ថៃគ្រោងផ្តល់កម្ចី ៤០ លានដុល្លារដល់កម្ពុជាដើម្បីសង់ផ្លូវពីស្រុកអន្លង់វែងមកសៀមរាប

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ​៖ រដ្ឋា​ភិបាល​ប្រ​ទេស​ថៃ​បាន​បង្ហាញ​គម្រោង​ក្នុង​ការ​ផ្តល់​កម្ចី​ជាទឹក​ប្រាក់ ១,២ ពាន់​លាន​បាត (៤០ លាន​ដុល្លារ) ​មក​ដល់​កម្ពុជា​ដើម្បី​សាង​សង់​ផ្លូវ​ប្រ​វែង ១៣១ គី​ឡូ​ម៉ែត្រ​កាត់​តាមស្រុក​​អន្លង់​វែង មក​សៀម​រាប​។ នេះ​បើ​យោង​តាម​សេច​ក្តី​រាយ​ការណ៍​របស់​កាសែតបាង​កក​ប៉ុស្តិ៍​របស់​ថៃ​នា​ថ្ងៃ​ចន្ទនេះ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រីថៃ ប្រយុទ្ធ ចន្ទអូចា ក្នុង​អំឡុងពិធីសម្ពោធឲ្យប្រើប្រាស់បណ្តាញផ្លូវដែកកម្ពុជា -ថៃ កាលពីថ្ងៃ ២២ ខែមេសា ឆ្នាំ ២០១៩  (Samdech Hun Sen, Cambodian Prime Minister)

ទឹក​ប្រាក់​កម្ចី​សម្រាប់​កម្ពុជា​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​​កម្ចីសរុប​ចំនួន ៨,៥ ពាន់លានបាត (២៨១,៧ លាន​ដុល្លារ​) ដែល​ថៃគ្រោង​ផ្តល់​កម្ចី​នៅឆ្នាំក្រោយដល់ប្រទេសមីយ៉ាន់ម៉ា ឡាវ និងកម្ពុជា ដើម្បីសាងសង់ផ្លូវឆ្លងដែនថ្មីចំនួន ៤ ក្រោមគំនិតផ្តួចផ្តើមតភ្ជាប់អាស៊ាន។

លោក Perames Vudthitornetiraks ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាងបានមានប្រសាសន៍ថា៖​«​​អត្រាការប្រាក់សម្រាប់​គម្រោងផ្លូវនីមួយៗគឺមាន​​ត្រឹមតែ ០,១ ភាគរយ​ប៉ុណ្ណោះ»​។

យោង​តាម​សេច​ក្តី​រាយ​ការណ៍​ដ​ដែល គណៈរដ្ឋមន្រ្តីថៃ​នឹងត្រូវបានស្នើសុំឱ្យធ្វើ​ការ​អនុ​ម័ត​លើ​​កម្ចី​សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនេះ​ដើម្បី​ដំ​ណើរ​ការ​ផ្តល់​កម្ចី​នៅ​ឆ្នាំ​ក្រោយ។

នៅ​ឆ្នាំ ២០២០ ខាង​មុខ រដ្ឋា​ភិ​បាល​កម្ពុជា​គ្រោង​ទទួល​កម្ចី​ ១,៤ ពាន់​លាន​ SDR (ជិត ២ ពាន់​លាន​ដុល្លារ) ដើម្បី​បំ​ពេញ​គម្រោង​ចំ​ណាយ​ថវិការ​ជាតិ​សរុប ៨,២ ពាន់​លាន​ដុល្លារ។ នេះ​បើ​យោ​ង​តាម​សេច​ក្តី​ព្រាង​ច្បាប់​ថវិ​ការ​ជាតិ​ដែល​ត្រូវ​បាន​រដ្ឋ​សភា​កម្ពុជា​អនុ​ម័ត​កាល​ពី​ចុង​ខែ​វិច្ឆិកា។

គិត​ត្រឹម​ខែមិថុនាឆ្នាំ ២០១៩ បំ​ណុល​សា​ធារណៈ​របស់​កម្ពុជា​មាន​សរុប ៧,២ ពាន់​លាន​ដុល្លារ​ ហើយ​ក្នុង​នោះបំ​ណុល​ពាក់​កណ្តាល​ជា​កម្ចី​ពី​ប្រ​ទេស​ចិន។

Leave a Reply

Your email address will not be published. Required fields are marked *