ភ្នំពេញ៖ ចំនួនអ្នកដំណើរកាត់តាមអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុបានកើនឡើងយ៉ាងគម្ហក់កាលពីឆ្នាំ ២០១៩ ហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការប៉ះប៉ូវដល់ការធ្លាក់ចុះនៃចំនួនអ្នកដំណើរតាមអាកាសយានដ្ឋានសៀមរាប ដែលធ្លាប់ជាគោលដៅទេសចរដ៏សំខាន់។
របាយការណ៍របស់ក្រុមហ៊ុន Cambodia Airports ដែលជាប្រតិបត្តិករអាកាសយានដ្ឋានទាំងបីនៅកម្ពុជា ដែលចេញផ្សាយនៅរសៀលថ្ងៃចន្ទទី ២០ មករានេះបានបង្ហាញថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបបានទទួលអ្នកដំណើរឆ្លងកាត់ត្រឹមតែ ៣,៩ លាននាក់ប៉ុណ្ណោះកាលពីមួយឆ្នាំពេញ ឆ្នាំ ២០១៩ ដែលធ្លាក់ចុះ ១២ ភាគរយពីកាលពីឆ្នាំ ២០១៨។
តែយ៉ាងណាក៏ដោយ ការធ្លាក់ចុះនេះមិនបានធ្វើឲ្យចំនួនអ្នកដំណើរសរុបតាមអាកាសយានដ្ឋានអន្តរជាតិនៅកម្ពុជាធ្លាក់ចុះទេ ដោយសារកម្ពុជាបានទទួលកំណើនអ្នកដំណើរតាមអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ និង ជាពិសេសកំណើនយ៉ាងគម្ហក់ពីអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ។
យោងតាមរបាយការណ៍ដដែល អាកាសយានដ្ឋានភ្នំពេញទទួលបានអ្នកដំណើរឆ្លងកាត់សរុបជាង ៦ លាននាក់កាលពីឆ្នាំ ២០១៩ កើនឡើង ១១ ភាគរយធៀបនឹងឆ្នាំ ២០១៨ ខណៈអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុទទួលបានអ្នកដំណើរឆ្លងកាត់កើនឡើងដល់ទៅ ១៥៨ ភាគរយ ស្មើរនឹងចំនួនអ្នកដំណើរសរុប ១,៦ លាននាក់។

ក្រុមហ៊ុន Cambodia Airports បានបង្ហាញថាចំនួនអ្នកដំណើរតាមអាកាសសរុបនៅកម្ពុជានៅរក្សាបានអត្រាកំណើន ១០ ភាគរយ ដែលអ្នកដំណើរពីអាកាសយានដ្ឋានទាំងបីបូកបញ្ចូលគ្នាមានចំនួនដល់ទៅ ១១,៦ លាននាក់កាលពីឆ្នាំ ២០១៩៕
ខេត្តសៀមរាបដែលជាខេត្តគោលដៅទេសចរវប្បធម៌ដ៏សំខាន់របស់កម្ពុជាហាក់កំពុងថមថយឥទ្ធិពលគួរឲ្យព្រួយបារម្ភនៅពីរ បីឆ្នាំចុងក្រោយនេះ។ កាលពីឆ្នាំ ២០១៩ រមនីយដ្ឋានអង្គរទាំងមូលបានទទួលភ្ញៀវទេសចរបរទេសតែ២ លាន ២ សែននាក់ប៉ុណ្ណោះ ដែលបានធ្លាក់ចុះដល់ទៅជិត ១៥ ភាគរយពីកាលពីឆ្នាំ ២០១៨។ នេះបើយោងតាមរបាយការណ៍ពីខាងគ្រឹះស្ថានអង្គរ ដែលជាស្ថាប័នរដ្ឋគ្រប់គ្រងប្រតិបត្តិការលក់សំបុត្រចូលទស្សនារមនីយដ្ឋានអង្គរ។
ចំណូលពីការលក់សំបុត្របានធ្លាក់ចុះ ១៥ ភាគរយពីចំណូលកាលពីឆ្នាំ ២០១៨ មកត្រឹមចំនួន ៩៩ លានដុល្លារប៉ុណ្ណោះនៅឆ្នាំ ២០១៩៕