ និងជានាយក ក្រុមហ៊ុន Z1 Data Co., LTD (Cambodia) បានលើកឡើងថា វិស័យអចលនទ្រព្យកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង ដោយមានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនបានបង្កើតគម្រោងលំនៅឋាន និង គម្រោងពាណិជ្ជកម្មដោយភាពសម្បូរបែប។ កត្តានេះតម្រូវឲ្យមានការអភិវឌ្ឍន៍ប្រព័ន្ធផ្ទុកទិន្នន័យដ៏ធំ និងមានគុណភាពមួយដើម្បីពង្រឹងទំនុកចិត្តវិនិយោគិន និងដើម្បីងាយស្រួលវិភាគពីនិន្នាការអភិវឌ្ឍន៍កន្លងមក និងការព្យាករសម្រាប់ថ្ងៃអនាគត។
លោកបន្តថា៖«បញ្ញាសិប្បនិម្មិត Artificial Intelligence (AI) ជួយពន្លឿនប្រតិបត្តិការវិស័យអចលនទ្រព្យតាមរយៈការកាត់បន្ថយពេលវេលាដែលតែងតែធ្វើដោយដៃកន្លងមក ហើយបញ្ញាសិប្បនិម្មិត ក៏បានជួយបង្កើនប្រសិទ្ធភាពសម្រាប់ដំណើរការទិញលក់ និង ប្រតិបត្តិការទីផ្សារអចលនទ្រព្យផងដែរ»។
លោក ហ៊ឹម សីហា បន្តថា កិច្ចសហការរវាងក្រុមហ៊ុន Z1 Data Co., LTD (Cambodia) និងក្រុមហ៊ុន The Dev Masters ពីអាមេរិកនេះគឺជាការវិវត្តន៍យ៉ាងសំខាន់សម្រាប់វិស័យអចលនទ្រព្យកម្ពុជា ដោយសារថាការអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាដើម្បីធ្វើការវិភាគ និងព្យាករទិន្នន័យអចលនទ្រព្យដោយប្រើប្រាស់ Artificial Intelligence (AI) នឹងរួមចំណែកបង្កើនទំនុកចិត្តដល់វិនិយោគិន និងលំហូរទុនវិនិយោគក្នុងវិស័យនេះ។
កម្មវិធីជាច្រើននៅក្នុងវិស័យអចលនទ្រព្យសុទ្ធសឹងតែអាចប្រើប្រាស់ បញ្ញាសិប្បនិម្មិត Artificial Intelligence (AI) ដើម្បីពង្រឹងប្រសិទ្ធភាព និង កាត់បន្ថយពេលវេលា ដែលកម្មវិធីទាំងនោះមានជាឧទាហរណ៍ដូចជា ការស្វែងរកតម្លៃបច្ចុប្បន្ន និង ការព្យាករណ៍ពីតម្លៃនាថ្ងៃខាងមុខ ការធ្វើស្វ័យប្រវត្តកម្មនៃឯកសារនានា ការព្យាករពីតម្លៃអចលនទ្រព្យនាពេលខាងមុខ និងមុខងារប្រើប្រាស់ជាច្រើនទៀត។

យោងតាមលោក ហ៊ឹម សីហា ការអភិវឌ្ឍន៍ប្រព័ន្ធទិន្នន័យដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត ដែលមានគុណភាព នឹងផ្តល់ប្រយោជន៍ដល់ប្រតិបត្តករក្នុងទីផ្សារអចលនទ្រព្យ ម្ចាស់ទ្រព្យ ភ្នាក់ងារទិញលក់ និង រដ្ឋាភិបាល។
ក្រុមហ៊ុន Z1 Data Co., LTD (Cambodia) គឺជាក្រុមហ៊ុនក្នុងស្រុកដែលបានអភិវឌ្ឍន៍ខ្លួនចេញពីនាយកដ្ឋានសិក្សាស្រាវជ្រាវរបស់ក្រុហ៊ុនអចលនទ្រព្យឈានមុខគេមួយនៅកម្ពុជាគឺក្រុមហ៊ុន VTrust Appraisal Co., Ltd.។









