ភ្នំពេញ៖ ចំនួនខុនដូនៅភ្នំពេញនឹងបន្តកើនឡើងខ្លាំងនៅ ១០ ឆ្នាំបន្ទាប់ ដោយការផ្គត់ផ្គង់នឹងមានដល់ទៅជិត ៣០ ម៉ឺនយូនីតនៅឆ្នាំ ២០៣០ ខាងមុខ ដែលស្មើនឹងកំណើន ៥ ដងពីចំនួនបច្ចុប្បន្ន។ នេះបើយោងតាមការព្យាករណ៍របស់ក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ V Trust Appraisal។
ក្រុមហ៊ុន V Trust Appraisal បានចេញផ្សាយរបាយការណ៍ប្រចាំទសវត្យដែលធ្វើការព្យាករណ៍ពីវិស័យអចលនទ្រព្យកម្ពុជាមានចំណងជើងថា «ភ្នំពេញឆ្នាំ ២០៣០»។ យោងតាមរបាយការណ៍របស់ V Trust Appraisal ចំនួនខុនដូថ្មីដែលដាក់លក់នៅលើទីផ្សារ នឹងមានជាមធ្យម ១៩ ០០០ យូនីតក្នុងមួយឆ្នាំចាប់ពីពេលនេះ ដល់ឆ្នាំ ២០៣០។ តាមរយៈកំណើនប្រចាំឆ្នាំនេះ របាយការណ៍ V Trust បានព្យាករណ៍ថា ចំនួនសរុបនៃការផ្គត់ផ្គង់ខុនដូនៅភ្នំពេញនឹងមានដល់ ២៩,៥ ម៉ឺនយូនីតនៅឆ្នាំ ២០៣០ កើនឡើង ៥ ដងពីចំនួន ៦១ ៨០០ យូនីតនៅត្រឹមដំណាច់ឆ្នាំ ២០១៨។
https://www.facebook.com/PP2030s/?epa=SEARCH_BOX
លោក ហ៊ឹម សីហា នាយកផ្នែកស្រាវជ្រាវក្រុមហ៊ុន V Trust Appraisal និងជាអ្នកនិពន្ធរបាយការណ៍ «ភ្នំពេញឆ្នាំ ២០៣០» បានលើកឡើងថាកំណើនប្រជាជននៅទីក្រុង និងចំនួនជនបរទេសធ្វើការនៅភ្នំពេញ បានធ្វើឲ្យតម្រូវការខុនដូបន្តកើនឡើងជាប្រចាំឆ្នាំ។
លោកបន្តថា៖«ខុនដូភាគច្រើនត្រូវបានទិញដោយជនជាតិចិន និងជនបរទេសពីប្រទេសអាស៊ីដែលមករស់នៅ ធ្វើការនៅកម្ពុជា»។ លោកបន្តថា៖«នៅពីរបីឆ្នាំចុងក្រោយនេះ ប្រជាជនក្នុងស្រុកជាពិសេសគូរស្រករវ័យក្មេងចាប់ផ្តើមទិញខុនដូររស់នៅដែរ។ ការសម្រួលឲ្យមានការទិញបង់រំលស់ងាយស្រួលបានបង្កើនលទ្ធភាពអ្នកទិញ ហើយជាកត្តាជំរុញយ៉ាងខ្លាំងដល់ទីផ្សារខុនដូរ»។

យោងតាមរបាយការណ៍របស់ V Trust Appraisal កំណើនសេដ្ឋកិច្ច បានធ្វើឲ្យតម្លៃដីធ្លីមានការកើនឡើងយ៉ាងខ្លាំង ដែលអាចធ្វើឲ្យទីតាំងសម្រាប់សាងសង់អគារស្នាក់ដូចជា ផ្ទះល្វែង ផ្ទះវីឡា ឬ ប្រភេទផ្ទះជាប់ដី ដូចកាលពីមុនកាន់តែកម្រ។ ដូច្នេះហើយ ស្របពេលដែលតម្រូវការការរស់នៅបែបថ្មីកំពុងទទួលបានការពេញនិយមជាងមុនក្នុងចំណោមប្រជាជនក្នុងស្រុកវ័យក្មេង និងជនបរទេស ការផ្គត់ផ្គង់ខុនដូ នឹងបន្តកើនឡើងជាលំដាប់។

