ក្រុងព្រះសីហនុ៖ កោះរ៉ុង ដែលជាកោះមួយរបស់ក្រុងព្រះសីហនុ ទើបទទួលបានគម្រោងវិនិយោគរីសតថ្មីមួយដែលមានទុនវិនិយោគ ២ ពាន់លានយាន់ (២៨៦ លានដុល្លារ) ជាគម្រោងដែលគេរំពឹងថានឹងធ្វើឲ្យខេត្តព្រះសីហនុកាន់តែទាក់ទាញសម្រាប់ពាណិជ្ជកម្ម និងទេសចរ នាពេលខាងមុខ។
គម្រោងរីសតថ្មីនេះមានឈ្មោះថា «Koh Rong Royal Silver Beach Recreation Area» ត្រូវបានធ្វើពិធីប្រកាសសម្ពោធកាលពីថ្ងៃ ២៨ ធ្នូ ដែលជាការសហការវិនិយោគរវាងក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុន Royal Galaxy Group របស់វិនិយោគិនចិន។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន Royal Group។

សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា គម្រោងរីសត«Koh Rong Royal Silver Beach Recreation Area» នេះនឹងរួមមានសណ្ឋាគារលំដាប់ផ្កាយប្រាំ មជ្ឈមណ្ឌលសន្និបាតអន្តរជាតិ ក្លឹបជិះទូក ហាងលក់ទំនិញរួចពន្ធ ផ្ទះវីឡាគយគន់ទេសភាពសមុទ្រ ៦០០ ខ្នង ដែលមានទីតាំងស្នាក់នៅសម្រាប់មនុស្ស ៣ ០០០ នាក់។
សេចក្តីរាយការណ៍របស់ទូរទស្សន៍ CNC ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Royal Group បានស្រង់សម្តីរបស់អ្នកឧកញ៉ាគិត ម៉េងថា៖«ក្រុមហ៊ុននឹងបន្តសាងសង់សណ្ឋាគារនិងរមណីយដ្ឋានលំដាប់អន្តរជាតិ ព្រមទាំងកាស៊ីណូច្រើនទៀតដើម្បីអភិវឌ្ឍកោះរ៉ុងនេះឱ្យប្រែក្លាយជាកោះប្រវត្តិសាស្ត្រជាគំរូល្អសម្រាប់ប្រជាជនកម្ពុជា»។
គម្រោងរីសត «Koh Rong Royal Silver Beach Recreation Area» គឺជាគម្រោងថ្មីបន្ថែមពីគម្រោង សណ្ឋាគារលំដាប់ផ្កាយប្រាំ The Royal Sand Koh Rong ដែលត្រូវបានវិនិយោគដោយក្រុមហ៊ុន Royal Group និងបានសម្ពោធឱ្យដំណើរការកាលពីខែមេសា ឆ្នាំ២០១៩។
កោះរ៉ុង គឺជាសង្កាត់មួយនៃក្រុងព្រះសីហនុ ដែលមានចម្ងាយ ២៥ គីឡូម៉ែត្រពីដីគោកនៃក្រុងព្រះសីហនុ ជាទីដែលទីផ្សារអចលនទ្រព្យដូចជាអគារសម្រាប់ជួល និងដីធ្លីបានរងផលប៉ះពាល់ខ្លះៗបន្ទាប់ពីមានការចាកចេញយ៉ាងគម្ហក់នៃជនជាតិចិនជាអ្នកលេងល្បែងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាប្រកាសឈប់ផ្តល់អជ្ញាប័ណ្ណល្បែងតាមអនឡាញ។

លោក អ៊ឹម សេងហួ ប្រធានសាខាក្រុមហ៊ុន Century 21 Lay Min Realty ខេត្តព្រះសីហនុបានលើកឡើងថា គម្រោងរីសតថ្មីដែលទើបប្រកាសសម្ពោធនេះនឹងរួមចំណែកក្នុងការទាក់ទាញកំណើនវិនិយោគិន និង ទេសចរមកខេត្តព្រះសីហនុដែលនឹងធ្វើឲ្យទីផ្សារអចលនទ្រព្យនៅខេត្តជាប់សមុទ្រនេះមានភាពប្រសើរឡើងនាពេលខាងមុខ។
លោកថ្លែងថា៖«អ្នកដែលចូលមកនាពេលនេះ គឺមិនមែនអ្នកចូលមកលេងល្បែងដូចមុន ដែលត្រូវការចាយលុយគម្ហក់ហើយចេញវិញភ្លាមៗនោះទេ។ វិនិយោគិនដែលចូលមកពេលនេះគឺសុទ្ធសឹងអ្នកវិនិយោគពិតប្រាកដ ដែលវានឹងក្លាយជារឿងល្អសម្រាប់ទីផ្សារអចលនទ្រព្យរយៈពេលវែង»។

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុធ្លាប់បានថ្លែងក្នុងពិធីបើកសម្ពោធជាផ្លូវការក្រុមហ៊ុន Century 21 Lay Min Realty ខេត្តព្រះសីហនុកាលពីថ្ងៃសៅរ៍ទី ២៣ វិច្ឆិកា ឆ្នាំ ២០១៩ថា ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តព្រះសីហនុកំពុងរងការខូចខាត ហើយអាចប៉ះពាល់អារម្មណ៍អ្នកវិនិយោគនាពេលនេះ។ តែលោកលើកឡើងថា ការដ្ឋានស្ថាបនាផ្លូវ ៣៤ ខ្សែដែលមានប្រវែងសរុប ៨៤,៥ គីឡូម៉ែត្រ ត្រូវបានដំណើរការស្ថាបនាឡើងវិញហើយនៅពេលហេដ្ឋារចនាសម្ព័ន្ធទាំងនេះសាងសង់រួចរាល់ ខេត្តព្រះសីហនុនឹងក្លាយជាទីតាំងសម្រាប់ពាណិជ្ជម្ម និងសេដ្ឋកិច្ចអន្តរជាតិ។
លោកថ្លែងថា៖«អ្នកធ្វើជំនួញខាងផ្នែកអចលនទ្រព្យ គេតែងយកឱកាសនេះដើម្បីបង្កើនជាសក្តានុពលព្រោះថានៅពេលដែលផ្លូវថ្នល់កសាង [រួចរាល់] ទៅ នឹងធ្វើឲ្យតម្លៃអចលនទ្រព្យមានការកើនឡើង ហើយធ្វើឲ្យទីផ្សារអចនលទ្រព្យក៏ត្រូវប៉ាន់»។
