​គម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ៥ ដែលអាចស័ក្កសមនឹងស្ថានភាពមនុស្សភាគច្រើន

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ ក្រសួង​រៀប​ចំ​ដែន​ដី​ នគរូបនីយ​កម្ម និង​សំ​ណង់ បាន​ចេញ​លិខិត​អនុ​ញ្ញាត​សាង​សង់​ដល់​គម្រោង​​​អភិវឌ្ឍលំ​នៅ​ឋាន​តម្លៃសមរម្យ​​ចំ​នួន​ ៥ គម្រោង​គិត​មក​ទល់​ពេល​នេះ​ ដែល​គម្រោង​ទាំង​អស់​មាន​​លំ​នៅ​ឋានជា​ផ្ទះជាប់​ដី​​ចំ​នួន​ ៨ ៣៣១ ខ្នង​ និងលំ​នៅ​ឋាន​ជា​អគារ​ខុន​ដូ​ ៧ ២៥៦ ចំ​ណែក​ឯក​ជន (Unit)។

យោង​តាម​របាយ​ការណ៍​ប្រ​ចាំ​ឆ្នាំ ២០១៩ របស់​ក្រសួង​រៀប​ចំ​ដែន​ដី​ នគរូបនីយ​កម្ម និង​សំ​ណង់ គម្រោង​លំនៅឋាន​តម្លៃ​សម​រម្យ​ទាំង​ ៥ មាន​គម្រោង​ផ្ទះ​ជាប់​ដី ៣ គម្រោង​ និង​ជា​ប្រ​ភេទ​គម្រោង​លំ​នៅ​ឋាន​បែប​ខុន​ដូ​ ២ គម្រោង។ សូម​អាន​លម្អិត​គម្រោង​នី​មួយៗដូច​ខាង​ក្រោម។

១ – គម្រោង​អភិវឌ្ឍ​លំ​នៅ​ដ្ឋាន​តម្លៃសម​រម្យ​ «​សុខា​រេស៊ីដិន»។ គម្រោង​នេះទើប​ចាប់​ផ្តើម​​សាង​សង់​នា​ថ្ងៃ​ទី ១៧ ខែ​ធ្នូ ឆ្នាំ ២០១៩ ​ដោយ​​មាន​ទី​តាំង​នៅ​​ភូមី​ផ្សារ​កណ្តាល​ សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ​។ ជា​ប្រ​ភេទ​គម្រោង​ខុនដូមាន​ ៤ ២៩៦ ចំ​ណែក​ឯក​ជន (Unit)​។  

គម្រោង​ទាំង​មូល​ចំ​ណាយ​ទុន​វិនិយោគ​ប្រ​ហែល ១៥១ លាន​ដុល្លារ ហើយ​គ្រោង​បញ្ចប់​រួច​រាល់ឆ្នាំ ២០២៣

២ – គម្រោង​អភិវឌ្ឍ​លំនៅ​ដ្ឋាន​តម្លៃសម​រម្យ​ «​ហ្រ្កេន​ផាក» ដំណាក់​កាល​ទី ១ មាន​ទី​តាំង​ស្ថិត​នៅ​ភូមិ​ទួល​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធា​នីភ្នំពេញ (សម្រេច​បាន​ ៦៧ ភាគរយ​)។

គំ​នូរ 3D ពី​ខាង​ក្រុម​ហ៊ុន

៣ – គម្រោង​អភិវឌ្ឍ​លំ​នៅ​ឋានតម្លៃ​សម​រម្យ​ «​លំ​នៅ​ឋាន​អា​រ៉ា​ខា​វ៉ា» ជា​គម្រោង​លំ​នៅ​ឋាន​ប្រ​ភេទ​អគារ​ខុន​ដូ​ ដែល​មាន​​ចំ​នួន​ ២ ៩៦០ ចំណែក​ឯក​ជន​ (Unit) មាន​ទី​តាំង​ស្ថិត​នៅ​ភូមិ​ផ្សារ​ទឹក​ថ្លា សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ រាជ​ធានីភ្នំពេញ (សម្រេច​បាន ៥១ ភាគរយ​)។

អគារ​លំនៅ​ឋាន​របស់គម្រោង អារ៉ាខាវ៉ា កំ​ពុង​ត្រូវ​បាន​សាង​សង់ (ហ្វេសប៊ុក​ក្រុមហ៊ុន)

៤ – គម្រោង​អភិវឌ្ឍលំ​នៅ​ឋាន​តម្លៃ​សម​រម្យ​ «​បុរី​សែន​មនោរម្យ​ព្រែក​តា​ទែន​»​ អភិវឌ្ឍដោយ​ក្រុម​ហ៊ុ​ន​ B&BM Development Co.,Ltd. មាន​ទី​តាំង​ស្ថិត​នៅ​ភូមិ​ស្លែង​ដី​ដុះ​ ឃុំ​ព្រែក​តា​ទែន ស្រុក​ពញា​ឭ ខេត្ត​កណ្តាល​ សម្រេច​បាន​ ៥០ ភាគរយ។

គំនូរ​ 3D របស់ក្រុម​ហ៊ុន

៥ – គម្រោង​អភិវឌ្ឍ​លំ​នៅ​ឋាន​តម្លៃ​សម​រម្យ​ «​លំនៅ​ឋាន​ទី​ក្រុង​រណប​សិ​រី​មង្គល» របស់​ក្រុម​ហ៊ុន​ Worldbridge Homes Co.,Ltd. មាន​ទី​តាំង​នៅ​ភូមិ​កោះ​គរ ឃុំ​រកា​ខ្ពស់​ ស្រុកស្អាង ខេត្ត​កណ្តាល​ (សម្រេច​បាន ៩០ ភាគរយ)។

គម្រោង​ទាំង​មូល​សាង​សង់​ជិត​រួច​រាល់

Leave a Reply

Your email address will not be published. Required fields are marked *