បាងកក៖ ទីផ្សារលំនៅឋាននៅថៃនឹងមានសន្ទុះយឺតជាងឆ្នាំមុនៗបន្តិចនៅឆ្នាំ២០២០នេះ ដោយមានអត្រាកំណើនត្រឹមតែ ៣ ទៅ ៥ ភាគរយប៉ុណ្ណោះ ខណៈដែលឆ្នាំមុនៗមានកំណើនដល់ទៅ ៥ ទៅ ៧ ភាគរយ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់កាសែតថៃ បាងកកប៉ុស្តិ៍។
កំណើនទាបនេះ គឺដោយសារការថមថយកំណើនសេដ្ឋកិច្ច និងដោយសារផលប៉ះពាល់ពីការរីករាលដាលនៃមេរោគឆ្លងថ្មី Covid-19 ។ នេះបើយោងតាមមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) របស់ថៃ។
លោក Vichai Viratkapan អគ្គនាយកស្តីទីរបស់ REIC បានមានប្រសាសន៍ថាការផ្ទុះឡើងនៃមេរោគនេះគឺជាការគំរាមកំហែងថ្មីមួយដែលនឹងជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចក្នុងស្រុក និងសេដ្ឋកិច្ចពិភពលោក។
លោកលើកឡើងថា៖«បើទោះបីជាមានការលើកទឹកចិត្តនិងការផ្តល់អត្រាការប្រាក់ទាបក៏ដោយ ទីផ្សារនូវតែមិនអំណោយផលដោយសារតែផលប៉ះពាល់នៃប្រព័ន្ធសេដ្ឋកិច្ច»។
កាលពីសប្តាហ៍មុនក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមបានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ឆ្នាំ ២០២០ មកត្រឹម ១,៥ ភាគរយ ទៅ ២.៥ ភាគរយ ដែលទាបជាងការព្យាករណ៍កាលពីខែវិច្ឋិការថាមានចន្លោះពី ២,៧ ភាគរយ ទៅ ៣,៧ភាគរយ។
លោក Vichai បាននិយាយថាមូលហេតុសំខាន់ដែលធ្វើឲ្យមាន ការកែប្រែនេះគឺការធ្លាក់ចុះនៃអ្នកទិញជាជនជាតិចិន។
លោក Somprawin Manprasert ប្រធានសេដ្ឋវិទូផ្នែកស្រាវជ្រាវនិងជាអនុប្រធានប្រតិបត្តិនៅធនាគារ Bank of Ayudhya បានមានប្រសាសន៍ថាបញ្ហាធំមួយដែលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច គឺការផ្ទុះឡើងនៃមេរោគឆ្លង Covid-19ថ្មី ដែលនឹងធ្វើឲ្យធ្លាក់ចុះផលិតផលក្នុងស្រុកសរុប ០,៤ភាគរយតាមរយៈការខាតបង់ចំណូលពីទេសចរណ៍។ ការផ្ទុះឡើងនៃជំងឺនេះ បានជះឥទ្ធិពលដល់ចង្វាក់ផ្គត់ផ្គង់សកលពីព្រោះវត្ថុធាតុដើមជាច្រើនមិនអាចនាំចេញពីប្រទេសចិនបានទេ។ យ៉ាងណាក៏ដោយ លោក Somprawin បានថ្លែងថាស្ថានភាពវិជ្ជមាននៃទីផ្សារអចលនទ្រព្យអាចនឹងវិលត្រឡប់មកវិញនៅឆមាសទី ២។
ស្ថានភាពវិជ្ជមាននៃទីផ្សារអចលនទ្រព្យអាចនឹងវិលត្រឡប់មកវិញនៅឆមាសទី ២។
លោក Somprawin
លោកបញ្ជាក់ថា៖«ការផ្ទុះឡើងនៃមេរោគនេះមិនគួរឱ្យភ័យខ្លាចពេកទេ ពីព្រោះអត្រាមរណភាពមានកម្រិតទាបគឺមានត្រឹមតែ២ភាគរយប៉ុណ្ណោះ»។ លោកបន្តថា៖«ជំងឺនេះនឹងឡើងដល់កំរិតខ្ពស់បំផុតនៅខែមីនា ឬមេសាជាមួយនឹងការឆ្លងប្រហែល ២០.០០០ករណី ក្នុងមួយសប្តាហ៍។ ចំនួនករណីឆ្លងនឹងមានស្ថេរភាពនៅខែឧសភា ហើយនឹងមានកម្រិតទាបវិញបន្ទាប់ពីនោះមក»៕
ប្រែសម្រួលពីបាងកកប៉ុស្តិ៍