ក្រុមហ៊ុនអចលនទ្រព្យឈានមុខមួយបន្ថែមសេវាកម្មដើម្បីត្រៀមខ្លួនទល់នឹងកំណើនការទិញផ្ទះ

Bunthoeun Chhut 25/February/2020 19:26
ចែករំលែក

ភ្នំពេញ៖ សកម្មភាពទិញលក់ផ្ទះនឹងកើនឡើងខ្លាំងនៅឆ្នាំ ២០២០ នេះបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានសម្រេចលើកលែងពន្ធប្រថាប់ត្រា រយៈពេល១ឆ្នាំដល់អ្នកទិញផ្ទះដែលមានតម្លៃក្រោម៧ម៉ឺនដុល្លារ។ នេះបើយោងតាមការបញ្ជាក់ពីតំណាងក្រុមហ៊ុនអចលនទ្រព្យធំមួយនៅកម្ពុជា។

ការវិវត្តន៍នេះនឹងរួមចំណែកធ្វើឲ្យវិស័យអចលនៈទ្រព្យកម្ពុជាកាន់តែប្រសើរឡើងនៅឆ្នាំនេះ ហើយបានជំរុញឲ្យក្រុមហ៊ុន Century 21 Advanced Property សម្រេចពង្រីកសេវាកម្មអចលនទ្រព្យដល់អ្នកទិញ អ្នកលក់នៅកម្ពុជាបន្ថែមទៀតសម្រាប់ត្រៀមខ្លួនផ្តល់សេវាដែលនឹងមានការកើនឡើង។

អ្នកស្រី ចន្ទី ទិវា នាយិកាប្រតិបត្តិ ក្រុមហ៊ុន Century 21 Advanced Property បានប្រាប់ Z1 News ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាជាមួយតំណាងក្រុមហ៊ុន Century 21 Cambodia ថា ការសម្រេចរបស់រដ្ឋាភិបាលក្នុងការលើកលែងពន្ធប្រថាប់ត្រា រយៈពេលមួយឆ្នាំនឹងសម្រាលបន្ទុកដល់អ្នកមានបំណងទិញផ្ទះ ហើយបង្កភាពងាយស្រួលជាងមុន ដែលនឹងជំរុញដល់អ្នកទិញផ្ទះដំបូងធ្វើការសម្រេចចិត្ត។

អ្នកស្រីថ្លែងថា៖​«នេះជាការវិវត្តន៍វិជ្ជមាន និងល្អមែនទែនសម្រាប់បងប្អូនដែលមានជីវភាពមធ្យមក្នុងការចាប់ផ្តើមទិញផ្ទះ ព្រោះបន្ទុកពន្ធប្រថាប់ត្រាលែងមាន ដែលធ្វើឲ្យពួកគាត់កាត់បន្ថយការចំណាយបានមួយកម្រិត»។ អ្នកស្រី ទិវា បញ្ជាក់ថា កាលពីមុនដែលអ្នកទិញត្រូវមានកតព្វកិច្ចលើពន្ធប្រថាប់ត្រា ពួកគាត់អាចនឹងរារែក ដោយសារមានបន្ទុកចំណាយលើថ្លៃផ្ទះផង និងបន្ទុកពន្ធផង។ អ្នកស្រីបន្តថា៖«នេះជាឱកាសល្អសម្រាប់អ្នកទិញ អ្នកលក់ ក៏ដូចជាក្រុមហ៊ុនអចលនៈទ្រព្យ ហើយខ្ញុំជឿជាក់ថាចំនួននៃការទិញ-លក់ផ្ទះតម្លៃក្រោម ៧ ម៉ឺននឹងកាន់តែមានច្រើនឡើង»។​

តំណាងក្រុមហ៊ុន Century 21 Advanced Property និងតំណាងក្រុមហ៊ុន Century 21 Cambodia ក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពីការពង្រីកសេវាកម្ម

យោងតាមអ្នកស្រី ទិវា ក្រុមហ៊ុន Century 21 Advanced Property ដែលជាផ្នែកមួយនៃក្រុមហ៊ុន Century 21 Cambodia គឺជាក្រុមហ៊ុនផ្តល់សេវាអចលនៈទ្រព្យជាកញ្ចប់ដល់អតិថិជនដូចជាការផ្តល់យោបល់ក្នុងការរៀបចំអចលនទ្រព្យដើម្បីដាក់លក់ឆាប់ដាច់ ការជួយរៀបចំឯកសារផ្លូវច្បាប់ដោយមានមេធាវីជំនាញ និងការសម្របសម្រួលដើម្បីបានទទួលសេវាហិរញ្ញវត្ថុ ឬ ឥណទានគេហដ្ឋានសម្រាប់អតិថិជន។

អ្នកស្រីថ្លែងថា៖« Century 21 គឺជានិម្មិតសញ្ញាក្រុមហ៊ុនអចលនទ្រព្យដែលល្បីទូទាំងពិភពលោកដែលមានប្រតិបត្តិការនៅ ៨៣ ប្រទេស និងជានិម្មិតសញ្ញាតំណាងក្រុមភ្នាក់ងារដែលបម្រើសេវាកម្មចេញពីបេះដូងដល់អ្នកទិញ និងអ្នកលក់អចលនទ្រព្យ»។

អ្នកស្រី ចន្ទី ទិវា (ឆ្វេង) នាយិកាប្រតិបត្តិ ក្រុមហ៊ុន Century 21 Advanced Property ថតរួបអនុស្សាវរីយ៍ជាមួយលោកស្រី ហ្គ្រែស រចនីហ្វុង អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia

យោងតាមការពន្យល់ពីច្បាប់ និងបទប្បញ្ញាត្តិ របស់អគ្គនាយកដ្ឋានពន្ធដារ ពន្ធប្រថាប់ត្រាត្រូវកំណត់តាមអត្រា ៤ភាគរយ ចំពោះការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ ឬ ការការផ្ទេរសិទ្ធិកាន់កាប់ដីដែលគ្មានសំណង់ក្រោមរូបភាពជាការលក់ ការដោះដូរ ការទទួលអំណោយ ការដាក់ភាគទុនក្រុមហ៊ុន។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០  បានសម្រេចលើកលែងពន្ធប្រថាប់ត្រា ចំពោះផ្ទះដែលមានតម្លៃ៧ម៉ឺនដុល្លារចុះក្រោម រយៈពេល១ឆ្នាំ គឺចាប់ពីខែកុម្ភៈឆ្នាំ ២០២០ ដល់ខែមករាឆ្នាំ ២០២១។ ការសម្រេចនេះគឺសម្រាប់ការទិញផ្ទះពីក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដែលចុះបញ្ជីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង មន្ទីសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

មិនត្រឹមតែប៉ុណ្ណោះ សម្តេចនាយករដ្ឋមន្រ្តី ក៏បានស្នើដល់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានទាំងអស់ ពិនិត្យលទ្ធភាព ក្នុងការបញ្ចុះតម្លៃជូនប្រជាពលរដ្ឋ ដែលមានតម្រូវការផ្ទះជាចាំបាច់ ខណៈដែលរាជរដ្ឋាភិបាល។​

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង