ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងបើកការដ្ឋានសាងសង់ធ្វើឲ្យប្រសើរឡើងផ្លូវជាតិពីរខ្សែគឺផ្លូវជាតិលេខ ២ និងលេខ ២២ នាថ្ងៃទី ១១ កុម្ភៈឆ្នាំ២០២០ខាងមុខ ដែលនឹងធ្វើឲ្យការតភ្ជាប់ខេត្តតាកែវ និងភ្នំពេញកាន់តែល្អឡើងសម្រាប់ចរាចរណ៍មនុស្ស និងទំនិញ។
ផ្លូវទាំងពីរខ្សែនេះជាផ្លូវសេដ្ឋកិច្ច និងទេសចរដ៏សំខាន់សម្រាប់កម្ពុជា ដោយសារងាយស្រួលតភ្ជាប់បន្តទៅព្រំដែនកម្ពុជា-វៀតណាមសម្រាប់ចរាចរណ៍ទំនិញ ឬភ្ជាប់បន្តទៅខេត្តជាប់សមុទ្រគឺខេត្តកំពតដែលកំពុងមានភាពសកម្មទាំងវិស័យពាណិជ្ជកម្ម និងទេសចរ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវជាតិទាំងពីរនេះបូកបញ្ចូលគ្នាមានប្រវែងជាង ៧០ គីឡូម៉ែត្រដែលក្នុងនោះផ្លូវជាតិលេខ ២ មានប្រវែងសរុបចំនួន៦២,៥៦គីឡូម៉ែត្រ គិតចាប់ពីរង្វង់មូលតាខ្មៅ-អូរចំបក់ ដល់រង្វង់មូលក្រុងដូនកែវខេត្តតាកែវ ខណៈផ្លូវជាតិលេខ ២២ មានប្រវែងសរុបចំនួន ៩,៦១ គីឡូម៉ែត្រចាប់គិតពីរង្វង់មូលក្រុងដូនកែវ ដល់អង្គតាសោម (ផ្លូវជាតិលេខ ៣)។
គម្រោងសាងសង់ជួសជុលធ្វើឲ្យប្រសើរឡើងផ្លូវជាតិទាំងពីរខ្សែនេះនឹងត្រូវសាងសង់ដោយក្រុមហ៊ុន Hanshin Engineering & Construction Co., Ltd ក្រោមក្របខណ្ឌកម្ចីពីសាធារណរដ្ឋកូរ៉េ។


