ភ្ញៀវពីប្រទេសលោកខាងលិចចាប់ផ្តើមកើនឡើងវិញហើយបន្ទាប់ពីចិនអ្នកលេងល្បែងចាកចេញ

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ ភ្ញៀវ​ទេស​ចរ​ពីប្រ​ទេស​​​លោក​ខាង​លិច និង​ភ្ញៀវ​ទេស​ចរ​ក្នុង​ស្រុក​ កំពុង​​ចាប់​ផ្តើម​ងាក​មក​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សី​ហនុ​​វិញ​​ហើយ បន្ទាប់​ពី​​​ចិនលេង​ល្បែង​បាន​សម្រុក​ចេញ​យ៉ាង​គម្ហក់​ ហើយ​បាន​ធ្វើ​ឲ្យ​​សណ្តាប់​ធ្នាប់​ និង​តម្លៃ​ស្នាក់​នៅ​ហូប​ចុកនៅ​ខេត្ត​ជាប់​សមុ​ទ្រ​មួយ​នេះមាន​​​ភាព​ល្អ​វិញ។ នេះ​បើ​យោង​តាម​​​អ្នក​អង្កេត​ពី​ការ​ប្រែប្រួល​ស្ថាន​ភាព​រស់​នៅ និង​ពាណិជ្ជ​កម្ម​នៅ​ខេត្ត​ព្រះ​សី​ហនុ។  

លោក អ៊ឹម​ សេងហួ ប្រធាន​សា​ខា​ក្រុមហ៊ុន Century 21 Zillion Holding 25 ខេត្តក្រុង ប្រចាំខេត្តព្រះសីហនុ ​បាន​លើក​ឡើង​ថា ខេត្ត​ដែល​មាន​ឆ្នេរ​សមុទ្រ​ដ៏​ស្រស់​ស្អាត​របស់​កម្ពុជា​មួយ​នេះ​ កំ​ពុង​ទទួល​បាន​​​ភ្ញៀវ​ទេស​ចរ​ពី​ប្រ​ទេស​លោក​ខាង​លិច​វិញ​ហើយ​គិត​ចាប់​ពី​ដើម​ខែ​មករា​ឆ្នាំ ២០២០នេះ​មក បន្ទាប់​ពីក្រុម​ភ្ញៀវ​អន្តរ​ជាតិ​ទាំង​នេះ​បាន​អវត្ត​មានស្ទើរ​ទាំង​ស្រុង​ពេល​​​ចំ​នួន​ជន​ជាតិ​ចិន​កើន​ឡើង​ខ្លាំង​ចន្លោះ​ឆ្នាំ ២០១៨ ដល់ ២០១៩។

លោកបញ្ជាក់​ថា​​​៖​«​តាម​ផ្ទះ​សំ​ណាក់ តាម​សណ្ឋាគារ​ និង​នៅ​តាម​មាត់​ឆ្នេរ​ជា​ដើម ​យើង​ឃើញ​មាន​វត្ត​មាន​ភ្ញៀវ​ទេស​ចរ​អ៊ឺរ៉ុប​វិញបណ្តើរ​ៗ​ហើយ។ កាល​ពី​ចិន​នៅ​ច្រើន​ យើង​សឹង​តែ​មិន​មាន​ឃើញ​ភ្ញៀវ​អ៊ឺរ៉ុប​ដើរ​នៅ​ក្រុង​ព្រះ​សី​ហនុ ឬ តាម​ឆ្នេរ​ផង។ តែ​ឥលូវ​យើង​ចាប់​ផ្តើម​ឃើញ​វិញ​ច្រើន»​។

លោក អ៊ឹម​ សេងហួ ប្រធាន​សា​ខា​ក្រុមហ៊ុន Century 21 Zillion Holding 25 ខេត្តក្រុង ប្រចាំខេត្តព្រះសីហនុ

យោង​តាម​លោក សេងហួ វត្ត​មាន​ភ្ញៀវ​ទេ​សចរ​ក្នុង​ស្រុក​ក៏​ចាប់​ផ្តើម​មាន​កំណើន​វិញដែរ​​ ស្រប​ពេ​ល​អាជីវ​ករ​លក់​ដូ​ ជា​ជន​ជាតិខ្មែរ​ដែល​ធ្លាប់​ជួល​ទី​តាំង​ឲ្យ​ចិន​ដើម្បី​បាន​កម្រៃ​ខ្ពស់​ បាន​ត្រលប់​មក​ធ្វើ​អាជីវ​កម្ម​ផ្ទាល់​ខ្លួន​វិញ។ កត្តា​នេះ​បាន​​​ធ្វើ​ឲ្យ​ការ​ផ្គត់​ផ្គង់​អាហារ​ហូប​ចុក និង​សេវា​ផ្សេង​ៗ​កើន​ឡើង​និង​មាន​តម្លៃ​សម​រម្យ​សម្រាប់​ប្រ​ជា​ជន​ក្នុង​ស្រុក។

លោក​បន្ត​ថា ចរាចរណ៍​នៅ​ក្នុង​ក្រុង​ព្រះ​សី​ហនុ​​ដែល​ធ្លាប់​តែ​កក​ស្ទះ​ចាប់​ផ្តើម​មាន​ភាព​ល្អ​ប្រ​សើរ​វិញ ស្រប​ពេល​ដែល​​បញ្ហា​កង្វះ​ខាត​កន្លែង​ស្នាក់​នៅ​ ឬ​មាន​ដែរ​តែ​​ក្នុង​​តម្លៃ​ខ្ពស់​ ​​លែងសូវ​ចោត​​ជា​បញ្ហាដូច​មុន​​ទៀត​ហើយ។

ខេត្ត​ព្រះ​សី​ហនុធ្លាប់​ជាទី​ក្រុង​ដ៏​ស្ងប់​ស្ងាត់ និង​ជា​​គោល​ដៅ​វិ​សម្សកាល​ដ៏​មាន​ប្រ​ជា​ប្រិយ​សម្រាប់​ភ្ញៀវ​ទេស​ចរក្នុង​ស្រុក ភ្ញៀវ​​ពី​អ៊ឺរ៉ុប និង​បណ្តា​ប្រ​ទេស​អភិវឌ្ឍ​ផ្សេង​ទៀតជា​ច្រើន។ តែ​ស្ថាន​ភាព​បាន​ប្រែ​ប្រួល​ចាប់​ពី​ដើម​​​ឆ្នាំ ២០១៨ បន្ទាប់​ពី​ជន​ជាតិ​ចិន​ជា​ច្រើន​បាន​ចូល​មក​រស់​នៅ​ និង​បាន​បោះ​ទុន​វិនិយោគ​បង្កើត​ជា​ខុន​ដូ សណ្ឋា​គារ និង​ជា​​ពិសេស​​អាជីវ​កម្ម​កាស៊ី​ណូ។  វត្ត​មាន​ជន​ជាតិ​ចិន​លេង​ល្បែង​ជា​ច្រើន​បាន​ធ្វើ​ឲ្យខេត្ត​ព្រះ​សី​ហនុ​ដែល​ធ្លាប់​តែ​ស្ងប់​ស្ងាត់​ទៅ​ជា​អ៊ូ​អរ តែក៏​មាន​​​បង្ក​ភាព​​ឥត​​សណ្តាប់​ធ្លាប់ជា​ច្រើន​ដែរ​​។ កត្តា​នេះ​ រួម​ផ្សំនឹង​កំ​ណើន​ថ្លៃ​ស្នាក់​នៅ​ហូប​ចុក បាន​ធ្វើ​ឲ្យភ្ញៀវ​ទេស​ចរ​ក្នុង​ស្រុក និង​ភ្ញៀវ​ពី​ប្រ​ទេស​លោក​ខាង​លិចងាក​ចេញ​ពី​ខេត្ត​ព្រះ​សី​ហនុ​កន្លង​មក។  

ការ​បញ្ចប់​សពុល​​ភាព​​​អជ្ញា​បណ្ណ​ល្បែង​អន​ឡាញត្រឹម​ដំ​ណាច់​ឆ្នាំ ២០១៩ បាន​ធ្វើ​ជន​ជាតិ​​​​ចិនអ្នក​លេង​ល្បែង​​​​ចាក​ចេញយ៉ាង​គម្ហក់​។ តែ​ទន្ទឹម​នេះ ​​ចិនខ្លះ​​ដែល​​ជា​ថៅ​កែ ឬ ដែល​ធ្វើ​ការ​សម្រាប់​គម្រោង​អាជីវ​កម្ម​ចិនខុស​ពី​ល្បែងបន្ត​ស្នាក់​នៅ​ តែ​​​ភាគ​ច្រើនពួក​គេ​មាន​​បែប​បទនៃការ​រស់​នៅ​​មាន​សណ្តាប់​ធ្នាប់ និងមាន​របៀប។

លោក ច្រឹក​ សុខនីម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារអចលនវត្ថុ​កម្ពុជា ធ្លាប់​បាន​លើក​ឡើងថាកា​រ​បញ្ចប់សពុ​ល​ភាព​អជ្ញា​បណ្ណ​ល្បែង​អន​ឡាញ​អាច​ប៉ះ​ពាល់​ខេត្ត​ព្រះ​សី​ហនុ​រយៈ​ពេល​ខ្លី តែ​យ៉ាង​ណា​​ថា​ខេត្តនេះនៅ​តែ​​​ជា​​​ខេត្ត​សក្តានុ​ពលមួយ​សម្រាប់​ការ​វិនិយោគ​ផ្នែក​អចលន​ទ្រព្យដោយ​សារ​គោល​នយោបាយ​អភិវឌ្ឍ​ច្បាស់​លាស់​របស់​រដ្ឋា​ភិ​បាល។

លោក​បញ្ជាក់​ថា​ ខេត្ត​ព្រះ​សី​ហនុ គឺ​ជា​​ទី​ក្រុង​កំ​ពង់​ផែអន្តរ​ជាតិ​ដ៏​ធំ​របស់​កម្ពុជា​ និង​ជាទី​តាំង​ដែល​​​ផ្សា​ភ្ជាប់​សកម្ម​ភាព​សេដ្ឋ​កិច្ច​របស់​ប្រទេស​រួម​មាន​ការ​ត​ភ្ជាប់​ផ្លូវ​ល្បឿន​លឿន​មក​ភ្នំពេញ ការ​ត​ភ្ជាប់​ផ្លូវ​រថ​ភ្លើង និង មាន​អាកាស​យាន្ត​ដ្ឋាន​ធំ​ទូលាយ​ជា​ដើម។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ រដ្ឋា​ភិ​បាល​កម្ពុជា​ក៏​បាន​ចំ​ណាយ​ថវិការ​ជិត ៣០០ លាន​ដុល្លារ​ដើម្បី​ស្ថាប​នា​ហេដ្ឋា​រច​នា​សម្ព័ន្ធ​នៅ​ក្នុង​ព្រះ​សី​ហនុ​ទាំង​មូល​ឲ្យ​មាន​ភាព​ទំនើប​ឡើង ដែល​នឹង​ធ្វើ​ឲ្យ​ទីក្រុង​នេះ​កាន់​តែ​ទាក់​ទាញ និង​ស្រស់​ស្អាត​នា​ពេល​​​ខាង​មុខ។

លោក​បន្ត​ថា​៖​«​ទាំង​នេះគឺ​ជា​អំ​ណះ​អំ​ណាង​នៃ​ការ​វិនិយោគ​ធំ​ធេង​របស់​រដ្ឋាភិ​បាល​ដើម្បី​ធ្វើ​ឲ្យ​ខេត្ត​មួយ​នេះក្លាយ​ជា​ខេត្ត​ដែល​គំ​រូប​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ចកម្ពុជា​»។

រដ្ឋបាលខេត្តព្រះសីហនុកាល​ពី​ថ្ងៃ​ទី ១៣​មករា ឆ្នាំ ២០២០​នេះ​បាន​ចេញ​សេច​ក្តី​ជូន​ដំ​ណឹង​មួយ​ស្នើសុំកិច្ចសហការពី​អាជីវ​ករ​ លក់ដូរនៅលើឆ្នេរអូរត្រេះ (អូរត្រេះ ១ និងអូរត្រេះ២) និង​ ឆ្នេរ​អូ​ឈើ​ទាល​ដោយ​នឹងមិនអនុញ្ញាតឱ្យ បន្តលក់ដូរនៅលើឆ្នេរទាំង​នេះ តទៅទៀតឡើយ ដើម្បីទុកលទ្ធភាពដល់ក្រុមការងារជំនាញរៀបចំ កែលម្អសោភ័ណភាពឆ្នេរ រក្សាទុកជាឆ្នេរសាធារណៈ និងជាសម្បត្តិរួមរបស់ប្រជា ពលរដ្ឋខ្មែរទូទៅមកទស្សនាកម្សាន្ត៕

ភ្ញៀវ​ទេសចរពី​ប៉ែកអ៉ឺរ៉ុប​កំ​ពុង​កើន​ឡើង​ជា​បណ្តើរ​ៗនៅ​ខេត្ត​ព្រះ​សី​ហនុ
ភ្ញៀវ​ទេសចរជាតិ​កំពុង​មាន​កម្ម​វិ​ធី​សប្បាយ​រីក​រាយ​នៅ​ឆ្នេរ​ក្នុង​ខេត្តព្រះ​សី​ហនុ

Leave a Reply

Your email address will not be published. Required fields are marked *