ក្រុមហ៊ុនតូចៗនឹងងាកពីការជួលផ្ទះល្វែងទៅរកអគារពាណិជ្ជកម្ម ឬ Co-Working Space

Bunthoeun Chhut 06/January/2020 16:19
ចែករំលែក

ភ្នំពេញ៖ ក្រុម​ហ៊ុនខ្នាតតូចជា​ច្រើន​​​​​​​ដែលកំ​ពុង​​ជួល​ផ្ទះ​ល្វែងធ្វើ​អាជីវ​កម្ម​​ នឹ​ង​អាច​វិ​វត្តន៍​ខ្លួន​ទៅ​ដាក់​ទី​តាំង​​តាម​​អគារពាណិជ្ជ​កម្ម​ ឬ​​ Co-Working Space វិញ​នា​ ៣ ទៅ ៥​ឆ្នាំ​ខាង​មុខ។ នេះ​បើយោង​តាម​ការព្យាករណ៍​​របស់​​លោក ខេន ឡូ នាយក​ប្រតិ​បត្តិក្រុម​ហ៊ុន​ Century 21 Imperial Realty។

លោក​ថ្លែង​ថា​៖​«​នៅ​ក្នុង​រយៈ​ពេល​ ៣​​ ទៅ ៥ ឆ្នាំ​ខាង​មុខ​ទៀត ក្រុម​ហ៊ុន​ឯក​ជន​ដែល​ជួល​ផ្ទះ​ល្វែង​ ៥០០ ទៅ ១ ០០០ [ដុល្លារ] ហ្នឹង​គឺគាត់នឹង​​វិ​វត្តន៍​ជួល​ក្នុង​អគារ​ពាណិជ្ជ​កម្ម​វិញ​»។ លោក​ ខេន ឡូ ក៏​បាន​ក្រើន​រំ​ឮក​ដល់​ភ្នាក់​ងារ​អចល​ន​ទ្រព្យ​ដែល​ប្រ​ចាំ​ការ​នៅ​ភ្នំពេញ​ឲ្យ​ពិ​ចារណាពី​សក្តានុ​ពល​នៃ​ទី​តាំង​សម្រាប់​បង្កើត co-working space ព្រោះ​ថា​អចលន​ទ្រព្យ​ប្រ​ភេទ​នេះ​ក៏​នឹង​កាន់​តែ​មាន​ប្រ​ជា​ប្រិយ​ភាព​នា​ពេល​ខាង​មុខ។

លោក​បន្ត​ថា​៖​«​Co-working space នឹង​មាន​ប្រ​ជា​ប្រិយ​ភាព​​នៅ​ក្នុង​រយៈ​ពេល​ខ្លី​ខាង​មុខ ដោយសារ​ទី​តាំង​ដូច​ជា​ទី​តាំង​កោះ​ពេជ្រ និង​បឹង​កេង​កង​ដី​កាន់​តែថ្លៃ​ទៅៗ ហើយ​អត់​មាន​ដី​ដែល​អាច​សាង​សង់​អគារ​ខ្ពស់​ទៀត​ទេ។ អ៊ីចឹង​ដី​កាន់​តែ​តិច​ទៅៗ ហើយ​ក្រុម​ហ៊ុន​កាន់​តែកើន​​ទៅៗ​។ ដូច្នេះ​ ដើម្បី​ឲ្យ​ពួក​គាត់​អាច​ឈាន​ជើង​ចូល​ទៅ​ក្នុង​អគារ​ការិយាល័យ​ដែល​ទំ​នើ​ប​កម្ម​ហ្នឹង គឺ​ពេល​ខ្លះគាត់​ប្រើ​ទី​តាំង​ Co-Working Space ហ្នឹង។ Co-Working Space ហ្នឹងក៏​លើក​ស្ទួយ​មុខ​មាត់​ដល់​ក្រុម​ហ៊ុន​របស់​គាត់​ដែរ»។

យោង​តាម​របាយ​ការណ៍​ ភ្នំពេញឆ្នាំ ២០៣០ របស់​ក្រុម​ហ៊ុន​វាយ​តម្លៃអចលន​ទ្រព្យ V Trust Appraisal ទំ​ហំ​អគារ​សម្រាប់​ការិយាល័យ​ពាណិជ្ជ​កម្ម​មាន​សរុប ៦០៨ ២០០ ម៉ែត្រ​ការ៉េគិត​ត្រឹំម​ដំ​ណាច់​ឆ្នាំ ២០១៨ ហើយ​ចំនួន​នេះ​នឹង​​​នឹង​កើន​ឡើង​ ២ ដង​នៅ​ឆ្នាំ ២០៣០ ខាង​មុខ។ ទី​តាំង​​ដែលមាន​បណ្តុំ​អគារ​ពាណិជ្ជកម្ម​ច្រើន​​​មាន​នៅ​​ខណ្ឌ​ចំ​ការ​មន ដូន​ពេញ ខណ្ឌ​​៧​មករា និង ខណ្ឌ​ទួល​គោក។

យោង​តាម​របាយ​ការណ៍​ដដែល ខណ្ឌ​ទាំង​បួនបូក​បញ្ចូល​គ្នា​ គ្របដណ្តប់​​​ផ្ទៃ​ក្រ​លា​សម្រាប់​អគារ​ពាណិជ្ជ​កម្ម​រហូត​ដល់​ទៅ ៩០ ភាគរយ។

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង