៦ ចំណុចសំខាន់ៗដែលគួរដឹងពីស្ថានភាពអចលនទ្រព្យនៅខេត្តព្រះសីហនុបន្ទាប់ពីការចាកចេញយ៉ាងគម្ហក់របស់ជនជាតិចិន

Bunthoeun Chhut 03/January/2020 16:42
ចែករំលែក

ព្រះ​សីហនុ៖ ការបញ្ចប់សពុល​ភាព​​អជ្ញាបណ្ណ​ល្បែង​​អន​ឡាញ​នៅ​ត្រឹម​ដំ​ណាច់​ឆ្នាំ ២០១៩ កន្លង​ទៅ​បាន​ធ្វើ​ឲ្យ​មាន​ចល​នា​ចាក​ចេញ​យ៉ាង​គម្ហក់​នៃ​ជន​ជាតិ​ចិន​​​ពី​កម្ពុជា ជា​ពិសេស​ខេត្ត​ព្រះ​សី​ហនុ​។ របាយ​ការណ៍​របស់​ អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍នៃ​ក្រសួង​មហាផ្ទៃបាន​ឲ្យ​ដឹង​ថា ជន​ជាតិ​ចិន​ជិត ៥០ ម៉ឺន​នាក់​បាន​ចាក​ចេញ​ពី​កម្ពុជា​ គិត​មក​ទល់​ពេលនេះដែល​ភាគ​ច្រើន​ជា​អ្នក​​ស្នាក់​នៅ​ខេត្ត​ព្រះ​សីហនុ។

តើ​ការ​ចាក​ចេញ​យ៉ាង​គម្ហក់​នា​ពេល​នេះ​បាន​ធ្វើ​ឲ្យ​ទីផ្សារ​អចលន​ទ្រព្យ​នៅ​ខេត្ត​ព្រះ​សី​ហនុ​​​រង​ផល​ប៉ះ​ពាល់​យ៉ាង​ណា​ខ្លះ​? លោក អ៊ឹម​ សេងហួ ប្រធាន​សា​ខា​ក្រុម​ហ៊ុនអចលនទ្រព្យ​​ Century 21 Lay Min Realty ខេត្ត​ព្រះ​សី​ហនុ​បានរៀប​រាប់​ពី​ចំ​ណុចសំខាន់​ៗដូច​ខាង​ក្រោម។

ការិយាល័យ​ក្រុមហ៊ុន Century 21 Lay Min Realty ខេត្ត​ព្រះ​សី​ហនុ

ការ​ជួល​អគារ​សម្រាប់​ពាណិជ្ជ​កម្ម និង​ស្នាក់​នៅ៖ ទីផ្សារ​ជួល​អគារ​រង​ផល​ប៉ះ​ពាល់​ខ្លាំង​ជាង​គេ ដោយ​សារ​អគារ​ជា​ច្រើន​ត្រូវ​បាន​ជួល​ដើម្បី​ធ្វើ​ជា​ទី​តាំង​សម្រាប់​អាជីវ​កម្ម​ល្បែង​អន​ឡាញ​។ តម្លៃ​ជួល​អគារ​បាន​ធ្លាក់​ចុះ​ជាង ៥០ ភាគ​រយ​ពី​តម្លៃ​មុន​ខែ​សីហា​។ អគារ​​ខ្លះ​ដែល​ធ្លាប់​ជួល​ក្នុង​តម្លៃ​ ២ ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែកាល​ពី​មុន ឥលូវ​ធ្លាក់​មក​ត្រឹម ៨ ០០០ ដុល្លារ​ក្នុង​មួយ​ខែ។

– ដី​ធ្លី៖ តម្លៃ​ដី​មាន​ការ​ធ្លាក់​ចុះប្រ​ហែល ២០ ភាគរយ​​ពី​កាល​ពី​មុខ​ខែ​សីហា​ (មុន​ពេល​រដ្ឋា​ភិ​បាល​ប្រ​កាស​ឈប់​បន្ត​អជ្ញា​បណ្ណ​ល្បែង​តាម​អន​ឡាញ)។ យោង​តាម​ព័ត៌​មាន​ពី​​ក្រុម​ហ៊ុនអចលនទ្រព្យ​​ Century 21 Lay Min Realty ការ​ទិញ​លក់​មិន​មាន​ភាព​ពុះ​កញ្ជ្រោល​​ខ្លាំង​ដូច​មុន​នោះ​ទេ តែ​តម្លៃ​ដី​ធ្លី​នៅ​ខេត្ត​ព្រះ​សី​ហនុ​មិន​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង​ទេ។ ​លោក​ សេង​ហួ​ បាន​លើក​ឡើង​​​ជាឧទាហរណ៍​ថា តម្លៃដី​ដែល​ធ្លាប់​ដាក់​ចេញ ២ ៥០០ ដុល្លារក្នុង​​​ម៉ែត្រ​ការ៉េ បាន​ធ្លាក់​មក​ត្រឹម ២ ២០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ។ ម្ចាស់​ដី​ធ្លី​នៅ​ខេត្ត​ព្រះ​សី​ហនុ​ភាគ​ច្រើន​គឺជា​អ្នក​មាន​ជីវ​ភាព​ធូរធារ ដូច្នេះប្រសិន​បើ​អ្នក​ទិញ​ឲ្យ​តម្លៃទាប​ពេក​ ម្ចាស់​ដីមិន​លក់​នោះទេ។

– សំ​ណង់​អគា​រ​៖ គម្រោង​សំ​ណង់​ទាំង​តូច​ ធំ​នៅ​ខេត្ត​ព្រះ​សី​ហនុ​ មិន​មាន​រង​ផល​ប៉ះ​ពាល់​ទេ។ ជាក់​ស្តែង ដង​សន្ទួច​សម្រាប់​វិ​ស័យ​សំ​ណង់​បន្ត​ច្រូង​ច្រាងស្ទើរ​គ្រប់​ទី​កន្លែង​ ហើយ​​សកម្ម​ភាព​សាង​សង់​ជាក់​ស្តែង​នៅ​បន្ត​ដំ​ណើរ​ការ​យ៉ាង​ល្អ​ និង​កាន់តែ​សកម្ម។​ ​អគារ​ខ្ពស់ៗ​បន្ត​រីក​ឡើង​ជា​បន្ត​បន្ទាប់ ហើយ​មិន​មាន​ឃើញ​ គម្រោង​សាង​សង់​ណា​មួយនៅ​ខេត្ត​ព្រះ​សី​ហនុ​​ត្រូវ​បាន​ផ្អាក​ឡើយ។

– អ្នក​វិនិយោគចិន​​ពិត​ប្រាកដ​បន្ត​នៅ៖ ទោះ​បី​ជា​ជន​ជាតិ​ចិន​អ្នក​លេង​ល្បែង​បាន​ចាក​ចេញ​ តែ​ជន​ជាតិ​ចិន​ដែល​ជា​អ្នក​វិនិយោគ​ពិត​ប្រា​កដ​ដូច​ជា អ្នក​វិនិយោគ​លើខុន​ដូ អាផាតមិន និង​ រី​សត​ផ្សេងៗបន្ត​ស្នាក់​នៅ និង​ធ្វើ​អាជីវ​កម្ម​នៅ​ខេត្ត​ព្រះ​សី​ហនុ​ជា​បន្ត។

– ទេសចរ​ពី​​ខាងលោក​ខាង​​លិច​ចាប់​ផ្តើម​វត្តមាន​ឡើង​វិញ៖ យោង​តាម​លោក សេង​ ហួ នៅ​អំ​ឡុង​ខែ​ធ្នូឆ្នាំ ២០១៩ កន្លង​ទៅ គេ​សង្កេត​ឃើញ​មាន​វត្ត​មាន​ទេស​ចរ​ជន​ជាតិ​អ៉ឺរ៉ុប​ច្រើន​ជាង​មុន​ចូល​មក​ទស្ស​នា​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សី​ហនុ បន្ទាប់​ពី​ស្ងប់​ស្ងាត់​មួយ​រយៈ​ពេល​ធំ។ នេះ​ជា​សញ្ញា​ល្អ សម្រាប់​កំ​ណើន​ភ្ញៀវ​ទេស​ចរ​ចំ​រុះ​ជាតិ​សាសន៍​នៅ​ខេត្ត​ជាប់​សមុទ្រ​របស់​កម្ពុជា​។

៦ – ហេដ្ឋា​រចនា​សម្ព័ន្ធខេត្ត​ព្រះ​សី​ហនុ​នឹងកាន់​តែ​ទំនើប៖​  ហេដ្ឋា​រច​នា​សម្ព័ន្ធ​​​នៅ​​ក្នុង​ខេត្ត​ព្រះ​សី​ហនុដែល​​កំ​​ពុង​រង​ការ​ខូច​ខាត នឹង​ត្រូវ​បាន​​ស្ថាបនាឡើង​វិញ​ឲ្យ​ទំនើប បន្ទាប់​ពី​រដ្ឋា​ភិបាល​កម្ពុជា​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ ២០១៩​ បាន​សម្ពោធ​បើក​ការ​ដ្ឋាន​ស្ថាបនា​ឡើង​វិញ​​​ផ្លូវ​៣៤ ខ្សែ​ដែល​មាន​ប្រវែង​សរុប​ ៨៤,៥ គី​ឡូ​ម៉ែត្រ។​ គម្រោងទាំង​មូល​គ្រោង​ចំ​ណាយ​ប្រាក់​សរុប ២៩៤ លាន​ដុល្លារ។ នៅ​ពេល​ហេដ្ឋា​រចនាសម្ព័ន្ធ​ទាំង​​​នេះសាង​សង់​រួច​រាល់​​ខេត្ត​ព្រះ​សី​ហនុ​នឹង​ក្លាយជា​​ទី​តាំង​សម្រាប់​​ពាណិជ្ជ​ម្ម​និង​សេដ្ឋ​កិច្ច​អន្តរ​ជាតិ​។​

សម្តេចនាយក​រដ្ឋមន្រ្តី ហ៊ុន សែន បើក​បញ្ជា​គ្រឿង​ចក្រ​ក្នុង​ពិធី​សម្ពោធ​​ការ​ដ្ឋាន​ស្ថាបនា​ឡើង​វិញ​​​ផ្លូវ​៣៤ ខ្សែ​ (រូបភាព៖ ហ្វេសប៊ុក​ផេក​ Samdech Hun Sen, Cambodian Prime Minister)

អត្តបទប្រភេទ៖

👉👉👉 ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក្យទាក់ទង