ភ្នំពេញ៖ សារព័ត៌មានសេដ្ឋកិច្ចដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក Forbes បានចេញផ្សាយអត្ថបទមួយកាលពីថ្ងៃ ៣០ ធ្នូ ២០១៩ ដោយបានបញ្ជាក់ថាកម្ពុជា គឺជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេទី ៥ នៅក្នុងតំបន់អាស៊ីប្រចាំឆ្នាំ ២០២០។
Forbes បានដកស្រង់ទិន្នន័យសេដ្ឋកិច្ចរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយបញ្ជាក់ថា កម្ពុជានឹងមានកំណើនសេដ្ឋកិច្ច ៦,៨ ភាគរយនៅឆ្នាំ ២០២០។ កំណើនសេដ្ឋកិច្ចបានរួមចំណែកដោយ កំណើនការវិនិយោគរបស់ចិននៅកម្ពុជាដែលកំពុងបន្ថែមការវិនិយោគពីឧស្សាហកម្មកាត់ដេរដែលមានស្រាប់ មកការវិនិយោគលើវិស័យអចលនទ្រព្យ រមណីយដ្ឋាន ឆ្នេរសមុទ្រ និងហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ និងអាកាសយានដ្ឋាន។

ប៉ុន្តែយ៉ាងណាក៏ដោយ កំណើនសេដ្ឋកិច្ច ៦,៨ ភាគរយនេះ គឺបានបង្ហាញពីអត្រាទាបជាងមុននៃកំណើនសេដ្ឋកិច្ចកម្ពុជា ដែលធ្លាប់មាន ៧ ភាគរយ ឬលើសពីនេះ រាប់ចាប់តាំងពីឆ្នាំ២០១១ មក។
កំណើនសេដ្ឋកិច្ចជាទូទៅតែងមានអត្រាខ្ពស់នៅប្រទេសដែលកំពុងអភិវឌ្ឍន៍ជាងប្រទេសដែលអភិវឌ្ឍន៍ស្រាប់។
ខាងក្រោមនេះគឺជាបណ្តាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេទាំង ៦ នៅអាស៊ីដែលត្រូវបាន Forbes ដកស្រង់យកមកបង្ហាញក្នុងអត្ថបទ។
១ – ប្រទេស បង់ក្លាដេស៖ អត្រាកំណើនសេដ្ឋកិច្ច ៨ ភាគរយ
២ – ប្រទេស ឥណ្ឌា៖ អត្រាកំណើនសេដ្ឋកិច្ច ៧,២ ភាគរយ
៣ – ប្រទេស តាជីគីស្ថាន៖ អត្រាកំណើនសេដ្ឋកិច្ច ៧ ភាគរយ
៤ – ប្រទេស មីយ៉ាន់ម៉ា៖ អត្រាកំណើនសេដ្ឋកិច្ច ៦,៨ ភាគរយ
៥ – ប្រទេសកម្ពុជា៖ អត្រាកំណើនសេដ្ឋកិច្ច ៦,៨ ភាគរយ
៦ – ប្រទេសវៀតណាម៖ អត្រាកំណើនសេដ្ឋកិច្ច ៦,៧ ភាគរយ
ប្រទេសកំពុងអភិវឌ្ឍន៍នៅអាស៊ីផ្សេងទៀតដែល ADB ព្យាករណ៍ថានឹងមានកំណើនសេដ្ឋកិច្ចលើសពី ៦ ភាគរយរួមមានដូចជា នេប៉ាល់ និងម៉ាល់ឌីវ ដែលមានអត្រាកំណើន ៦,៣ ភាគរយ ឡាវ និងហ្វីលីពីន ៦,២ ភាគរយ ខណៈម៉ុងហ្គោលី ៦,១ ភាគរយ។