ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានផ្តល់សិទ្ធវិនិយោគដល់គម្រោងស្នើរសុំបង្កើតរោងចក្រផលិតកម្មចំនួន ៨ កាលពីខែមករា ឆ្នាំ ២០២០នេះ ដែលមានទុនវិនិយោគសរុបចំនួនជិត ៣៩ លានដុល្លារ ហើយអាចបង្កើតការងារថ្មីចំនួន ៥ ៧៨៨ នាក់។
ក្នុងចំណោមទីតាំងស្នើរសុំវិនិយោគរបស់គម្រោងទាំង ៨ ខេត្តកំពង់ស្ពឺគឺជាទីតាំងទាក់ទាញមួយសម្រាប់វិនិយោគិនដោយសារក្នុងចំណោមគម្រោងវិនិយោគទាំង ៨ ទីតាំងរោងចក្រដែលទទួលបានសិទ្ធពីរដ្ឋាភិបាលចំនួន ៣ នឹងដាក់ផលិតកម្មនៅខេត្តកំពង់ស្ពឺ ខណៈគម្រោងផ្សេងទៀតស្ទើរទាំងអស់ដាក់ទីតាំងនៅជាយរាជធានីភ្នំពេញ ឬ ខេត្តកណ្តាល។ យោងតាមសេចក្តីជូនដំណឹងរបស់ CDC ដែលចេញផ្សាយតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន គម្រោងវិនិយោគទាំង ៨ ភាគច្រើនមានផលិតកម្មក្នុងវិស័យសម្លៀកបំពាក់ និង កាត់ដេរ។ សូមមើលព័ត៌មានពីគម្រោងទាំង៨ ដែលទទួលបានសិទ្ធវិនិយោគពី CDC កាលពីខែមករា។
1 – ក្រុមហ៊ុន “K.Y ODYSSEY GARMENT CO.,LTD.” វិនិយោគលើគម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់មានទីតាំងវិនិយោគស្ថិតនៅភូមិត្រាវ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១០,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៧៩៧កន្លែង។
2 – រោងចក្រកាត់ដេរសម្លៀកបំពាក់របស់ក្រុមហ៊ុន “KING LIAN (CAMBODIA) GARMENT FACTORY CO.,LTD.” មានទីតាំងនៅភូមិបុស្សតា ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.២២៥កន្លែង។
3 – ក្រុមហ៊ុន “KANGTAIXIANG TEXTILE CO., LTD មានទីតាំងវិនិយោគស្ថិតនៅភូមិស្លែង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៥០កន្លែង។

4 – គម្រោងរោងចក្រកាត់ដេរសម្លៀកបំពាក់ និងបោកគក់ SUN AWESOME GARMENT CO., LTD មានទីតាំងនៅភូមិកប្បាស ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ៦,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦១០នាក់។
5 – រោងចក្រផលិតកាបូបគ្រប់ប្រភេទ FAMOUS LEATHERWARE (CAMBODIA) CO., LTD. មានទីតាំងវិនិយោគស្ថិតនៅដីទ្បូតិ៍លេខ១៥២៩ (អគារលេខ៧ និងលេខ៨) ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ៥,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣១៤នាក់។
6 – រោងចក្រត្បាញខ្សែបន្ទះ ខ្សែយឺត និងអំបោះដេរ XIN HAK MUY MAKE CLOTHES ASSIST MATERIAL CO., LTD. មានទីតាំងវិនិយោគស្ថិតនៅផ្លូវលេខ២៧១ ភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ២,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៣២នាក់។
7 – រោងចក្រផលិតកាបូប និងថង់យួរគ្រប់ប្រភេទ KIMBAO BAG INDUSTRY CO., LTD មានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ២,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៣៤នាក់។
8 – រោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់របស់ក្រុមហ៊ុន “KNITERACY ASIA COMPANY LIMITED មានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០២៦កន្លែង។