ខុនដូមិនមានអ្នកជួលកើនដល់ជាង ១០ ម៉ឺនយូនីត ហើយនឹងបន្តកើនឡើងទៀត

Bunthoeun Chhut 25/February/2020 11:18
ចែករំលែក

បាងកកប៉ុស្តិ៍

បាងកក​៖ ទីផ្សារខុនដូនៅទីក្រុងបាងកកដែលជាទីពេញនិយមសម្រាប់វិនិយោគិនជនជាតិចិន កំពុងប្រឈមនឹងស្ថានភាពកាន់តែលំបាក ដោយសារការរាលដាលមេរោគឆ្លងថ្មី Covid-19 ហើយបានធ្វើឲ្យអ្នកទិញងាកចេញពីទីផ្សារនេះ។

អ្នកទិញជាជនបរទេសអាចមានត្រឹមតែ ១០ ភាគរយប៉ុណ្ណោះនៃការទិញនៅឆ្នាំ ២០២០ ពោលគឺធ្លាក់ចុះជាងកាលពី ២ ឆ្នាំមុនដែលធ្លាប់មានដល់ទៅ ១ ភាគ ៥ (ឬ ២០ ភាគរយ)។ នេះបើយោងតាមស្ថាប័នពិគ្រោះយោបល់ផ្នែកអចលនៈទ្រព្យ Agency for Real Estate Affairs 

អ្នកទិញដែលជាជនជាតិចិនធ្លាប់ជាចំណែកដ៏ធំនៃចំនួនអ្នកទិញខុនដូជាជនបរទេស ប៉ុន្តែឥឡូវបានធ្លាក់ចុះ ដោយសារការទប់ស្កាត់ការធ្វើដំណើរនិងការប៉ះពាល់នៃសេដ្ឋកិច្ចចិនដែលបង្កឡើងដោយជំងឺ Covid-19។

លោក Sopon Pornchokchai ប្រធានអ្នកពិគ្រោះយោបល់បានមានប្រសាសន៍ថា៖ «តម្រូវការពីជនបរទេសអាចនឹងមិនមានទេនៅឆមាសទី ១ បន្ទាប់ពីការផ្ទុះឡើងនូវជំងឺ»។ លោកបន្តថា មានខុនដូ ទំនេរមិនមានអ្នកជួលដល់ទៅ ១០ ម៉ឺនយូនីតនៅបាងកក ។ លោកបន្តថា៖«យើងត្រូវពឹងលើអ្នកទិញក្នុងស្រុក តែវាមិនងាយស្រួលទេ»។

ធនាគារកណ្តាលថៃ Bank of Thailand បានបន្ធូរបន្ថយនីតិវិធីផ្តល់ប្រាក់កម្ចី-បញ្ចាំ ដើម្បីលើកទឹកចិត្តដល់អ្នកទិញក្នុងស្រុក ប៉ុន្តែអ្នកអភិវឌ្ឍន៍នៅតែប្រយ័ត្នប្រយែង។ ជាក់ស្តែង លោក​ Naporn Sunthornchitcharoen នាយកប្រតិបត្តិក្រុមហ៊ុន Land & Houses Plc កាលពីខែមុនបាននិយាយថាក្រុមហ៊ុននេះពិតជាខ្លាចផ្នែកទីផ្សារខុនដូ។

ប្រធានទំនាក់ទំនងវិនិយោគិនលោក Maysenee Ratnavijarn មានប្រសាសន៍ថា ក្រុមហ៊ុនអភិវឌ្ឍន៍អចលនៈទ្រព្យ Land & House  មិនមានគម្រោងបើកគម្រោងខុនដូថ្មីនៅឆ្នាំនេះទេ។ ក្រុមហ៊ុនអភិវឌ្ឍន៍មួយផ្សេងទៀតគឺក្រុមហ៊ុន Singha Estate Plc មានការប្រុងប្រយ័ត្នខ្ពស់ក្នុងការទិញដីសម្រាប់ការផ្តល់លំនៅដ្ឋានដោយសារតែមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់លើសតម្រូវការនៅទីតាំងជាក់លាក់”។

លោក​ Phattarachai Taweewong​​ នាយករងនៃក្រុមហ៊ុនថៃ Colliers International Group បានឲ្យដឹងថាក្រុមហ៊ុនអភិវឌ្ឍន៍នេះនឹងដាក់លក់ ខុនដូថ្មីចំនួន ៦.០០០ យូនីតនៅនៅត្រីមាសទី ១ ឆ្នាំ ២០២០ នេះ គឺធ្លាក់ចុះ ៤០ ភាគរយបើប្រៀបធៀបទៅនឹងត្រីមាសទី១ដូចគ្នាកាលពីឆ្នាំមុន។

លោក Phattarachai បានមានប្រសាសន៍ថា៖ «វាជាស្ថានភាពលំបាកនៅឆ្នាំ ២០២០ ។ សង្ឃឹមថាទីផ្សារអាចវិលត្រឡប់ទៅរកលំនឹងទីផ្សារដែលការផ្គត់ផ្គង់និងតម្រូវការមានតុល្យភាពឡើងវិញនៅបីឆ្នាំខាងមុខ»៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង