ផ្សារទំនើប The Westminster Arcade ដែលជាផ្សារទំនើបដំបូងគេនៅអាមេរិក និងជាមជ្ឈមណ្ឌលទិញទំនិញប្រវត្តិសាស្រ្តមួយនៅទីក្រុង Providence កោះ Rhode Island ត្រូវបានកែទម្រង់ទៅជាបន្ទប់ស្នាក់នៅតម្លៃសមរម្យវិញ បន្ទាប់ពីប្រតិបត្តិការផ្សារបានធ្លាក់ចុះនៅចុងសតវត្សទី២០។
ផ្សារទំនើបនេះត្រូវបានសាងសង់ឡើងនៅឆ្នាំ ១៨២៨ ហើយមានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងនាមជាផ្សារទំនើបដំបូងគេនៅសហរដ្ឋអាមេរិក។

បន្ទាប់ពីអាជីវកម្មចាប់ផ្តើមថមថយ អគារផ្សារទំនើបនេះ ត្រូវបានជួសជុលកែលម្អរជាច្រើនដង ហើយថ្មីៗនេះអគារនេះក៏ត្រូវបានកែឆ្នៃទៅជាអគារសម្រាប់ប្រើប្រាស់ចម្រុះ ដូចជា អគារស្នាក់នៅនិងពាណិជ្ជកម្ម។
ឥលូវ ផ្ទៃពីរជាន់នៃអគារនេះបានក្លាយជាបន្ទប់អាផាតមិន ខ្នាតតូចចំនួន ៤៨ បន្ទប់គឺនៅជាន់ខាងលើផុត ខណៈជាន់ទីមួយជាការលក់រាយ អាជីវកម្មខ្នាតតូចរួមមានភោជនីយដ្ឋាន អាហារក្នុងស្រុក ដែលមានសេវាកម្មពេញលេញហាងកាហ្វេ / whiskey bar ហាងអាហារធម្មតានិង ហាងលក់រាយរបស់ប្លែកៗជាច្រើន។
បន្ទប់អាផាតមិនខ្នាតតូចមានទំហំចន្លោះពី ២២៥ (២0ម៉ែត្រការ៉េ) ដល់ ២៧៥ ហ្វីតការ៉េ (២៥ ម៉ែត្រការ៉េ) ដែលទំហំនេះប្រហាក់ប្រហែលនឹងចំណតឡានមួយដែលទំហំជាទូទៅមានទំហំ ២០០ ហ្វីតការ៉េ។

អ្នករស់នៅទីនេះ ភាគច្រើនជាអ្នកទើបចាប់ផ្តើមចេញធ្វើការ ហើយរស់នៅម្នាក់ឯងដោយមិនមានរបស់របរច្រើន ដូច្នេះពួកគេមិនមានបញ្ហាក្នុងការរស់នៅក្នុងតំបន់ចង្អៀតបែបនេះទេ។
បន្ទប់អាផាតមិនខ្នាតតូចនេះបានទទួលជោគជ័យដោយមានអ្នករស់នៅពេញៗ ហើយមានអ្នកចុះឈ្មោះចាំជួលនៅជាច្រើនទៀតកំពុងរង់ចំា៕
ប្រភព៖ សារព័ត៌មានបរទេស

