ភ្នំពេញ៖ សិក្ខាសាលា បណ្តុះភាពជោគជ័យសម្រាប់ ៣ ៨០០ នាក់ដំបូងក្នុងវិស័យអចលនទ្រព្យ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណៈជនដោយមានអ្នកចូលរួមដល់ទៅជិត ៨០០ នាក់ត្រឹមវគ្គដំបូង ហើយគ្រប់គ្នាសម្រេចចិត្តព្រមគ្នាដើម្បីក្លាយខ្លួនជាភ្នាក់ងារអាជីព។
ក្រុមហ៊ុន Century 21 Zillion Holding នៅថ្ងៃពុធ ទី១៩ខែកុម្ភៈ ឆ្នាំ២០២០ បានរៀបចំវគ្គ«បណ្តុះភាពជោគជ័យសម្រាប់ ៣ ៨០០ នាក់ដំបូងក្នុងវិស័យអចលនទ្រព្យ» ដោយមានការចែករំលែកចំណេះដឹងពីអ្នកជំនាញ ៧ រូបដើម្បីតម្រង់ទិសឲ្យក្លាយជាភ្នាក់ងារអាជីព។
លោកស្រី ហ្គ្រែស រចនីហ្វុង អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia ដែលជាក្រុមហ៊ុនមេគ្រប់គ្រងសិទ្ធធ្វើអាជីវកម្មលើម៉ាកយីហោ Century 21 នៅកម្ពុជា (រួមទាំងក្រុមហ៊ុន Century 21 Zillion Holding) បានឲ្យដឹងថា នេះជាឱកាសកម្រសម្រាប់និស្សិតដែលជិតបញ្ចប់ការសិក្សា និងអ្នកកំពុងធ្វើការឯករាជ្យក្នុងវិស័យផ្សេងទៀត ដើម្បីអភិវឌ្ឍន៍ខ្លួន និងកែលម្អជីវភាពរស់នៅ។ យោងតាមលោកស្រីរចនីហ្វុង អាជីពជាភ្នាក់ងារអចលនទ្រព្យអាចធ្វើឲ្យជីវភាពប្រសើរឡើង ហើយមានឱកាសពង្រីកបណ្តាញទំនាក់ទំនងបានល្អតាមរយៈការជួបជាមួយម្ចាស់ទ្រព្យនៅកម្ពុជា និងអ្នកវិនិយោគពីក្រៅប្រទេសដែលជាអ្នកមានធនធានហិរញ្ញវត្ថុ និងចំណេះដឹង។

លោកស្រីថ្លែងថា៖«នេះជាឱកាសកម្រសម្រាប់បងប្អូនដើម្បីកែប្រែស្ថានភាពជីវភាព និងដើម្បីជួយដល់ម្ចាស់ទ្រព្យនៅកម្ពុជា។ ភ្នាក់ងារអចលនទ្រព្យដែលមានវិជ្ជាជីវៈទាំង ៣ ៨០០ នាក់នឹងជួយបង្កើនទំនុកចិត្តដល់វិនិយោគិនមកលើវិស័យអចលនទ្រព្យកម្ពុជា ព្រមទាំងមានឱកាសទទួលបានការបណ្តុះបណ្តាលបន្ថែមទាំងកម្រិតជាតិ និងអន្តរជាតិ ឬទៅទស្សនៈកិច្ចនៅសាខា Century 21 នៅក្រៅប្រទេសដូចជា អាមេរិក ជប៉ុន ឬចិនជាដើម»។
វាគ្មិនជំនាញដែលបានចូលរួមវគ្គ «បណ្តុះភាពជោគជ័យសម្រាប់ ៣ ៨០០ នាក់ដំបូងក្នុងវិស័យអចលនទ្រព្យ» បានលើកយកប្រធានបទគន្លឹះជាច្រើនសម្រាប់អាជីពជាភ្នាក់ងារអចលនទ្រព្យដែលរួមមានដូចជា ប្រធានបទទាក់ទងនឹងជំនាញផ្នែកទំនាក់ទំនង ជំនាញផ្នែកលក់ និងប្រធានបទទាក់ទងនឹងឥទ្ធិពលនៃការវិវត្តន៍នៃបច្ចេកវិទ្យាលើវិស័យអចលនទ្រព្យជាដើម។

វាគ្មិនជំនាញទាំង ៧រូបរួមមានលោកគ្រូ ឃីម សុខហេង ដែលជាស្ថាបនិកវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ លោក ឌិន សុមេធារិទ្ធ ស្ថាបនិក និងអគ្គនាយកភូមិផ្កាត្រកួន លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក នាក់ សមសែន សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន RENT KH លោក ព្រាប កុល អគ្គរដ្ឋទូតដើម្បីសន្តិភាព នៃសន្តិភាពសាកល លោក សោម សម្បត្តិ អគ្គនាយកប្រតិបត្តិក្រុមហ៊ុន ខាំ-ផែន (ថ្នាំពណ៌ជាតិ) និង លោក ជី សិលា ស្ថាបនិកក្រុមហ៊ុន Sabay Digital Corporation។

យោងតាមលោកស្រី រចនីហ្វុង តម្រូវការដីធ្លីកំពុងមានការកើនឡើងខ្លាំងនៅគ្រប់តំបន់នៅកម្ពុជា ដោយសារកំណើនគម្រោងវិនិយោគពីអ្នកបណ្តាក់ទុនទាំងក្នុង និងក្រៅប្រទេស។ កំណើននេះ តម្រូវឲ្យក្រុមហ៊ុន Century 21 Zillion Holding ដែលជាម៉ាកយីហោក្រុមហ៊ុនអចលនទ្រព្យមានដើមកំណើតពីអាមេរិក បើកសាខាថ្មីបន្ថែម ៣៨ (១៤ ខណ្ឌនៅភ្នំពេញ និង២៤ ខេត្ត) ហើយត្រូវការជ្រើសរើសភ្នាក់ងារ ៣ ៨០០ នាក់។
អ្នកនាង រិន ធីតា អ្នកចូលរួមម្នាក់ក្នុងចំណោម ៨០០ នាក់គឺជាអាជីវករនៅខេត្តកំពង់ចាម ហើយបានចំណាយពេលនិងថវិការផ្ទាល់ខ្លួន ដើម្បីបានចូលរួមវគ្គបណ្តុះបណ្តាលនេះ។ អ្នកនាងបានបង្ហាញចំណាប់អារម្មណ៍ខ្លាំងក្នុងការទទួលបានការរីកចម្រើនពីវិស័យអចលនទ្រព្យ និងចង់ក្លាយខ្លួនជាភ្នាក់ងារអាជីព។
អ្នកនាងបញ្ជាក់ថា៖«គ្រាន់តែស្តាប់ការចែករំលែករបស់ពួកគាត់ភ្លាម ខ្ញុំចាប់អាម្មណ៍កាន់តែ ខ្លាំងដើម្បីឈានទៅក្លាយជាភ្នាក់ងារដ៏ជោគជ័យ។ ទីផ្សារដីធ្លីនៅខ្មែរយើង តែងតែមានការរីកចម្រើនជានិច្ចដូច្នេះខ្ញុំគិតថានេះជាឱកាសល្អដើម្បីចាប់យកការរីកចម្រើននេះ»។

លោក វុត្ថា ពន្លក ដែលបានចូលរួមសិក្ខាសាលានេះដែរគឺជានិសិត្យឆ្នាំទី ៤ ផ្នែកទីផ្សារនៅសាកលវិទ្យាល័យមួយនៅភ្នំពេញ បានសម្រេចចិត្តចុះឈ្មោះភ្លាមៗដើម្បីក្លាយជាភ្នាក់ងារអចលនទ្រព្យជាមួយ Century 21 Zillion Holding ដោយជ្រើសរើសទីផ្សារខេត្តកំពង់ស្ពឺ។
លោក ពន្លក លើកឡើងថា៖«កំពង់ស្ពឺមានដីល្អៗច្រើន ព្រោះជាទីតាំងសម្រាប់រោងចក្រ និងតំបន់ឧស្សាហកម្មផ្សេងៗ។ ខ្ញុំជឿថាអាជីពក្នុងវិស័យអចលនទ្រព្យល្អ ហើយអាចរកលុយបានច្រើន អាចដល់ខ្ទង់ម៉ឺនដុល្លារក្នុងមួយឆ្នាំ បើយើងចាប់យកអាជីពនេះឲ្យពេញលេញ»៕







