លំនៅឋានតម្លៃសមរម្យនៅតែមានសកម្មភាពទិញលក់ល្អ

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ ទីផ្សារលំនៅឋានតម្លៃសមរម្យ​នៅតែ​មាន​ការទិញ-លក់ខ្លាំងនៅក្នុងស្ថានភាពមិនអំណោយផលនៃអំឡុងពេលកូវីដនេះ តែការ​ទិញ-លក់លំនៅឋានដែលមានតម្លៃខ្ពស់ៗចាប់ពី ២០ ម៉ឺនដុល្លារ​​ហាក់មានការថម​ថយ។ នេះបើតាមអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ។

លោក ឡុង គីមសួគ៌ អគ្គនាយកក្រុមហ៊ុន Century 21 Advanced Property បានលើកឡើង​ក្នុងកម្មវិធីកិច្ចពិភាក្សាប្រចាំសប្តាហ៍ស្តីពីឱកាសការងារ និងវិនិយោគអចលនទ្រព្យកាលពីថ្ងៃទី ២២ ខែមីនាថា ប្រជាពលរដ្ឋមាន​ជីវភាពកម្រិតមធ្យមនិងបង្គួរមានការកើនឡើង ហើយកត្តានេះ​ជំរុញឱ្យមានកំណើនតម្រូវការ​លំនៅឋានតម្លៃសមរម្យ បើទោះបីជាពេលនេះសេដ្ឋកិច្ចកំពុងរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ក្តី។

លោកថ្លែងថា៖ «​យើងសង្កេតឃើញថា អចលនទ្រព្យជាប្រភេទ​លំនៅឋានដែលមានតម្រូវការខ្លាំងហ្នឹង គឺប្រភេទលំនៅឋានតម្លៃដែលមានតម្លៃចន្លោះពី ៥ម៉ឺនដុល្លារ រហូតដល់ ២០ម៉ឺនដុល្លារ ដែលលំនៅឋាននេះនៅតែ​មានការទិញដូរច្រើន។ ប៉ុន្តែ បើតម្លៃខ្ពស់ជាងនេះគឺ មិនសូវមានសកម្មភាពច្រើននោះទេ។»​

ផ្ទះគឺជាតម្រូវការមូលដ្ឋានរបស់មនុស្ស ហើយហេតុដោយច្នេះហើយ ប្រភេទផលិតផលបែបនេះនៅតែមានតម្រូវការខ្ពស់ជាពីសេស​ផ្ទះដែលមានតម្លៃសមរម្យ បើទោះបីជាប្រជាពលរដ្ឋជាច្រើនកំពុងរងផលប៉ះពាល់ក្តី។

បើតាម លោកគីមសួគ៌ លំនៅឋានតម្លៃសមរម្យជាច្រើនកំពុងមានការវិនិយោគនៅតាមតំបន់ជាយៗរាជធានីភ្នំពេញដោយមានតម្លៃដីនៅធូរ​ថ្លៃ​។

តាមទិន្នន័យពីក្រុមហ៊ុន Z1 Data Co., LTD (Cambodia) ខណ្ឌចំនួនបួនដែលជាតំបន់មានការវិនិយោគយ៉ាងផុសផុលលើសំណង់លំនៅឋានមានដូចជាខណ្ឌ ដង្កោ កំបូល ព្រែកព្នៅ និងខណ្ឌពោធិ៍សែនជ័យ។ ខណ្ឌទាំងបួននេះបូកបញ្ចូលគ្នាមាន​ចំនួនលំនៅឋានសរុប ៩៨ ៧២៣ ខ្នង គិតត្រឹមឆ្នាំ២០២០ ដែលមានចំណែកប្រមាណ ៥៣ ភាគរយ នៃចំនួនលំនៅឋានសរុបក្នុងរាជធានីភ្នំពេញ (បណ្តុំសំណង់បុរី ផ្ទះល្វែងដែលសាងសង់ដោយក្រុមហ៊ុនឯកជន)។

ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ធ្លាប់បានបញ្ជាក់ក្នុងវេទិការមួយកាលពីខែមករា កន្លងមកថា  ប្រតិបត្តិការទិញ-លក់លំនៅឋានដែលមានតម្លៃក្រោម ៧ ម៉ឺន​ដុល្លារនៅតែរក្សាមានកំណើនល្អ ដោយសារថាការទិញ លក់ អចនទ្រព្យតម្លៃស្មើរ និង ក្រោម ៧ ម៉ឺនដុល្លារនេះទទួលបានការលើកលែងពន្ធប្រថាប់ត្រាពីរដ្ឋាភិបាល។ ដោយឡែក លំនៅដ្ឋាន និងខុនដូដែលមានតម្លៃខ្ពស់មានការថមថយ។

តាមទិន្នន័យពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញថា ការវិនិយោគ និងតម្រូវការលំនៅឋានផ្ទះល្វែង នៅតែបន្តមានតម្រូវការគួរកត់សម្គាល់ ដែលចំនួននៃការលក់ផ្ទះមានប្រមាណ ៤ ៨៤០ ខ្នង កាលពីឆ្នាំ២០២០ កើនពីត្រឹម ២ ៧៧០ខ្នង កាលពីឆ្នាំ២០១៩។ ចំនួននៃការលក់ផ្ទះនេះ មានអត្រាកំណើនប្រមាណ ៧៥ ភាគរយ។

អ្នកស្រីហ្គ្រេស រចនី អគ្គនាយិការក្រុមហ៊ុនអចលនទ្រព្យ Century 21 Cambodia បាន​បញ្ជាក់ថា តម្រូវការលំនៅឋាន​បុរីដែលមានតម្លៃ​មធ្យមនៅតែរក្សាបានដំណើរការល្អ ដោយសារតែម្ចាស់គម្រោងផ្តោតលើអតិថិជន​ក្នុងស្រុក។

លោកស្រី​បានឱ្យដឹងថា៖​«ម្ចាស់គម្រោងនៅតែបន្តអភិវឌ្ឍ និងបើកដំណើរការគម្រោង​ថ្មីៗរបស់ពួកគេពីមួយដំណាក់កាលទៅមួយដំណា​ក់កាល ដែលមិនឃើញជាសញ្ញាណាមួយដែលថាការផ្គត់ផ្គង់នេះលើសពីតម្រូវក្នុងទីផ្សារនោះទេ។ ម្យ៉ាងវិញទៀតម្ចាស់គម្រោងប្រើប្រា​ស់យុទ្ធសាស្រ្ត ដែលផ្តល់លក្ខណ្ឌក្នុងការលក់ទៅឱ្យអតិថិជនមានភាពងាយស្រួលជាងឆ្នាំមុនៗ»។

លោកស្រីបានបន្ថែមថា សម្រាប់លំនៅឋានដែលមានតម្លៃមធ្យម​នៅតែដំណើរការល្អព្រោះអតិថិជនទិញគម្រោងលំនៅឋានកម្រិតនេះ គឺទិញដើម្បីរស់នៅ មិនមែន​សម្រាប់វិនិយោគបន្ត​នោះទេ។

*** ចុច Subscribe ឆានែល Telegram របស់ Z1News ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Leave a Reply

Your email address will not be published. Required fields are marked *