ទុនវិនិយោគក្នុងវិស័យអចលនទ្រព្យកម្ពុជាមានចំណែកធំជាងគេធៀបនឹងវិស័យផ្សេងៗ

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ ទឹកប្រាក់ពីទុនវិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាកាលពីឆ្នាំមុនមានចំណែកធំជាងគេធៀបនឹងវិស័យផ្សេងៗដោយមានដល់ទៅជាងពាក់កណ្តាលនៃទំហំទុនវិនិយោគសរុប។ នេះបើយោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាក្នុងស្ថានភាពជំងឺកូវីត-១៩ របស់​ធនាគារពិភពលោក។

របាយការណ៍ដែលចេញផ្សាយកាលពីខែឧសភាឆ្នាំ ២០២០ បានបង្ហាញថា លំហូរទុន​ពីបរទេសមកកម្ពុជាក្នុងឆ្នាំ ២០១៩ មានប្រមាណ ៣.៥  ពាន់លានដុល្លារ ហើយក្នុងចំណោមនោះទុនវិនិយោគផ្ទាល់ពីបរទេសក្នុងវិស័យអចលនទ្រព្យមាន ៥១ ភាគរយ។

របាយការណ៍បញ្ជាក់ថា៖«កាលពីឆ្នាំ ២០១៩ វិស័យសំណង់ និងអចលនទ្រព្យរួមចំណែកដល់ទៅមួយភាគបីនៃកំណើនសេដ្ឋកិច្ច»។

របាយការណ៍ដដែលបញ្ជាក់ថា៖«ប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យសំណង់កម្ពុជាកាន់តែកើនឡើងខ្លាំងដោយមានការហូរចូលនៃទុនវិនិយោគក្រៅប្រទេស។ ក្នុងចំណោមទុនវិនិយោគក្រៅប្រទេសទាំងអស់ ការវិនិយោគពីចិនមានដល់ទៅ ៤០ ភាគរយហើយភាគច្រើននៃវិនិយោគពីចិននេះគឺវិនិយោគក្នុងវិស័យសំណង់ និងអចលនទ្រព្យ»។

ស្របពេលលំហូរវិនិយោគផ្ទាល់ពីបរ​ទេស និងពីចិនមកកម្ពុជាមានការប៉ះពាល់ខ្លះៗនៅដើមឆ្នាំនេះដោយសារវិបត្តិជំងឺកូវីត ព័ត៌មានទាក់ទងនឹងការងើបឡើងវិញនៃសេដ្ឋកិច្ចចិនអាចជួយឲ្យស្ថានភាពនៅឆមាសទី២មានភាពល្អ។

ក្រុមហ៊ុន UBS Group AG ដែលជាក្រុមហ៊ុន​ធ្វើជំនួញជាច្រើនប្រទេស លើវិស័យធនាគារ និងហិរញ្ញវត្ថុ មាន​មូលដ្ឋាននៅប្រទេសស្វីស​ បានបង្កើនការព្យាករណ៍ពីអត្រាកំណើនសេដ្ឋកិច្ចចិនពី ១.៥ ភាគរយមក ២.៥ ភាគរយ​ក្នុងឆ្នាំនេះ​ ដោយសារ​សន្ទុះងើបឡើងវិញនៃការ​ប្រើប្រាស់ក្នុងស្រុក និងកំណើនវិនិយោគដ៏ខ្លាំងខ្លារបស់ចិន។​ នេះ​បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន ​ Bloomberg។

សារព័ត៌មាន ​ Bloomberg ចេញផ្សាយនៅសប្តាហ៍នេះបានឱ្យដឹងថា ក្រុមហ៊ុន​ UBS Group បានព្យាករណ៍ថា​ កំណើនសេដ្ឋកិច្ចនឹងមានអត្រាកំណើន ៥.៥ ក្នុងត្រីមាសទី៣ បើធៀបនឹងដើមឆ្នាំមុន ហើយអត្រាកំណើនេះនឹងហក់ឡើងដល់ ៦ ភាគរយ​ក្នុងត្រីមាសទី ៤​ ក្នុងឆ្នាំនេះ។ ​​

Leave a Reply

Your email address will not be published. Required fields are marked *