ភ្នំពេញៈ ទឹកប្រាក់ដែលហូរចូលកម្ពុជាក្រោមគម្រោងវិនិយោគផ្ទាល់ពីបរទេស (FDI) បានបន្តកើនឡើងគួរឲ្យកត់សម្គាល់នៅបីបួនឆ្នាំចុងក្រោយ ហើយនឹងបន្តកើនដល់ជិត ៤ ពាន់លានដុល្លារនៅឆ្នាំ ២០២០នេះ។ នេះបើយោងតាមទិន្នន័យពីខាងធនាគារជាតិនៃកម្ពុជា (NBC)។
«របាយការណ៍វឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារ ២០១៩ និងទស្សនវិស័យឆ្នាំ ២០២០» របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា លំហូរទុនវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជានឹងមានតម្លៃសរុប ៣ ៩៥១ លានដុល្លារនៅឆ្នាំ ២០២០ គឺកើនឡើង ១០ ភាគរយពី ៣ ៥៨៨ លានដុល្លារកាលពីឆ្នាំ ២០១៩។
កំណើននៃលំហូរវិនិយោគផ្ទាល់ពីបរទេស នឹងជួយឲ្យកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២០ នេះសម្រេចបានក្នុងរង្វង់ ៧ ភាគរយដោយមានអត្រាអតិផរណាប្រមាណ ២,៣ ភាគរយ។
ក្នុងចំណោមទុនវិនិយោគផ្ទាល់ពីបរទេសមកកម្ពុជាកាលពីឆ្នាំ ២០១៩ ទុនពីវិនិយោគិនចិនមានចំណែក ៤៣ ភាគរយ កូរ៉េខាងត្បូង ១១ ភាគរយ វៀតណាម ៧ ភាគរយ សិង្ហបុរី ៦ ភាគរយ ជប៉ុន ៦ ភាគរយ និងប្រទេសផ្សេងៗទៀតភាគរយដែលនៅសល់។
