ភ្នំពេញ៖ ភ្ញៀវទេសចរពីប្រទេសលោកខាងលិច និងភ្ញៀវទេសចរក្នុងស្រុក កំពុងចាប់ផ្តើមងាកមកកម្សាន្តនៅខេត្តព្រះសីហនុវិញហើយ បន្ទាប់ពីចិនលេងល្បែងបានសម្រុកចេញយ៉ាងគម្ហក់ ហើយបានធ្វើឲ្យសណ្តាប់ធ្នាប់ និងតម្លៃស្នាក់នៅហូបចុកនៅខេត្តជាប់សមុទ្រមួយនេះមានភាពល្អវិញ។ នេះបើយោងតាមអ្នកអង្កេតពីការប្រែប្រួលស្ថានភាពរស់នៅ និងពាណិជ្ជកម្មនៅខេត្តព្រះសីហនុ។
លោក អ៊ឹម សេងហួ ប្រធានសាខាក្រុមហ៊ុន Century 21 Zillion Holding 25 ខេត្តក្រុង ប្រចាំខេត្តព្រះសីហនុ បានលើកឡើងថា ខេត្តដែលមានឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជាមួយនេះ កំពុងទទួលបានភ្ញៀវទេសចរពីប្រទេសលោកខាងលិចវិញហើយគិតចាប់ពីដើមខែមករាឆ្នាំ ២០២០នេះមក បន្ទាប់ពីក្រុមភ្ញៀវអន្តរជាតិទាំងនេះបានអវត្តមានស្ទើរទាំងស្រុងពេលចំនួនជនជាតិចិនកើនឡើងខ្លាំងចន្លោះឆ្នាំ ២០១៨ ដល់ ២០១៩។
លោកបញ្ជាក់ថា៖«តាមផ្ទះសំណាក់ តាមសណ្ឋាគារ និងនៅតាមមាត់ឆ្នេរជាដើម យើងឃើញមានវត្តមានភ្ញៀវទេសចរអ៊ឺរ៉ុបវិញបណ្តើរៗហើយ។ កាលពីចិននៅច្រើន យើងសឹងតែមិនមានឃើញភ្ញៀវអ៊ឺរ៉ុបដើរនៅក្រុងព្រះសីហនុ ឬ តាមឆ្នេរផង។ តែឥលូវយើងចាប់ផ្តើមឃើញវិញច្រើន»។

យោងតាមលោក សេងហួ វត្តមានភ្ញៀវទេសចរក្នុងស្រុកក៏ចាប់ផ្តើមមានកំណើនវិញដែរ ស្របពេលអាជីវករលក់ដូ ជាជនជាតិខ្មែរដែលធ្លាប់ជួលទីតាំងឲ្យចិនដើម្បីបានកម្រៃខ្ពស់ បានត្រលប់មកធ្វើអាជីវកម្មផ្ទាល់ខ្លួនវិញ។ កត្តានេះបានធ្វើឲ្យការផ្គត់ផ្គង់អាហារហូបចុក និងសេវាផ្សេងៗកើនឡើងនិងមានតម្លៃសមរម្យសម្រាប់ប្រជាជនក្នុងស្រុក។
លោកបន្តថា ចរាចរណ៍នៅក្នុងក្រុងព្រះសីហនុដែលធ្លាប់តែកកស្ទះចាប់ផ្តើមមានភាពល្អប្រសើរវិញ ស្របពេលដែលបញ្ហាកង្វះខាតកន្លែងស្នាក់នៅ ឬមានដែរតែក្នុងតម្លៃខ្ពស់ លែងសូវចោតជាបញ្ហាដូចមុនទៀតហើយ។
ខេត្តព្រះសីហនុធ្លាប់ជាទីក្រុងដ៏ស្ងប់ស្ងាត់ និងជាគោលដៅវិសម្សកាលដ៏មានប្រជាប្រិយសម្រាប់ភ្ញៀវទេសចរក្នុងស្រុក ភ្ញៀវពីអ៊ឺរ៉ុប និងបណ្តាប្រទេសអភិវឌ្ឍផ្សេងទៀតជាច្រើន។ តែស្ថានភាពបានប្រែប្រួលចាប់ពីដើមឆ្នាំ ២០១៨ បន្ទាប់ពីជនជាតិចិនជាច្រើនបានចូលមករស់នៅ និងបានបោះទុនវិនិយោគបង្កើតជាខុនដូ សណ្ឋាគារ និងជាពិសេសអាជីវកម្មកាស៊ីណូ។ វត្តមានជនជាតិចិនលេងល្បែងជាច្រើនបានធ្វើឲ្យខេត្តព្រះសីហនុដែលធ្លាប់តែស្ងប់ស្ងាត់ទៅជាអ៊ូអរ តែក៏មានបង្កភាពឥតសណ្តាប់ធ្លាប់ជាច្រើនដែរ។ កត្តានេះ រួមផ្សំនឹងកំណើនថ្លៃស្នាក់នៅហូបចុក បានធ្វើឲ្យភ្ញៀវទេសចរក្នុងស្រុក និងភ្ញៀវពីប្រទេសលោកខាងលិចងាកចេញពីខេត្តព្រះសីហនុកន្លងមក។
ការបញ្ចប់សពុលភាពអជ្ញាបណ្ណល្បែងអនឡាញត្រឹមដំណាច់ឆ្នាំ ២០១៩ បានធ្វើជនជាតិចិនអ្នកលេងល្បែងចាកចេញយ៉ាងគម្ហក់។ តែទន្ទឹមនេះ ចិនខ្លះដែលជាថៅកែ ឬ ដែលធ្វើការសម្រាប់គម្រោងអាជីវកម្មចិនខុសពីល្បែងបន្តស្នាក់នៅ តែភាគច្រើនពួកគេមានបែបបទនៃការរស់នៅមានសណ្តាប់ធ្នាប់ និងមានរបៀប។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ធ្លាប់បានលើកឡើងថាការបញ្ចប់សពុលភាពអជ្ញាបណ្ណល្បែងអនឡាញអាចប៉ះពាល់ខេត្តព្រះសីហនុរយៈពេលខ្លី តែយ៉ាងណាថាខេត្តនេះនៅតែជាខេត្តសក្តានុពលមួយសម្រាប់ការវិនិយោគផ្នែកអចលនទ្រព្យដោយសារគោលនយោបាយអភិវឌ្ឍច្បាស់លាស់របស់រដ្ឋាភិបាល។
លោកបញ្ជាក់ថា ខេត្តព្រះសីហនុ គឺជាទីក្រុងកំពង់ផែអន្តរជាតិដ៏ធំរបស់កម្ពុជា និងជាទីតាំងដែលផ្សាភ្ជាប់សកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសរួមមានការតភ្ជាប់ផ្លូវល្បឿនលឿនមកភ្នំពេញ ការតភ្ជាប់ផ្លូវរថភ្លើង និង មានអាកាសយាន្តដ្ឋានធំទូលាយជាដើម។ មិនត្រឹមតែប៉ុណ្ណោះ រដ្ឋាភិបាលកម្ពុជាក៏បានចំណាយថវិការជិត ៣០០ លានដុល្លារដើម្បីស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនៅក្នុងព្រះសីហនុទាំងមូលឲ្យមានភាពទំនើបឡើង ដែលនឹងធ្វើឲ្យទីក្រុងនេះកាន់តែទាក់ទាញ និងស្រស់ស្អាតនាពេលខាងមុខ។
លោកបន្តថា៖«ទាំងនេះគឺជាអំណះអំណាងនៃការវិនិយោគធំធេងរបស់រដ្ឋាភិបាលដើម្បីធ្វើឲ្យខេត្តមួយនេះក្លាយជាខេត្តដែលគំរូបសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា»។
រដ្ឋបាលខេត្តព្រះសីហនុកាលពីថ្ងៃទី ១៣មករា ឆ្នាំ ២០២០នេះបានចេញសេចក្តីជូនដំណឹងមួយស្នើសុំកិច្ចសហការពីអាជីវករ លក់ដូរនៅលើឆ្នេរអូរត្រេះ (អូរត្រេះ ១ និងអូរត្រេះ២) និង ឆ្នេរអូឈើទាលដោយនឹងមិនអនុញ្ញាតឱ្យ បន្តលក់ដូរនៅលើឆ្នេរទាំងនេះ តទៅទៀតឡើយ ដើម្បីទុកលទ្ធភាពដល់ក្រុមការងារជំនាញរៀបចំ កែលម្អសោភ័ណភាពឆ្នេរ រក្សាទុកជាឆ្នេរសាធារណៈ និងជាសម្បត្តិរួមរបស់ប្រជា ពលរដ្ឋខ្មែរទូទៅមកទស្សនាកម្សាន្ត៕


