ជនជាតិចិនដែលសម្រេចបន្តនៅក្រុងព្រះសីហនុមានសុទិដ្ឋិនិយមចំពោះអនាគតរបស់ពួកគេ

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ព្រះ​សីហនុ​៖ ទោះ​បី​ជន​ជាតិ​ចិន​ជា​ច្រើនបាន​ចាក​ចេញ​​​ពី​ខេត្ត​ព្រះ​សី​ហនុ​​បន្ទាប់​ពីរដ្ឋា​ភិ​បាល​កម្ពុជា​សម្រេច​​បញ្ចប់​សពុល​​ភាព​​​អជ្ញា​បណ្ណ​ល្បែង​អន​ឡាញត្រឹម​ដំ​ណាច់​ឆ្នាំ ២០១៩ កម្ម​ករ​និង​អាជីវ​ករ​​ចិន​ជា​ច្រើន​ផ្សេង​ទៀត​​បាន​សម្រេច​​នៅកម្ពុជា​​​បន្ត​ទៀតជា​មួយ​នឹង​សុទិដ្ឋិនិយមខ្ពស់​ចំ​ពោះ​អនាគត​របស់​ពួក​គេ​នា​ពេល​ខាង​មុខ​។ នេះ​បើ​យោង​តាម​សេច​ក្តី​រាយ​ការណ៍​របស់​សារព័ត៌​មាន​សេដ្ឋ​កិច្ច​ជប៉ុន Asian Nikkei Review។

Asian Nikkei Review បាន​រាយការណ៍​ដោយ​ផ្តោត​ជា​ចម្បង​ពី​ការ​ចាក​ចេញ​​​របស់​ជន​ជាតិ​ចិន​ពី​ខេត្ត​ព្រះ​សី​ហនុ និង​ផល​ប៉ះ​ពាល់​ដល់​ពាណិជ្ជ​ករ​ក្នុង​ស្រុក​ដូច​ជាការ​ធ្លាក់​ចុះ​យ៉ាង​គម្ហក់នៃ​តម្លៃ​​អាជីវ​កម្ម​ជួល​ផ្ទះ​ស្នាក់​នៅ អាជីវ​កម្ម​​​ជួល​អគា​ពាណិជ្ជ​កម្ម និង​ ការ​កើន​បន្ទុក​បំ​ណុល​របស់​ពាណិជ្ជ​ករ​ក្នុង​ស្រុក​ដែលធ្លាប់​ទទួល​​​ចំ​ណូល​ខ្ពស់​ពី​វត្ត​មាន​ចិនជា​ដើម​។

ជន​ជាតិ​ចិន​ដែល​ចាក​ចេញ​ពី​ខេត្ត​ព្រះ​សីហនុ បន្ទាប់​ពី​អាជីវ​កម្ម​ល្បែង​អន​ឡាញ​បាន​បញ្ចប់ (រូបភាព៖ ហ្វេសប៊ុក)

តែ​ទន្ទឹម​នឹង​ការ​រាយការណ៍​ពី​ផល​ប៉ះពាល់នេះ​ Nikkei Review ក៏​បាន​សម្ភាសន៍​ជន​ជាតិ​ចិន​ដែល​បន្ត​ស្នាក់​នៅ​បើ​ទោះ​ជា​គ្មាន​អាជីវ​កម្មល្បែង​អន​ឡាញ ហើយ​បាន​បញ្ជាក់​ថា​មាន​ចំ​នួន​ច្រើន​គួរ​សម។

ក្នុង​ចំ​ណោម​អ្នក​សម្រេច​បន្ត​ស្នាក់​នៅ​ជា​ច្រើន លោក Ye Jiankang បាន​ប្រាប់​ Nikkei Review ថា​លោក​បាន​មក​ដល់​ក្រុង​ព្រះសីហនុ​នៅ​ខែ​កក្កដា​ជាមួយភរិយា​។ លោក​មាន​បំណង​​រកការងារធ្វើនៅក្នុងវិស័យសំណង់នា​ពេល​ដំ​បូង តែ​បន្ទាប់​ពី​មក​ដល់​ក៏​សម្រេច​ចិត្ត​​បើកហាង​មី-គុយទាវ វិញ​ដោយ​​ដាក់​ទី​តាំង​នៅ​​ផ្សារទំនើប​​មួយ។

ដូចជា​ជន​ជាតិចិនជា​ច្រើន​​ផ្សេង​ទៀត​ដែល​បន្ត​ស្នាក់នៅ​ លោក​ Ye បាន​ប្រាប់​ Nikkei Review ថា​លោក​ជឿជាក់​លើឥទ្ធិ​ពល​វិជ្ជ​មាន​នៃ​​គម្រោង​វិនិយោគរបស់​រដ្ឋា​ភិបាល​ចិន ផ្លូវ​មួយ ខ្សែក្រវាត់មួយ មក​លើ​​ក្រុងព្រះសីហនុ។

លោកបាននិយាយថា៖​«​យើងនឹងស្នាក់នៅនិងស្វែងរកមធ្យោបាយដើម្បីផ្គត់​ផ្គង់​​ខ្លួនឯង»​ ។ លោកបានបន្ថែមថាលោកកំ​ពុង​ចង់​ឲ្យ​​បងប្អូនជីដូនមួយរបស់លោក​មក​ទី​នេះដែរ​នា​ពេល​នេះ។ លោក​បន្ត​ថា៖​«នៅ​ចិន ទោះបីជា​ពាណិជ្ជកម្ម​មាន​ស្ថិរភាព តែ​ក៏​មានការ​​លំ​បាក​ច្រើនដែរ​ ហើយ​ស្ថាន​ភាព​​មិន​សូវ​មាន​ភាព​រស់​រវើកទេ​​​»។

លោក Yu Peng និងលោក Yang Degang ប្រ​ធាន​សមាគមពាណិជ្ជ​កម្ម​ក្រៅប្រទេសខេត្ត​ស៊ីឈួននិងឆុងឈីង ដែល​សុទ្ធ​សឹង​សម្រេច​ចិត្ត​នៅ​បន្ត​ បានលើក​ឡើង​ពី​ចំណុច​ល្អ​របស់​​សេដ្ឋកិច្ចកម្ពុជា និងភាព​​អំ​ណោយ​ផល​នៃ​ច្បាប់​វិនិយោគ។

លោក Yang ដែលជាម្ចាស់រោងចក្រផលិតអគ្គិសនីដែរ​នោះ​បាន​លើក​ឡើង​ថា​៖​«​​ប្រជាជនចិនមានភាពធន់ទ្រាំខ្លាំងណាស់។ យើងស្នាក់នៅទីនេះបន្ត​ពីព្រោះយើង​ជឿថា​ នៅ​ក្រោមពពុះ គឺ​មានស្រាបៀរ»​។ លោក​លើក​ឡើង​ដូ​ច្នេះ ដោយ​ចង់​សម្តៅថា បន្ទាប់​ពី​បញ្ហា​នេះបញ្ចប់​ទៅ​ ឱកាស​ល្អ​នឹង​លេច​ចេញ​​​មក។

យោង​តាម​ការ​សិក្សា​របស់ សហព័ន្ធសមាគម​ពាណិជ្ជ​ករខេត្ត​ព្រះ​សី​ហនុ ដែល​ជា​ស្ថាប័ន​បង្កើត​ឡើង​ដើម្បី​តំ​ណាង​ដល់​ពាណិជ្ជ​ករ​ចិន​នៅ​ខេត្ត​ព្រះ​សី​ហនុ ចាប់​តាំង​ពី​ខែ​សីហា​មក​ ភោជនីយ​ដ្ឋាន​ ៨០០ បាន​បិទ ស្រប​ពេល​តម្រូវ​ការ​អាហារ​ប្រ​ចាំ​ថ្ងៃ​បាន​ធ្លាក់​ចុះ ៨០ ភាគរយ។ ចំ​ណូល​ពី​ភោជនីយ​ដ្ឋាន​ដែល​ធ្លាប់​បាន ១ ៥០០ ដុល្លារ​ក្នុង​មួយ​ថ្ងៃកាល​ពី​ពេល​មុន​ ធ្លាក់​មក​នៅ​ត្រឹម​ ២០០ ដុល្លារនា​ពេល​នេះ​៕

ក្រាហ្វិក​បង្ហាញ​ពី​ការ​ប្រែប្រួលស្ថាន​ភាពអាជីវ​កម្ម​ មុននិង​ក្រោយ​ពេល​រដ្ឋាភិបាល​ប្រកាសបិទ​អាជីវ​កម្ម​ល្បែង​អន​ឡាញ

Leave a Reply

Your email address will not be published. Required fields are marked *