ខេត្តកណ្តាលទទួលទុនវិនិយោគជាង ២០០ លានដុល្លារក្នុងរយៈពេល៨ខែឆ្នាំនេះ

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ខេត្តកណ្តាល៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោង​ចំនួន ១២ ក្នុងខេត្តកណ្តាលនៅរយៈពេល៨ខែដំបូងឆ្នាំ ២០២០ នេះដែលមានទុនវិនិយោគសរុបជាង ២១៩ លាន​ដុល្លារ។​

យោងតាមការ​ចេញផ្សាយរបស់ CDC ដែលជាស្ថានប័នរដ្ឋាភិបាលក្នុងការពិនិត្យនិងសម្រេចគម្រោងវិនិយោគនានាដែលត្រូវបានលើកទឹកចិត្តដោយរដ្ឋាភិបាល គម្រោងទាំង ១២ នេះត្រូវបានអនុម័តពីខែមករា​ ដល់ សីហា ហើយអាចបង្កើតការងារសរុបជាង ១ ម៉ឺននាក់។​

ប្រភពដដែលបានបន្តថា គម្រោងវិនិយោគទាំងនេះភាគច្រើនផ្តោតលើវិស័យឧស្សាហកម្ម ដូចជារោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប និង​រោងចក្រ​ផលិតកេសកាតុង។ ក្រៅពីនេះ ក៏មានរោងចក្រផលិត និងផ្គុំដំឡើង​បន្ទះសូឡា និងរោងចក្រផលិតស្រាបៀរ និងភេសជ្ជៈមួយកន្លែងផងដែរ។

គម្រោងទាំងនេះរាយប៉ាយក្នុងស្រុកមួយចំនួនក្នុងខេត្តកណ្តាល មានដូចជាស្រុកអង្គស្នួល ស្រុកពញាឮ ស្រុកកោះធំ  ស្រុកកណ្តាលស្ទឹង និងសង្កាត់សិត្បូ ក្រុងតាខ្មៅ។ ក្នុងនោះស្រុកអង្គស្នូល ទទួលបានគម្រោងវិនិយោគច្រើនជាងគេ​ រហូត​ដល់ ៧គម្រោងនៃគម្រោងវិនិយោគសរុប។

ស្រុកអង្គស្នូល ស្ថិតនៅប៉ែកខាងលិចនៃរាជធានីភ្នំពេញ តាមបណ្តោយជាតិលេខជាតិលេខ៤ ដែលជាការតភ្ជាប់រវាងប៉ូលសេដ្ឋកិច្ចពីររបស់កម្ពុជាគឺ រាជធានីភ្នំពេញ និង​ខេត្តព្រះសីហនុ។

រោងចក្រឧស្សាហកម្មមួយកន្លែងស្ថិតនៅម្តុំខាងក្រោយផ្សារអង្គស្នូល

យោងតាមទិន្ន័យបច្ចុប្បន្នភាពរបស់រដ្ឋបាលខេត្តកណ្តាលដែលចេញផ្សាយកាលពីចុងខែ ឧសភា ឆ្នាំ២០២០ បានបង្ហាញថា ខេត្តនេះមានរោងកច្រសហគ្រាសចំនួនសរុប ២៥០ មូលដ្ឋាន ​​មានដូចជាផ្នែកកម្មន្តសាលវាយនភ័ណ្ឌ សម្លៀកបំពាក់ ផលិតផលពីស្បែក និងផ្នែកផ្សេងៗទៀត។ ប្រភពដដែលបានគូសបញ្ជាក់ថា សេដ្ឋកិច្ចខេត្តនេះទទួលបានពីវិស័យកសិកម្ម ៣៨,៧% ឧស្សាហកម្ម ៣៤,២% និង​សេវាកម្ម ២៧,១%។

ខេត្តកណ្តាលមានក្រុងមួយ​ និងស្រុកចំនួន១០  ដែលរាយប៉ាយនៅជុំវិញរាជធានីភ្នំពេញ។ បើតាមអ្នកឯកទេសដីធ្លី បានអះអាងថា ភូមិសាស្រ្តខេត្តកណ្តាលនេះមានសក្តានុពលខ្ពស់សម្រាប់ការវិនិយោគដីធ្លីនាពេលបច្ចុប្បន្ន ហើយទទួលបានចំណេញខ្ពស់នាពេលអនាគត ព្រោះការរីកសាយនៃការអភិវឌ្ឍក្រុង នឹងជួយបង្កើនតម្លៃទីផ្សារ​ដីធ្លី។

គួររំលឹកផងដែរថា សាលារាជធានីភ្នំពេញកាលពីដើមឆ្នាំ ២០១៩ បានស្នើឱ្យ​ម្ចាស់​រោងចក្រ សហគ្រាស ឃ្លាំង​ស្ដុក​ទំនិញ និង​យានដ្ឋាន​ធំៗ​ត្រូវ​រៀបចំ​ប្ដូរ​ទីតាំង​ទៅ​ជាយ​ក្រុង​តាម​ផ្លូវ​ក្រវាត់​ក្រុង​ទី៣ នៅឆ្នាំ២០២១ ពោលគឺបន្ទាប់ពីផ្លូវក្រវ៉ាត់ក្រុងមួយនេះសាងសង់រួចរាល់។

Leave a Reply

Your email address will not be published. Required fields are marked *