វិស័យអចលនទ្រព្យកម្ពុជា គឺជាផ្ទាំងស៊ីបដែលកូរ៉េខាងត្បូងបាញ់តម្រង់ខ្លាំងជាងគេជិត ៣០ ឆ្នាំមកនេះ

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ វិ​ស័យ​អចលន​ទ្រព្យ​កម្ពុជា​បាន​ក្លាយ​ជា​​វិ​ស័យ​ដែល​ទាក់​ទាញ​ជាង​គេ​សម្រាប់​វិនិយោគិន​កូ​រ៉េខាង​ត្បូង​ក្នុង​ការ​វិនិយោគ​ ដោយ​សារ​ថាទុនរក​ស៊ី​​​ក្នុងវិ​ស័យ​នេះ​​​មាន​ចំ​ណែក​ធំ​ជាង​គេក្នុង​ចំ​ណោម​​ទុនវិនិយោគសរុប​ដែល​កូ​រ៉េបាន​ដាក់​​នៅ​​​កម្ពុជា​​​នៅ​ជិត​ ៣០ ឆ្នាំ​មក​នេះ​។

យោង​តាម​ទិន្ន​ន័យ​វិនិយោគ​ផ្ទាល់​ពី​បរទេស​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា វិនិយោគិន​កូ​រ៉េ​ខាង​ត្បូង​បាន​ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា​ដែល​មាន​តម្លៃជា​ទឹក​ប្រាក់សរុប ៣,៧ ពាន់​លានដុល្លារ​គិត​ចាប់​ពី​ឆ្នាំ ១៩៩៣ ដល់​ដំ​ណាច់​ខែ​កញ្ញា​ឆ្នាំ ២០១៩​ឆ្នាំ​មុន។

ក្នុង​ចំណោម​ទឹក​ប្រាក់វិនិយោគ​សរុប ទុន​វិនិយោគ​ក្នុង​វិ​ស័យ​អចលន​ទ្រព្យ​មានចំ​ណែក​រហូត​ដល់ ៣៤ ភាគរយ (១,២៥ ពាន់​លាន​ដុល្លារ)​ ដែល​ជា​ចំ​ណែក​ធំ​ជាង​គេ បន្ទាប់​មក​ទុន​វិនិយោគ​ក្នុង​វិ​ស័យ​ហិរញ្ញវត្ថុមាន​ចំ​ណែក ២០ ភាគរយ កម្មន្ត​សាល​ ១៧ ភាគរយ ស្រប​ពេល​ចំ​ណែក​នៅ​សល់​ត្រូវ​បាន​វិនិយោគ​លើ​វិ​ស័យ​ផ្សេង​ៗ​ទៀត។

អគារពហុមុខងារ Booyoung Town ដែលវិនិយោគ​ដោយ​ក្រុម​ហ៊ុន​កូ​រ៉េខាងត្បូង កំ​ពុង​ត្រូវ​បាន​សាង​សង់​។ អគារ​នេះ​មាន​ទី​តាំង​នៅ​តាម​បណ្តោយ​មហាវិថីសហព័ន្ធរុស្សី ជិតស្ពានអាកាស ៧ មករា

ក្នុង​រយៈ​ពេល​បី​ឆ្នាំ​ចុង​ក្រោយ​នេះ កូរ៉េ​ខាង​ត្បូង​ក៏​បាន​នឹង​កំ​ពុង​បង្កើន​ចំ​ណាប់​អារម្មណ៍​វិនិយោគ​របស់​ខ្លួន​មក​លើ​វិ​ស័យ​ហិរញ្ញវត្ថុ​កម្ពុជា​ផង​ដែរ​ ដោយ​​​ធនាគារ​កូ​រ៉េ​ជា​ច្រើន​បាន​ទិញ​យក​ភាគហ៊ុន​ភាគ​ច្រើន​ពី​គ្រឹះ​ស្ថាន​ធនាគារ ឬ មី​ក្រូហិរញ្ញវត្ថុ​ធំ​ៗពី​កម្ពុជា​ជា​បន្ត​បន្ទាប់។

ជាក់​ស្តែង​កាល​ពី​ខែ​ធ្នូឆ្នាំ​ ២០១៩ កន្លង​ទៅ ធនាគារ​ KB Kookmin Bank បាន​ប្រ​កា​ស​ជា​ផ្លូវ​ការ​ថា​ខ្លួនបាន​ទិញ​ភាគ​ហ៊ុន ៧០ ភាគរយ​ពី​គ្រឹះ​ស្ថាន​មី​ក្រូ​ហិរញ្ញវត្ថុ​ប្រាសាក់​ដែល​មាន​តម្លៃជា​ទឹក​ប្រាក់ ៦០៣,៤ លាន​ដុល្លារ។ កាល​ពីឆ្នាំ ២០១៨ ធនាគារ NongHyup របស់​កូរ៉េក៏​បាន​​ទិញ​ភាគ​ហ៊ុន​ទាំងស្រុង​ពី មី​ក្រូ​ហិរញ្ញវត្ថុ​ សាមិក ហើយ​ប្តូរ​ឈ្មោះ​ទៅជា NongHyup Finance ស្រប​ពេល​ដែល​​ធនាគារ​ Woori Bank បាន​ទិញ​ភាគ​ហ៊ុន​ ១០០ ភាគរយ​ពី​គ្រឹះ​ស្ថាន​មី​ក្រូហិរញ្ញវត្ថុ​វី​សិន​ហ្វាន់ (ខេមបូឌា) ហើយ​ប្តូរ​ឈ្មោះ​មក​ជា WB Finance វិញ​ដល់​សព្វ​ថ្ងៃ។

ការ​សម្រេច​ទិញ​ភាគ​ហ៊ុន​នេះសុទ្ធ​តែជា​កត្តា​យ៉ាង​សំ​ខាន់​ធ្វើ​ឲ្យ​លំ​ហូរ​ទុន​វិនិយោគ​ផ្ទាល់​ពី​កូរ៉េ​មក​កម្ពុជា​កើន​ឡើង​។

Leave a Reply

Your email address will not be published. Required fields are marked *