អ្នកជំនាញបង្ហាញគន្លឹះកំណត់តម្លៃអចលនទ្រព្យដើម្បីលក់ចេញបានលឿននិងស្របតាមទីផ្សារ

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ ការកំណត់តម្លៃអចលនទ្រព្យឱ្យបានត្រឹមត្រូវអាចជារឿងស្មុគ្រស្មាញមួយសម្រាប់ម្ចាស់ទ្រព្យ ព្រោះថាប្រសិន​បើការកំណត់ក្នុងតម្លៃលើសទីផ្សារអ្នកទិញអាចមិនចាប់អារម្មណ៍ ស្របពេលការដាក់លក់ក្រោមទីផ្សារពេក ធ្វើឲ្យម្ចាស់ទ្រព្យប្រឈមនឹងការខាតបង់។

លោក វ៉ា វីរៈ នាយកប្រតិបត្តិក្រុមហ៊ុន Century 21 Fortuna ដែលជាអ្នកជំនាញអចលនទ្រព្យអន្តរជាតិបានលើកឡើងថា លទ្ធភាពនៃការលក់ចេញរបស់អចលនទ្រព្យបានខ្ពស់ ឬទាបតែងមាននិន្នាការ​ផ្ទុយគ្នានឹងតម្លៃអចលនទ្រព្យដែលដាក់លក់។

លោកថ្លែងថា៖«ជាទូទៅ នៅពេលដែលយើងដាក់តម្លៃស្មើរទីផ្សារ លទ្ធភាពនៃការលក់បានមានប្រហែល ៦០ ភាគរយ។ បើយើងកាត់ថ្លៃក្រោមទីផ្សារ ១០ ភាគរយ យើងអាចមានលទ្ធភាពលក់ចេញបាន ៧៥ ភាគរយ ហើយបើយើងដាក់តម្លៃលក់ក្រោមទីផ្សារ ១៥ ភាគរយ យើងអាចមានលទ្ធភាពលក់ចេញបាន ៩០ ភាគរយ»។

ពីរ៉ាមីតបង្ហាញពីការកំណត់ថ្លៃលក់អចលនទ្រព្យធាបនឹងតម្លៃទីផ្សារ និងលទ្ធភាពដែលអាចលក់បាន

លោកបន្តថា ការកំណត់ថ្លៃលក់លើទីផ្សារ ១០ ភាគរយនឹងធ្វើឲ្យលទ្ធភាពដែលអាចលក់ចេញបានមានត្រឹមតែ ៣០ ភាគរយប៉ុណ្ណោះ ហើយប្រសិនបើកំណត់ថ្លៃលើទីផ្សារដល់ទៅ ១៥ ភាគរយ នឹងធ្វើឲ្យលទ្ធភាពលក់ចេញមានត្រឹម ១០ ភាគរយប៉ុណ្ណោះ។

តម្លៃទីផ្សារ ជាតម្លៃមានសកម្មភាពទិញដូរ ដូច្នេះហើយការស្វែងរកតម្លៃលក់អចលនទ្រព្យក្នុង​តម្លៃទីផ្សារជារឿងចំាបាច់។ ដើម្បីកំណត់តម្លៃទីផ្សារ លោក វ៉ា វីរៈ បានប្រាប់គន្លឹះមួយចំនួនដូចខាងក្រោម៖

1 – កំណត់ដោយខ្លួនឯង៖ ដោយត្រូវស្វែងយល់តម្លៃប្រហាក់ប្រហែល តាមរយៈការស៊ើបសួរតម្លៃអចលនទ្រព្យរបស់អ្នកជិតខាង ឬស៊ើបសួរពីម្ចាស់ទ្រព្យដែលដាក់លក់ (តែត្រូវគិតដែរថា តម្លៃដាក់លក់អចលនទ្រព្យមួយចំនួនគឺជាតម្លៃសម្រាប់ឲ្យតថ្លៃ)។

2 – ប្រឹក្សាជាមួយភ្នាក់ងារតាមតំបន់៖ ភ្នាក់ងារអចលនទ្រព្យ​មានជំនាញតាមតំបន់ដែលធ្វើប្រតិបត្តិការ ហើយតែងមាន​ជំនាញលើប្រភេទអចលនទ្រព្យជាក់លាក់លើទ្រព្យដែលអ្នកលក់ចង់លក់។ អ៊ីចឹងភ្នាក់ងារអចលនទ្រព្យអាជីព អាចផ្តល់សេវាប្រឹក្សាប្រកបដោយវិជ្ជាជីវៈ។

3 – ប្រើសេវារបស់ក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យ៖ ជាពិសេសសម្រាប់អចលនទ្រព្យដែលមានតម្លៃខ្ពស់ អាចចូលរាប់លានដុល្លារ។ សម្រាប់អចលនទ្រព្យប្រភេទនេះ ម្ចាស់ទ្រព្យគួរប្រើប្រាស់សេវាពីក្រុមហ៊ុនវាយតម្លៃវិជ្ជាជីវៈ ហើយគួរប្រើ​ក្រុមហ៊ុនវាយតម្លៃលើសពីមួយដើម្បីផ្ទៀងផ្ទាត់ និងងាយស្រួលប្រៀបធាប។

4 – ពិនិត្យ​តារាងពន្ធដារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៖ អគ្គនាយកដ្ឋានពន្ធដា តែងចេញតារាងតម្លៃអចលនទ្រព្យក្នុងតម្លៃចន្លោះមួយនៅតាមវិថីជាក់លាក់ ឬតំបន់ជាក់លាក់។ ដូច្នេះ បងប្អូនម្ចាស់ទ្រព្យអាចយកតារាងនេះមកធ្វើការប្រៀបធាបដើម្បីកំណត់តម្លៃនៅពេលចង់ដាក់លក់អចលនទ្រព្យ។  ប៉ុន្តែ លោកវីរៈ រំឮកថា ការកំណត់តម្លៃអចលនទ្រព្យក្នុងតារាងពន្ធដា តែងមានតម្លៃទាបជាងឆ្ងាយធាបនឹងតម្លៃទីផ្សារជាក់ស្តែង ដែលទាបទារឲ្យមានការផ្ទៀងផ្ទាត់នឹងប្រភពផ្សេងទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *