ក្រុមហ៊ុន CP All គ្រោងនាំយកហាងកាហ្វេលំដាប់ខ្ពស់ និងហាង 7-Eleven មកកម្ពុជាដំណាលគ្នា

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ បន្ទាប់ពីសម្រេចកិច្ចព្រមព្រៀងនាំយកហាងលក់រាយលំដាប់អន្តរជាតិ 7-Eleven មកកម្ពុជារួចរាល់ ក្រុមហ៊ុនថៃ CP ALL ក៏បានបង្ហាញគម្រោងនាំយកហាងកាហ្វេទំនើបមួយទៀតឈ្មោះ Bellinee’s Bake & Bakery មកកម្ពុជាដោយគ្រោងបើកដំណើរការនៅដើមឆ្នាំក្រោយ។

ការនាំយកហាងលក់រាយលំដាប់អន្តរជាតិ និងហាងកាហ្វេថ្មីនេះមកកម្ពុជានឹងជួយបង្កើនតម្រូវការទីតាំង អាជីវកម្មនៅតំបន់ពាណិជ្ជកម្មល្អៗដែលនឹងបង្កើតឱកាសបន្ថែមទៀតដល់ទីផ្សារអចលនទ្រព្យកម្ពុជា។

ឯកឧត្តម អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានបញ្ជាក់ពីព័ត៌មាននេះបន្ទាប់ពីជំនួបពិភាក្សាកាលពីថ្ងៃពុធជាមួយលោក ឆារ៉ាត់ លីគីតគុនណាវង្ស ទីប្រឹក្សាអគ្គនាយកក្រុមហ៊ុន CP ALL ដោយខាងក្រុមហ៊ុន CP All បញ្ជាក់ថាក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុនដៃគូនៅកម្ពុជារួចរាល់ហើយដើម្បីបើកដំណើរការហាងកាហ្វេនេះនៅកម្ពុជាចាប់ពីឆ្នាំ ២០២១ តទៅ។

ឯកឧត្តម អ៊ូក សោភ័ណ បានថ្លែងថា៖«ទីតាំងគឺសំខាន់ណាស់សម្រាប់ពួកគេ ដោយសារថាមានហាងកាហ្វេច្រើនណាស់នៅលើទីផ្សារ។ ដោយសារថាពួកគេផ្តោតលើទីផ្សារសម្រាប់អភិជន យើងបានផ្តល់យោបល់ឲ្យពួកគេដាក់ទីតាំងនៅអគារការិយាល័យស្ថាប័នរដ្ឋាភិបាល ឬក៏ផ្សារទំនើបសិន»។

ឯកឧត្តមបន្តថាជំហ៊ានបន្ទាប់ក្រុមហ៊ុននឹងពង្រីកចំនួនហាងដែលនឹងត្រូវការទីតាំងល្អៗ ហើយបន្ទាប់មកនឹងបន្តពង្រីកដល់ខេត្តព្រះសីហនុ ជាទីដែលសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងអចលនទ្រព្យកំពុងរីកចម្រើន។

​ក្រុមហ៊ុន​ CP ALL ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ CP Group ក៏គ្រោង​នឹងបើក​ដំណើរការហាងលក់រា​យលំដាប់អន្តរជាតិ 7-Eleven ដើម្បីដាក់ដំណើរការនៅភ្នំពេញនៅឆ្នាំ ២០២១ ផងដែរ ដោយបានសម្រេចកិច្ចព្រមព្រៀងទទួលសិទ្ធិផ្តាច់មុខពីក្រុមហ៊ុនដើម 7-Eleven, Inc នៅអាមេរិករួចហើយ។ ក្រុមហ៊ុន​ CP All គ្រោងនឹងបើកសាខា 7-Eleven ចន្លោះពី ៧០០ ទៅ​ ១០០០ កន្លែង​នៅកម្ពុជា។

វត្តមានបើកដំណើរការ​ហាងលក់រាយ 7-Eleven និង​ហាងកាហ្វេរបស់ក្រុមហ៊ុន CP All នេះនឹងមានឥទ្ធិពលដល់វិស័យលក់រាយក្នុងស្រុក ជាពិសេសការបង្កើនតម្រូវការទីតាំងអាជីវកម្ម៕

Leave a Reply

Your email address will not be published. Required fields are marked *