ទីតាំងសក្តានុពល ៥ ដែលអ្នកវិនិយោគដីធ្លីគួរពិចារណាដើម្បីទិញ-លក់បានចំណេញក្នុង​ឆ្នាំ ២០២០

Bunthoeun Chhut 09/January/2020 16:57
ចែករំលែក

ភ្នំពេញ​៖ ការទិញ​-លក់​​​អចលនទ្រព្យដើម្បី​យក​ចំ​ណេញ​​​កំពុងមាន​ការ​​ពេញ​និយមខ្លាំង​​នៅ​កម្ពុជា​​ ហើយការ​​​វិនិយោគប្រ​ភេទ​​នេះ​​អាចបង្កើតប្រាក់ចំណូលអកម្មដ៏​ល្អ​មួយសម្រាប់​វិនិយោគិន។ ដើម្បី​ឲ្យ​ការ​វិនិយោគដី​ធ្លី​​ទទួល​បាន​ផល​ចំណេញ​ខ្ពស់​ ការ​ជ្រើស​រើស​​​ទី​តាំងត្រឹមត្រូវ​និង​មាន​សក្តានុពល​ គឺ​ជា​កត្តា​សំខាន់​​បំ​ផុត​។ ​

នៅ​ក្នុង​សន្និ​សិទ​​សារព័ត៌​មានស្តី​ពី​គម្រោង​នៃ​ការ​បើក​ការិយា​ល័យ​ថ្មីទាំង ៣៨ របស់​ក្រុម​ហ៊ុន Century 21 Zillion Holding កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅនេះ​ លោក ច្រឹក​ សុខនីម នាយ​ក​ប្រតិ​បត្តិ​ក្រុមហ៊ុន Century 21 Mekong និង​ជា​​​ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារអចលនវត្ថុ​កម្ពុជា បាន​បង្ហាញ​ទី​តាំង​សក្តានុ​ពល​ ៥ កន្លែង​ដែល​អ្នក​វិនិយោគ​គួរ​ពិចារណាក្នុង​ការ​ទិញ​ដី​ដើម្បី​ទទួល​បាន​ឱ​កាសចំ​ណេញខ្ពស់។​ ខាង​ក្រោម​នេះ​គឺ​ជា​ទី​តាំង​ទាំង​ ៥

១ – ខេត្ត​កណ្តាល​៖ គឺជា​ខេត្ត​ដែល​​មាន​សក្តានុពល និងមាន​ឱ​កាស​ច្រើន​ក្នុង​​​ការ​ទទួល​បាន​ផល​ចំ​ណេញ ដោយ​​ប្រើ​ត្រឹម​​​រយៈ​ពេល​ខ្លី​។​ តំ​បន់​ជាយៗ​រាជ​ធានី​ភ្នំពេញ​ សុទ្ធ​សឹង​ជា​ទី​តាំង​សក្តានុពល ហើយ​​ផុត​ពី​ភ្នំពេញ តំ​បន់​ដែលមាន​សក្តានុ​ពល​ខ្ពស់ គឺតំបន់​ចន្លោះ​ផ្លូវ​ជាតិលេខ ៦ ផ្លូវ​ជាតិលេខ ៥ និង​ផ្លូវ​ជាតិ​លេខ ៦១​។ យោង​តាម​លោក​ សុខនីម​ ម្ចាស់​បុរីធំ​ៗ​បាន​ទិញ​ដី​ធំ​ៗ​ចន្លោះ​​ផ្លូវ​ជាតិ​ទាំង​បី​ខាង​លើ​ ហើយ​បុរី​ទាំង​នោះ​​​​នឹង​អភិវឌ្ឍ​រួ​ម​គ្នា ដែល​នឹង​ធ្វើ​ឲ្យ​​​តំ​បន់​នេះ​​ក្លាយ​ជា​តំ​បន់​មាន​​អគារ​ខ្ពស់ៗ និង​អគារ​ពាណិជ្ជ​កម្ម​នាពេល​ខាង​មុខ។

អ្នក​ដំ​ណើរ​កំ​ពុង​ធ្វើ​ចរាចរណ៍ជិតស្ពានព្រែក​តាមាក់កាល​ពី​ថ្ងៃពុធទី ៨ មករា ២០២០

ខេត្ត​​ព្រះសីហនុ៖ ជា​ខេត្ត​សក្តានុ​ពល​សេដ្ឋ​កិច្ច​ និង​ជា​ទី​ក្រុង​កំ​ពង់​ផែអន្តរ​ជាតិ​ដ៏​ធំ​របស់​កម្ពុជា​។ ហេដ្ឋារចនា​សម្ព័ន្ធ​ដូច​ជា​ផ្លូវ​ និង អាកាស​យាន្ដ​ដ្ឋាន​ជា​ដើម​បាននឹង​កំ​ពុង​ធ្វើ​ឲ្យ​ទំនើប​ឡើង ហើយ​​ខេត្ត​ព្រះ​សី​ហនុ​ នឹង​ភ្ជាប់​មក​ភ្នំពេញ​តាម​ផ្លូវ​​​​ល្បឿន​លឿន។ ខេត្ត​ព្រះ​សី​ហនុ​មាន​សក្តានុ​ពល​ខ្ពស់ តែ​តំ​បន់​ខ្លះ​​​​​​អាច​ត្រូវ​ការ​ពេលវេ​លា​យូ​រ​​​បន្តិច។

អគារ​ខ្ពស់ៗ​កំពុង​រីក​ដុះ​ដាល​នៅ​កណ្តាល​ក្រុងព្រះសីហនុ ហើយ​ចរន្ត​នេះ​បាន​ធ្វើ​ឲ្យ​តម្លៃដីធ្លី​នៅ​ជាយ​ក្រុង​ឡើង​ថ្លៃយ៉ាង​ឆាប់​រហ័ស

-​ ខេត្ត​កំពត៖​ ជា​គោល​ដៅ​ទេស​ចរ និង​វិនិយោគ​ថ្មី​ បន្ទាប់​ពី​ខេត្ត​ព្រះ​សី​ហនុ។ កំ​ពត​កំ​ពុង​ទាក់​ទាញ​វិនិយោគិន​ ជាក់​ស្តែង​គម្រោងក្រុមហ៊ុន​ Forest​ Harmony Co​, Ltd​ ដែល​​​បោះទុនវិនិយោគ​ ១៨លាន​ដុល្លារ​អាមេរិក​ ដើម្បី​សាងសង់​វីឡា​លំ​ហែរ​កាយ​នៅ​លើ​ផ្ទៃដី​ជាង១៣ហិ​កតា បាន​ដាក់​ទី​តាំង​នៅ​ជិត​​​ក្រុង​កំពត​។ ខេត្ត​កំ​ពត មាន​អំ​ណោយ​ផល​ខ្ពស់​​សម្រាប់​ការវិនិយោគ​ដី​ធ្លី ទាំង​កត្តា​គោល​នយោបាយ​ភូមិ​​សា​ស្រ្ត​របស់​រដ្ឋា​ភិបាល និង កត្តា​ធម្ម​ជាតិ។

ទិដ្ឋភាព​ក្នុង​បរិវេណគម្រោងរបស់​ក្រុមហ៊ុន​ Forest​ Harmony Co​, Ltd​ ដែល​​​សាងសង់​វីឡា​លំ​ហែរ​កាយ​នៅ​លើ​ផ្ទៃដី​ជាង១៣ហិ​កតា

កំពង់ស្ពឺ៖ ជា​ខេត្ត​ដែលកន្លង​មក​មនុស្ស​ជា​ច្រើន​​ទៅ​ហួស​មក​ហួស។ ដីតំ​បន់​មួយ​ចំ​នួន​នៅ​ធូ​ថ្លៃ​។ ដី​ចូល​​​ក្នុង​បន្តិចពី​ក្រុង​ច្បារមន ​កាល​ពី​ឆ្នាំ ២០១៨ មួយ​ហិក​តាមាន​តម្លៃ​ចន្លោះ​ពី​ ៦ ០០០ដុល្លារ​ ទៅ ៧ ០០០ ដុល្លារ​ តែ​ឥលូវ​ឡើងដល់​ ៣០ ០០០ ដុល្លារ។ យ៉ាង​ណា​ក៏​ដោយ លោក សុខនីម​ បញ្ជាក់​ថា ដី​ធ្លី​នៅ​ខេត្ត​កំ​ពង់​ស្ពឺ​នៅ​​តែ​​មាន​សក្តានុពល​ និងមាន​ឱកាស​​បន្ត​ឡើង​ថ្លៃ​ទៀត។

ទិដ្ឋភាព​នៅភូមិមួយ​ នៃឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ដ​កំពង់ស្ពឺ

៥ – សៀម​រាប៖​ នៅ​តែ​ជា​ខេត្ត​ទេស​ចរដ៏​មាន​សក្តានុពល​។​ សៀម​រាប​មាន​តំ​បន់​អភិរក្ស​ច្រើន តែ​ក៏​មាន​តំ​បន់​ខ្លះ​ស្ថិត​ក្នុង​តំ​បន់​ពាណិជ្ជ​កម្ម ដែល​អាច​វិនិយោគ​ក្នុង​វិស័យ​បដិ​សណ្ឋា​កិច្ច ដូច​ជា​សណ្ឋាគារ ឬ ភោជនីយ​ដ្ឋាន​។ ដី​ធ្លី នៅ​ជាយៗ​ខេត្ត​សៀម​រាប នៅ​មាន​សក្តានុ​ពលល្អ​ក្នុង​ការ​ទិញ​លក់​ដើម្បី​យក​ចំ​ណេញ។  

ទិដ្ឋ​ភាព​នៅជាយក្រុងសៀម​រាប

**** ទន្ទឹម​នឹង​ការ​បញ្ជាក់​ពី​ទី​តាំង​សក្តានុ​ពលខាង​លើ​ អ្នក​ជំ​នាញ​ផ្នែក​អចលន​ទ្រព្យ​ក៏​​ក្រើន​រំ​ឭក​ដល់​សាធារណៈ​ជន​ក្នុង​ការ​ទទួល​បាន​ប្រឹក្សា​វិនិយោគ​ពី​ភ្នាក់​ងារមាន​វិជ្ជា​ជីវៈ​ និង​ក្រម​សិល​ធម៌​ច្បាស់​លាស់​ដើម្បី​ទទួល​បាន​ឱ​កាស​ចំ​ណេញ​ខ្ពស់។

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង