បន្ទាប់ពីភ្ញៀវធ្លាក់ចុះនិងបាត់បង់ចំណូល អាជ្ញាធរជាតិអប្សរាតាំងចិត្តធ្វើឲ្យបរិវេណរមនីយដ្ឋានអង្គរស្រស់បៃតងគ្រប់រដូវ

Bunthoeun Chhut 14/January/2020 17:09
ចែករំលែក

ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរាបាន​បង្ហាញ​ការ​តាំង​ចិត្ត​ថា​នឹង​ធ្វើ​ឲ្យ​បរិវេណ​ប្រាសាទអង្គរ​មានភាពបៃតង និង​មាន​ស្មៅ​លូត​លាស់​​ខួបប្រាំងខួបវស្សាក្នុងឆ្នាំ២០២០នេះ បន្ទាប់​ពី​​ចំ​នួន​ភ្ញៀវ​ និង​ចំ​ណូល​ពី​ការ​លក់​សំ​បុត្រ​កាល​ពី​ឆ្នាំ ២០១៩ បាន​ធ្លាក់​ចុះ​។

នៅ​ក្នុង​សេច​ក្តី​ជូន​ដំ​ណឹង​របស់​ខ្លួនចេញ​ផ្សាយ​នៅ​លើ​គេហ​ទំ​ព័រ​ហ្វេស​ប៊ុកនៅ​​ថ្ងៃ​អង្គារទី ១៤ មករា ឆ្នាំ ២០២០នេះ អាជ្ញាធរជាតិអប្សរាបានលើក​ឡើង​ថា អាជ្ញាធរ នឹងយកចិត្តទុកដាក់ កែលម្អបរិស្ថាននៅជុំវិញបរិវេណប្រាសាទអង្គរវត្តដោយចាប់ផ្តើមពីការដាំស្មៅ ដាំកូនឈើ ដាំផ្កាព្រៃ ជួសជុលផ្លូវនិងប្រព័ន្ធរំដោះទឹក ព្រមទាំងរៀបចំប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ​ទាំងខួបប្រាំងខួបវស្សា។

សេច​ក្តី​ជូន​ដំ​ណឹង​បាន​បញ្ជាក់​ថា​៖​«​អ្វីដែលអាជ្ញាធរជាតិអប្សរាកំពុងតែអនុវត្តន៍ និងផែនការអនាគតគឺសំដៅលើកកម្ពស់សោភ័ណភាព ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងបង្កើនភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរមិនត្រឹមតែប្រាសាទអង្គរវត្តនោះទេ តែរមណីយដ្ឋានអង្គរទាំងមូល»។

រម​នីយ​ដ្ឋាន​អង្គរ​ទាំង​មូល​បាន​ទទួល​ភ្ញៀវ​ទេស​ចរ​បរទេស​តែ​ ២ លាន​ ២ សែន​នាក់​ប៉ុណ្ណោះ​កាល​ពី​ឆ្នាំ ២០១៩ ដែល​បាន​​​ធ្លាក់​ចុះ​ដល់​ទៅជិត ១៥ ភាគរយ​ពី​ចំ​នួន​ភ្ញៀវ​ដែល​ធ្លាប់​ទទួល​បាន​កាល​ពី​ឆ្នាំ ២០១៨។ នេះ​បើ​យោង​តាម​របាយ​ការណ៍​ពី​ខាង​គ្រឹះ​ស្ថាន​​​អង្គរ ដែល​ជា​ស្ថាប័ន​រដ្ឋ​គ្រប់​គ្រង​ប្រតិ​បត្តិការ​លក់​សំ​បុត្រ​ចូល​ទស្សនា​រម​នីយ​ដ្ឋាន​អង្គរ។

ការ​ធ្លាក់​ចុះ​ចំ​នួន​ភ្ញៀវ​នេះ ក៏​បាន​ធ្វើ​ឲ្យ​ចំ​ណូល​ធ្លាក់​ចុះ​រហូត​ដល់​ ១៥ ភាគរយ​ពី​ចំណូល​កាល​ពី​ឆ្នាំ ២០១៨ មក​ត្រឹម​ចំ​នួន ៩៩ លាន​ដុល្លារ​ប៉ុណ្ណោះ​នៅ​ឆ្នាំ ២០១៩៕

ខេត្ត​សៀម​រាប​ដែល​ជា​ទី​តាំង​របស់​រម​នី​យ​ដ្ឋាន​អង្គរគឺជា​ខេត្ត​សក្តានុពល​មួយ​ក្នុង​ការ​វិនិយោគ​លើ​វិ​ស័យ​អចលន​ទ្រព្យ​ដែលកំណើន​ភ្ញៀវ​ទេស​ចរ​បរទេស​កន្លង​មក​បាន​បង្កើត​ឲ្យ​មាន​តម្រូវ​ការ ការវិនិយោគ​សណ្ឋាគារ ភោជនីយដ្ឋាន និង​ពាណិជ្ជ​កម្ម​ផ្សេងៗ​ដែលល​ត្រូវ​ការ​ទី​តាំង​ដើម្បី​ដាក់​អាជីវ​កម្ម។

ការបង្ហាញ​ឆន្ទះរបស់​ស្ថាប័ន​រដ្ឋា​ភិ​បាល​​ក្នុង​ការ​បង្កើន​​ចំ​នួន​ភ្ញៀវ​ទេស​ចរឡើងវិញ​​អាច​ជា​សញ្ញាល្អ​​ដល់សេដ្ឋកិច្ច និង​ពាណិជ្ជ​កម្ម​នៅ​ខេត្ត​សៀម​រាប​ ដែល​អាច​មាន​ឥទ្ធិ​ពលល្អ​​ដល់​វិ​ស័យ​អចលន​ទ្រព្យ​នៅ​ខេត្ត​​សំ​បូរ​ដោយ​ទេស​ចរ​វប្បធម៌​របស់​កម្ពុជា​មួយ​នេះ៕

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង