ក្រសួងរៀបចំដែនដីសង់ទីស្តីការថ្មីលើទីតាំងដែលមានការអភិវឌ្ឍខ្លាំង

Bunthoeun Chhut 29/January/2020 18:31
ចែករំលែក

ភ្នំពេញ៖ ក្រសួងរៀបចំដែនដី​​ នគរូបនីយកម្ម​ និងសំណង់ កាល​ពី​ថ្ងៃអង្គារទី ២៨​ មក​រា ឆ្នាំ ២០២០​បាន​​ចាប់​ផ្តើម​សាងសង់អគារទីស្តីការ​ថ្មី​របស់​ខ្លួន​​ដែល​មាន​ទី​តាំង​នៅ​ខណ្ឌ​សែនសុខ ជា​ទី​ដែល​​​អ្នក​ជំ​នាញ​ផ្នែក​អចលន​ទ្រព្យ​បាន​​​លើក​ឡើង​ថា​​​កំ​ពុង​មាន​ការ​រីក​ចម្រើន​ខ្លាំង​ជាង​គេនៅ​ភ្នំពេញផ្នែក​ទី​ផ្សារ​ដី​ធ្លី។

ទី​ស្តី​ការ​ថ្មីនេះ​មាន​ទី​តាំង​នៅ​​ជាប់​ក្លោង​ទ្វា​រ​គម្រោង​​ក្រុងរណប ហ្រ្គេន ភ្នំពេញ ស្ថិត​​នៅភូមិអន្លង់ក្ងាន​ សង្កាត់​ឃ្មួញ​ ខណ្ឌ​សែនសុខ​ ដែល​គម្រោង​ ហ្រ្គេន​ ភ្នំពេញ​ទាំង​មូល​ ទើប​ត្រូវ​បាន​ក្រុម​ហ៊ុន ជីប ម៉ុងលែន​​ទិញ​យក​កាល​ពីចុង​​ឆ្នាំ ២០១៩ កន្លង​ទៅ។​ ពិ​ធី​បញ្ចុះ​បឋម​សិលា​បើក​ការដ្ឋានទី​ស្តី​ការ​​ថ្មី​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​វត្ត​មាន​ឯក​ឧត្តម​ ជា​ សុផារ៉ា រដ្ឋ​មន្រ្តី​ក្រ​សួង​រៀប​ចំ​ដែន​ដី នគរូបនីយ​កម្ម​ និង​សំ​ណង់ និង​អាច​ចំណាយ​ពេល​យ៉ាង​យូ​រ​ពីរ​​ឆ្នាំដើម្បី​បញ្ចប់។

ឯក​ឧត្តម​ ជា​ សុផារ៉ា ក្នុងពិ​ធី​បញ្ចុះ​បឋម​សិលា​បើក​ការដ្ឋានទី​ស្តី​ការថ្មីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅ​ខណ្ឌសែនសុខ

លោក ច្រឹក សុខ​នីម ប្រធានសមាគមអ្នកវាយតម្លៃ និង ភ្នាក់ងារអចលវត្ថុកម្ពុជា ធ្លាប់​បាន​បញ្ជាក់​ថា​ ទី​តាំង​នៅ​ភាគ​ខាង​ជើង​ ឈាង​ខាង​លិច​នៃទី​ក្រុង​ភ្នំពេញ​កំ​ពុង​មាន​សកម្ម​ភាព​អភិវឌ្ឍន៍​ខ្លាំង ដោយ​សារ​​ភាព​អំ​ណោយ​ផល​នៃ​ទីតំាងភូមិ​សា​ស្រ្ត ​និង​គម្រោង​អភិវឌ្ឍន៍​ធំ​ៗ​ជា​ច្រើន។

លោក​បន្ត​ថា​៖​«​​​បើ​មើល​តាម​ទីតាំង​ភូមិសាស្រ្ត​ ការ​អភិវឌ្ឍន៍​ល្អ ដីនៅ​ទី​ក្រុង​ភ្នំពេញ​គឺ​នៅ​ប៉ែក​ខាង​លិច ឈាង​ខាង​ជើង​ គឺជា​ការ​អភីវឌ្ឍន៍​លឿន​ជាង​គេ។ ទៅ​ពី​ម្តុំៗកប់​ស្រូវ​ទៅ​រហូត​ អា​ហ្នឹង​សម្រាប់​ដី​នៅ​ទី​ក្រុង​ភ្នំពេញ»។

ទី​ស្តី​ការ​ថ្មី​​របស់​ក្រសួងរៀបចំដែនដី​​ នគរូបនីយកម្ម​ និងសំណង់​នេះ​ត្រូវ​បានសាង​សង់​លើ​ផ្ទៃដី​ទំ​ហំ​ ៣ ហិកតា ​មានកម្ពស់ ៥ ជាន់ ស្មើរ​នឹង​ផ្ទៃក្រឡាសំណង់សរុប ៤៩ ៣៨៩ ម៉ែត្រក្រឡា និងក្រឡាផ្ទៃប្រើប្រាស់សរុបប្រមាណ ២៦ ៥៦៧ ម៉ែត្រក្រឡា។

សំ​ណង់​អគារ​ ធ្វើ​ឡើង​ក្រោមការរចនាតាមបែបស្ថាបត្យកម្មខ្មែរ និងមានវិសាលភាពធំទូលាយជាងអគារទីស្ដីការក្រសួងចាស់ស្ថិតនៅបណ្តោយផ្លូវព្រះមុនីវង្សនាពេលបច្ចុប្បន្ន។ ឯអគាររបស់ក្រសួងសព្វថ្ងៃនឹងប្រគល់ឱ្យ ទៅមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម និង សំណង់រាជធានីភ្នំពេញ បន្ទាប់ពីទីស្តីការ​ថ្មី​​សាងសង់​រួច៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង