សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ដាក់ចេញអាទិភាព​ ៣​ សម្រាប់ឆ្នាំ ២០២០

Bunthoeun Chhut 30/January/2020 18:34
ចែករំលែក

ភ្នំពេញ៖ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) នៅ​រសៀលថ្ងៃព្រហស្បតិ៍​ទី ៣០ ខែ​មករា​ឆ្នាំ ២០២០ ​​បាន​រៀប​ចំ​សន្និបាត​បូក​សរុប​លទ្ធផល​ការ​ងារ​ឆ្នាំ ២០១៩ និងលើកផែន​ការ​សកម្ម​ភាព​​​ឆ្នាំ ២០២០ ក្នុង​គោល​ដៅ​បង្ហាញ​ពី​​​លទ្ធ​ផល​សម្រេច​បាន​​​​​កាល​ពី​ឆ្នាំមុន និង​​​ផែន​ការ​យុទ្ធ​សា​ស្រ្ត​​​ឆ្នាំ​ថ្មី​​។

សន្និបាត​ប្រ​ចាំ​ឆ្នាំ​ដែល​​ធ្វើ​ឡើង​នៅ​ សណ្ឋា​គារ​កាំ​បូ​ឌី​យ៉ា​ណា បាន​ចូល​រួម​​​ចែក​រំ​លែក​មតិ​​យោបល់​ពី​​​លោក​ប្រ​ធាន​សមាគម​ ច្រឹក សុខនីម លោក សួស​ ចិន្តា​ ដែល​ជា​អគ្គលេខា លោក​ឧកញ៉ា ចេង ខេង​ ដែល​ជា​ប្រ​ធាន​ក្រុម​ប្រឹក្សា​ភិបាល​ និងមានការ​​​ចូល​រួម​ពី​​អ្នក​ជំ​នាញ​ និង​អ្នក​ប្រ​កប​របរ​ពាក់​ព័ន្ធ​នឹង​វិ​ស័យ​អចលន​ទ្រព្យជា​ច្រើន​រូប។

លោក​ ច្រឹក សុខនីម ប្រ​ធាន​ CVEA ​​បាន​បញ្ជាក់​ថា ដំ​ណើរ​ការ​សមាគម​បាន​ទទួល​ការរីក​ចម្រើន​យ៉ាង​ល្អ​​​កាល​ពី​ឆ្នាំ​ ២០១៩ ដោយ​សមាគម​បាន​រៀប​ចំ​​វគ្គ​បណ្តុះ​បណ្តាល​កម្រិត​ជាតិ​ និង​អន្តរជាតិ​ជា​ច្រើន​ក្នុង​គោល​ដៅ​លើក​កម្ពស់​សមត្ថភាពរបស់​​​សមាជិកសមាគម​។ មិន​ត្រឹម​តែប៉ុណ្ណោះ​ CVEA ក៏​បាន​ពង្រីក​កិច្ច​សហ​ប្រ​តិបត្តិ​ការ​កាន់​តែល្អឡើង​ទៅ​ក្រៅ​ប្រ​ទេស ហើយ​បាន​ដឹក​នាំ​សមាជិក​​ចូល​រួម​​កិច្ច​ប្រ​ជុំ​កម្រិត​អន្តរជាតិ​ជា​ច្រើន​ទាំ​ង​ក្នុង​តំ​បន់​ និង​ពិភព​លោក​​។

លោក​បន្ត​ថា​៖​«​រាល់​សកម្មភាព​របស់​យើង​សុទ្ធ​សឹង​ឆ្លើយ​តប​នឹង​យុទ្ធសាស្រ្ត​ជា​អទិ​ភាពបី​គឺ​ ការ​ធានា​ឲ្យ​មាន​ដំ​ណោះ​ស្រាយ​ជាអទិភាព​ចំ​ពោះ​ការ​លើក​កម្ពស់​ការ​អភិវឌ្ឍ​របស់​សមាជិក ការ​បង្កើន​​ភាព​ងាយ​ស្រួល​ និង​គុណ​តម្លៃ​សម្រាប់​ការ​ចូល​រួម​របស់​សមាជិក​ភាព និង​​ការ​ពង្រីក​វប្បធម៌​នៃការ​ឲ្យ​តម្លៃការងារ​ជា​ក្រុម​ប្រ​កប​ដោយ​សម​ធម៌»។

លោក ច្រឹក សុខនីម កំ​ពុង​ផ្តល់​បទសម្ភាសន៍​ដល់​ក្រុម​អ្នក​សារព័ត៌មាន

កាល​ពី​ឆ្នាំ ២០១៩ CVEA បាន​រៀប​ចំ​​វគ្គ​បណ្តុះ​បណ្តាល​កម្រិត​ជាតិដែល​មាន​​​​សិក្ខ​កាមចូល​រួម​​ចំ​នួន ១ ១៩៨ នាក់​ ​វគ្គ​បណ្តុះ​បណ្តាល​កម្រិតអន្តរជាតិ​ដល់​អ្នក​ចូល​រួម ១២៣ នាក់ និង​មាន​កម្ម​វិធី​គាំ​ទ្រ​ និង​ប្រឹក្សា​យោបល់​សមាជិក​ដែល​មាន​អ្នក​ចូល​រួម ១៤០ នាក់។

បន្ថែម​លើ​វគ្គ​បណ្តុះ​បណ្តាលទាំង​នេះ​​ CVEA ក៏​បាន​ដឹក​នាំ​សមាជិក​ចូល​រួម​កិច្ច​ប្រ​ជុំ​លើ​​ឆាក​អន្តរ​ជាតិ​ដែលមាន​អ្នកចូល​រួម​សរុប ១៣៩ នាក់​ក្នុង​នោះ​កិច្ច​ប្រ​ជុំ​ ARENA នៅ​ប្រទេស​មី​យ៉ាន់​ម៉ាមាន​អ្នក​ចូល​រួម​ ៤២ នាក់ AVA នៅ​ថៃ​ មាន​អ្នក​ចូល​រួម​ចំ​នួន​ ២៨ នាក់​ IREC នៅ​ប្រទេស​ជប៉ុនចំនួន​ ៤១ នាក់ និង NAR នៅ​សហរដ្ឋ​អាមេរិក​ចំ​នួន ២៨ នាក់។

ដើម្បី​បង្ក​ភាព​ងាយ​ស្រួល​ដល់​សមាជិក​ CVEA បាន​សម្រេច​កាល​ពី​ឆ្នាំ ២០១៩ កន្ល​ង​ទៅ​ដោយ​បញ្ចុះ​តម្លៃ​សមា​ជិក​ភាព​ដល់​សមាជិក​សមា​គម ៥០ ភាគរយ​ពី​តម្លៃកាល​ពី​ពេល​មុន​ ​មក​នៅត្រឹម ១៥០ ដុល្លារ។ កាល​ពី​ឆ្នាំ ២០១៩ CVEA ​បាន​ស្វែង​រក​ថវិការ​ឧត្ថ​ម​គាំ​ទ្រ​ចំនួន ១០ ០០០ ដុល្លារ​សម្រាប់​សមាគម។

ថ្នាក់ដឹកនាំ​របស់​ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា

យោង​តាម​ការ​ឲ្យ​ដឹង​ពី​លោក​ច្រឹក​សុខនីម CVEA នឹង​បន្ត​សកម្ម​ភាព​ជា​អទិភាព​នេះ​នៅឆ្នាំ​ ២០២០ ដោយ​មាន​ផែន​ការ​ច្បាស់​លាស់​នឹង​បន្ថែម​វគ្គបណ្តុះ​បណ្តាល​ និង​ការ​ចែក​រំ​លែក​ចំ​ណេះ​ដឹង​ឲ្យ​បាន​កាន់​តែ​ច្រើន​ និងបង្កើន​ចំ​នួន​សិក្ខា​កាម​​​ចូល​រួម​ឲ្យ​បាន​កាន់​តែ​ច្រើន​ជាង​មុន។ សមាគម​ នឹង​​​សហ​ការ​ជា​មួយ​សកល​វិទ្យា​ល័យ​សេដ្ឋ​កិច្ច​ និង​ហិរញ្ញវត្ថុ​ដើម្បី​បង្កើត​វគ្គ​បណ្តុះ​បណ្តាល​ជំ​នាញ​អចលន​ទ្រព្យ ហើយ​បន្ត​ដឹក​នាំ​សមា​ជិក​ចូល​រួម​សិក្ខា​សាលា និង​កិច្ច​ប្រ​ជុំ​កម្រិត​អន្តរ​ជាតិ​កាន់​ច្រើន​ឡើង។

លោក​​រំ​ពឹង​ថា​​កំណើន​តម្លៃ​អចលន​ទ្រព្យកម្ពុជា​​នឹង​ស្ថិត​ក្នុង​រង្វង់​​ជាង ​១០ ​ភាគរយ​បន្ថែម​ទៀតនៅ​ឆ្នាំ​ ២០២០​នេះ​ ជា​ពិសេស​នៅ​តំបន់​ជាយ​​ក្រុង​ភ្នំពេញ ​ខេត្ត​ព្រះសីហនុ កំពត ខេត្ត​បាត់ដំបង និង​កោះកុង​។​

លោក​បញ្ជាក់​ថា​៖​«​ខ្ញុំ​​មាន​សុទិដ្ឋិនិយម​​ខ្ពស់​​សម្រាប់​វិស័យ​​អចលនទ្រព្យ​ក្នុង​ឆ្នាំ ​២០២០ ​​ថា នឹង​​មិន​មាន​អ្វី​ជា​បញ្ហា​អ្វី​នោះ​ទេ​»​៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង