ទម្លាប់ល្អទាំង១០ចំណុចនេះដែលវិនិយោគិនអចលនទ្រព្យជោគជ័យអនុវត្តជាប្រចាំ

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ការវិនិយោគលើអចលនទ្រព្យអាចនឹងជោគជ័យ ប៉ុន្តែបើមិនដឹងពីវិធីសាស្រ្តក្នុងការវិធីវិនិយោគ នោះលោកអ្នកអាចប្រឈមនឹងហានិភ័យខ្ពស់។ វិធីសាស្រ្តនិងចរិកលក្ខណៈចំបាច់មួយចំនួនខាងក្រោមនេះជាអ្វីដែលអ្នករកស៊ីក្នុងវិស័យអលនទ្រព្យជោគជ័យតែងប្រកាន់ភ្ជាប់ ហើយយកមកអនុវត្តន៍ជាប្រចាំ៖

) រៀបចំផែនការឱ្យបានច្បាស់លាស់៖ ការវិនិយោគក្នុងវិស័យអចលនទ្រព្យអាចមានភាពស្មុគស្មាញ ដែលទាមទារឱ្យមានផែនការជាក់លាក់ ព្រោះការមានផែនការច្បាស់លាស់ហើយត្រឹមត្រូវអាចធ្វើឱ្យវិនិយោគិនរៀបចំនិងបំពេញភារកិច្ចបានយ៉ាងល្អ។ ហើយជារួម វាជួយឱ្យពួកគេមើលឃើញពីទិដ្ឋភាពក្នុងការវិនិយោគគ្រប់ជ្រុងជ្រោយ។ ផែនការនេះរួមមាន ការចេះប៉ាន់ប្រមាណទុនសម្រាប់វិនិយោគ, លំហូរសាច់ប្រាក់បានមកពីកា​រជួលអចលនទ្រព្យ, កត្តាបម្រែបម្រួលប្រជាសាស្រ្ត និងកត្តាផ្សេងៗទៀតដែលអាចប៉ះពាល់ក្នុងអំឡុងពេលវិនិយោគ។

) យល់ដឹងពីទីផ្សារ៖ អ្នករកស៊ីវិស័យអចលនទ្រព្យពូកែត្រូវមានចំណេះដឹងស៊ីជម្រៅពីទីផ្សារដែលពួកគេបានជ្រើសរើស។ ឧទាហរណ៍ដូចជាការ​ជ្រើសរើសតំបន់ជាក់លាក់មួយ ហើយថាតើត្រូវផ្តោតលើការវិនិយោគអចលនទ្រព្យលំនៅឋាន ឬអចលនទ្រព្យពាណិជ្ជកម្ម។ បន្ថែ​មពីនេះ​ក៏ត្រូវ​ស្វែងយល់ពីនិន្នាការបច្ចុប្បន្ន​ រួមទាំងបម្រែបម្រួលទម្លាប់នៃការចំនាយរបស់អតិថិជន, អត្រាការប្រាក់កម្ចី និងអត្រាគ្មានការងារធ្វើជាដើម។ កត្តាទាំងនេះជួយឱ្យវិនិយោគិនអចលនទ្រព្យយល់ពីស្ថានភាពបច្ចុប្បន្ន ហើយរៀបចំផែនការសម្រាប់អនាគត។ ពោលគឺការណ៍នេះជួយឱ្យ​ពួកគេអាចព្យាករណ៍និន្នាការដែលអាចមានការប្រែប្រួល ហើយបង្កើតសក្តានុពលសម្រាប់ឱកាសការវិនិយោគ។

) មានភាពស្មោះត្រង់៖ វិនិយោគិនពូកែ ជាទូទៅជាបុគ្គលដែលមានក្រមសីលធម៌ខ្ពស់ ព្រោះមិនថាការវិនិយោគអចលនទ្រព្យ ឬអាជីវកម្មផ្សេងៗនោះទេ តែងមានការពាក់ព័ន្ធ និងទំនាក់ទំនងជាមួយមនុស្សជាច្រើន។ ហេតុដូច្នេះពួកគេត្រូវតែកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនឱ្យបានល្អ។ មិនតែប៉ុណ្ណោះ វិនិយោគិនអចលនទ្រព្យដែលជោគជ័យដឹងថាការមានភាពយុត្តិធម៌សំខាន់ជាងការសម្លឹងមើលឃើញតែផលប្រយោជន៍ផ្ទាល់ខ្លួន។

៤) បង្កើតចំណុចផ្តោតសម្រាប់ការវិនិយោគ៖   ជារឿង​សំខាន់សម្រាប់វិនិយោគិន​ក្នុង​ការបង្កើតចំណុចផ្តោត ទទួលបានចំណេះដឹងឱ្យស៊ីជម្រៅ ដើម្បីឈានទៅរកភាពជោគជ័យ។ ប៉ុន្តែ​មុននឹងឈានដល់កម្រិតនេះ គឺ​ត្រូវការពេលវេលាដើម្បីសិក្សាស្វែងយល់ពីចំណែកទីផ្សារណា​មួយជាក់លាក់ជាមុនសិន ដែលជាផ្នែកចំបាច់សម្រាប់ភាពជោគជ័យយូរអង្វែង។ នៅពេលដែលមានចំណេះដឹងស្ទាត់ជំនាញលើចំណែកទីផ្សារជាក់លាក់ណាមួយហើយ (ឧទាហរណ៍ដូចជាចំណេះដឹងវិនិយោគផ្នែកលំនៅឋានសម្រាប់អ្នកមាន ឬការចាប់យកទីផ្សារ​លំនៅឋានសម្រាប់អ្នកមានចំណូលទាប) នោះនឹងជួយឱ្យពួគចាប់យកទីចំណែកទីផ្សារផ្សេងៗបន្ថែមទៀតដោយប្រើជំនាញដែលមានស្រាប់។

៥) មានអាកប្បកិរិយាល្អចំពោះអតិថិជនគោលដៅ៖ វាគឺជារឿងសំខាន់ដែលវិនិយោគិនចេះប្រព្រឹត្តដោយក្តីគោរពចំពោះអ្នកដ៏ទៃដូចជា ដៃគូរអាជីវកម្ម អតិថិជន អ្នកជួល ឬអ្នកផ្សេងទៀតដែលវិនិយោគិនមានទំនាក់ទំនងអាជីវកម្មជាមួយ។ វិនិយោគិនដែលពូកែគឺត្រូវយកចិត្តទុកដាក់ទៅលើពត៌មានលំអិត ស្តាប់និងឆ្លើយតបទៅនឹងចំងល់នានា ក៏ដូចជាផ្សព្វផ្សាយអាជីវកម្មប្រកបដោយភាពវិជ្ជមាននិងវិជ្ជាជីវៈ។

៦) បន្តការរៀនសូត្រ ដើម្បីសំលៀងចំណេះដឹងឱ្យកាន់តែមុតស្រួច៖ ដូចគ្នានឹងអាជីវកម្មផ្សេងទៀតដែរ វាជារឿងចាំបាច់ក្នុងការយល់ដឹងពីច្បាប់ បទបញ្ញត្តិ និងនិន្នាការដែលជាមូលដ្ឋាននៃអាជីវកម្មសម្រាប់វិនិយោគិនអចលនទ្រព្យ។ វិនិយោគិនដែលជោគជ័យតែងតែមានការយល់ដឹងពីច្បាប់ទាំងនេះហើយអាចសម្របខ្លួនទៅនឹងការផ្លាស់ប្តូរបទបញ្ញត្តិឬនិន្នាការសេដ្ឋកិច្ច។ លើសពីនេះទៅទៀត ពួកគេយល់ពីច្បាប់អចលនទ្រព្យ ពន្ធ ការផ្តល់កម្ចី និងបទបញ្ញត្តិនានា ដែលអាចជះឥទ្ធិពលដោយផ្ទាល់ឬប្រយោលដល់អាជីវកម្មរបស់ពួកគេ។

៧) ស្វែងយល់ពីហានិភ័យ៖ វិនិយោគិនអចលនទ្រព្យយល់ដឹងអំពីហានិភ័យ  ដែលមិនត្រឹមតែទាក់ទងនឹងការទិញលក់អចលនទ្រព្យប៉ុណ្ណោះទេ ប៉ុន្តែក៏ពាក់ព័ន្ធនឹងបញ្ហាផ្លូវច្បាប់ផងដែរ ដើម្បីធ្វើការកែសម្រួលអាជីវកម្មរបស់ពួកគេក្នុងការកាត់បន្ថយហានិភ័យផ្សេងៗដែលអាចកើតមាន។

៨) វិនិយោគលើជំនាញគណេយ្យ៖ ផ្នែកពន្ធដាររួមចំណែកសំខាន់នៃការចំណាយប្រចាំឆ្នាំរបស់វិនិយោគិនអចលនទ្រព្យ។ វិនិយោគិនអចលនទ្រព្យពូកែតែង​ភ្ជាប់ចំណេះដឹងជាមួយនឹងជំនាញគណនេយ្យ ដើម្បី​គ្រប់គ្រងបញ្ចីអាជីវកម្មរបស់ពួកគេឱ្យមានប្រសិទ្ធិភាព។

៩) រកជំនួយ៖ ការរៀនសូត្រក្នុងការរកស៊ីលើវិស័យអចលនទ្រព្យគឺជាបញ្ហាប្រឈមសម្រាប់អ្នកដែលព្យាយាមធ្វើអ្វីៗដោយខ្លួនឯង។ ជោគជ័យក្នុងការវិនិយោគអចលនទ្រព្យអាចទទួលបានពីការណែនាំ និងការរួមចំណែកពីមនុស្សមួយចំនួនដូចជា អ្នកណែនាំជំនាញ មេធាវី ឬមិត្តភក្តិ។ មិនតែប៉ុណ្ណោះ វិនិយោគិនអចលនទ្រព្យជោគជ័យតែងតែប្រឹក្សាជាមួយអ្នកជំនាញ ជាជាងយកពេលវេលានិងលុយទៅប្រថុយនឹងការវិនិយោគតែឯកឯង។ ​

១០) បង្កើតបណ្តាញ៖ ការបង្កើតទំនាក់ទំនងជាមួយអ្នកអាជីពអាចផ្តល់នូវការគាំទ្រដ៏សំខាន់ តែងបង្កើតឱកាសសម្រាប់វិនិយោគិនអចលនទ្រព្យថ្មីថ្មោង និង​វិនិយោគិនមានបទពិសោធន៍ ។ ការមានទំនាក់ទំនងជាមួយ អ្នកណែនាំ ឬទីប្រឹក្សាជំនាញ ដៃគូអាជីវកម្ម និងអតិថិជន តែងផ្តល់ឱកាសឱ្យវិនិយោគិនជួយ និងស្វែងយល់ពីគ្នាទៅវិញទៅមក។

ប្រភព៖ Investopedia   

Leave a Reply

Your email address will not be published. Required fields are marked *