ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចេញសេចក្តីជូនដំណឹងមួយក្រើនរំឮកដល់អ្នកមានបំណងទិញដីឡូត៍ ផ្ទះ ឬខុនដូ ឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះការទិញអចលនទ្រព្យទាំងនេះពីក្រុមផ្សព្វផ្សាយតាមបណ្តាញសង្គមមួយចំនួន ដោយលើកឡើងថាបានលក់គម្រោងដែលមិនមានអាជ្ញាបណ្ណត្រឹមត្រូវ។
ក្រសួងសេដ្ឋកិច្ចក៏បានណែនាំឲ្យអ្នកទិញត្រួតពិនិត្យលើលក្ខ័ណ្ឌមួយចំនួនពីអ្នកលក់ ដើម្បីកាត់បន្ថយហានិភ័យ ដោយសារថា ការកើនឡើងនៃទីផ្សារអចលនទ្រព្យ ក៏កំពុងបង្កើតឱកាសឲ្យមានការកេងបន្លំ ឬ ឆបោកផងដែរ។
សូមទស្សនាវីឌីអូពន្យល់ពីអ្នកជំនាញពីវិធីបញ្ចៀសហានិភ័យពេលទិញអចលនទ្រព្យ
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចដែលបានចេញផ្សាយនៅថ្ងៃសុក្រនេះ បានបញ្ជាក់ថា មុននឹងឈានដល់ទិញការលំនៅឋាន ឬដីឡូត៍ សាធារណៈជនទាំងអស់គួរតែយល់ដឹងនូវព័ត៌មានសំខាន់ៗមួយចំនួនដូចជា៖ សម្រាប់ការទិញដីឡូត៍៖
១ – ពិនិត្យឈ្មោះម្ចាស់អចលនទ្រព្យក្នុងវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនទ្រព្យ (ជារបស់អ្នកអភិវឌ្ឍគម្រោងពុះដីឡូត៍ ឬជារបស់អ្នកផ្សេង)
២ – វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនទ្រព្យនោះមានជាប់បន្ទុកឬអត់។
៣ – លិខិតអនុញ្ញាតអភិវឌ្ឍដី ដែលចេញដោយអជ្ញាធរ ឬ អង្គភាពមានសមត្ថកិច្ច
៤ – ឯកសារបង់ពន្ធអចលនវត្ថុ
៥ – ប័ណ្ណបំបែកក្បាលដី
៦ – ខ្លឹមសារលំអិតនៃកិច្ចសន្យាទិញលក់
សម្រាប់ការទិញលក់លំនៅឋាន
១ – លិខិតអនុញ្ញាតសាងសង់ (ចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឬ សាលារាជធានី-ខេត្ត)
២ – វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនទ្រព្យ (មានជាប់បន្ទុកឬអត់)
៣ – អាជ្ញាបណ្ណអភិវឌ្ឍលំនៅឋាន (ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)
៤ – ឯកសារបង់ពន្ធអចលនទ្រព្យ
៥ – បណ្ណបំបែកក្បាលដី
៦ – ខ្លឹមសារលម្អិតនៃកិច្ចសន្យាលក់-ទិញ។

