ភ្នំពេញ៖ គម្រោងផ្សារទំនើបជីប ម៉ុង សែន សុខ បានទទួលការលើកទឹកចិត្តជាផ្លូវការពីរដ្ឋាភិបាលកម្ពុជាហើយ បន្ទាប់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចផ្តល់សិទ្ធជាស្ថាពរដើម្បីធ្វើឲ្យគម្រោងនេះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលប្រព័ន្ធលើកទឹកចិត្តនានាពីរដ្ឋាភិបាល។
សេចក្តីជូនដំណឹងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលចេញផ្សាយនៅថ្ងៃសុក្រទី ២៧ ខែធ្នូ ឆ្នាំ ២០១៩ បានឲ្យដឹងថាគណៈកម្មាធិការវិនិយោគនៃ CDC បានចុះបញ្ជីជាស្ថាពរលើគម្រោងស្នើសុំវិនិយោគរបស់ក្រុមហ៊ុន CHIP MONG RETAIL CO., LTD ដើម្បីសាងសង់ផ្សារទំនើប ដែលមានទីតាំងនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្នុងទឹកប្រាក់ស្នើសុំវិនិយោគ ៤១,៥លានដុល្លារអាមេរិក។ គម្រោងនេះអាចបង្កើតការងារបានចំនួន ៣៣៨កន្លែង។

ទីតាំងផ្សារទំនើប ជីប ម៉ុង សែន សុខ ស្ថិតនៅតាមបណ្តោយផ្លូវឧកញ៉ា ម៉ុង ឫទ្ធី និងនៅជិតផ្សារបោះដុំម៉ាក្រូ និងនៅជិតផ្សារទំនើប អ៊ីអន សែន សុខ។
ផ្សារទំនើប ជីប ម៉ុង សែន សុខ ត្រូវបានបើកការដ្ឋានសាងសង់តាំងពីខែកក្កដាឆ្នាំ ២០១៨ ហើយបើយោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនជីប ម៉ុង ផ្សារទំនើប ជីបម៉ុងសែនសុខនេះ រំពឹងថានឹងបញ្ចប់ការសាងសង់ ហើយនឹងបើកឲ្យដំណើរការនៅឆ្នាំ ២០២០ ខាងមុខនេះ។