ខេត្តព្រះសីហនុ បានជួយយោងខេត្តសៀមរាប ឲ្យកម្ពុជារក្សាបានកំណើនអ្នកដំណើរតាមអាកាស

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ភ្នំពេញ៖ ចំ​នួន​អ្នក​ដំ​ណើរ​កាត់​តាម​អា​កា​ស​យាន​ដ្ឋានអន្តរ​ជាតិ​ក្រុង​​ព្រះ​សី​ហនុបាន​កើន​ឡើង​យ៉ាង​គម្ហក់​​កាល​ពី​ឆ្នាំ ២០១៩ ហើយ​បាន​ដើរ​តួនា​ទី​យ៉ាង​សំខាន់​ក្នុង​ការ​​ប៉ះ​ប៉ូវ​ដល់​ការ​ធ្លាក់​ចុះ​នៃចំ​នួន​អ្នក​ដំណើរ​តាម​អាកាស​យាន​ដ្ឋាន​សៀម​រាប​ ដែល​ធ្លាប់​ជា​គោល​ដៅ​ទេស​ចរ​ដ៏​សំ​ខាន់។ ​

​របាយ​ការណ៍​របស់​ក្រុម​ហ៊ុន​ Cambodia Airports ដែល​ជា​ប្រ​តិ​បត្តិ​ករ​អាកា​ស​យាន​ដ្ឋាន​ទាំង​បី​នៅ​កម្ពុជា ដែល​ចេញ​ផ្សាយ​នៅរសៀល​​ថ្ងៃ​ចន្ទទី ២០ មករា​នេះបាន​បង្ហាញ​ថា​ អាកាស​យាន​ដ្ឋានអន្ត​រជាតិ​​សៀម​រាបបាន​ទទួល​អ្នក​ដំ​ណើរ​ឆ្លង​កាត់​ត្រឹម​តែ ៣,៩​ លាន​នាក់​ប៉ុណ្ណោះ​កាល​ពី​មួយ​ឆ្នាំពេញ ឆ្នាំ ២០១៩ ដែល​ធ្លាក់​ចុះ​ ១២ ភាគ​រយ​ពី​កាល​ពី​ឆ្នាំ ២០១៨។ ​

តែ​យ៉ាង​ណា​ក៏​ដោយ ការ​ធ្លាក់​ចុះ​នេះ​មិន​បាន​ធ្វើ​ឲ្យ​ចំ​នួន​អ្នក​ដំ​ណើរសរុប​តាម​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​នៅ​កម្ពុជា​ធ្លាក់​ចុះ​ទេ ដោយ​សារ​កម្ពុជា​​បាន​ទទួល​​​កំណើន​អ្នក​ដំណើរតាម​អាកាស​យាន្ត​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ និង ជា​ពិ​សេស​កំណើន​យ៉ាង​គម្ហក់​ពី​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ក្រុង​ព្រះ​សីហនុ។

យោង​តាម​របាយ​ការណ៍​ដ​ដែល អាកា​ស​យាន​ដ្ឋាន​ភ្នំពេញ​ទទួល​បាន​​​អ្នក​ដំ​ណើរ​ឆ្លង​កាត់​សរុបជាង ៦ លាន​នាក់​កាល​ពី​ឆ្នាំ ២០១៩ កើន​ឡើង​ ១១ ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៨ ខណៈ​អា​កាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ព្រះ​សី​ហនុ​ទទួល​បាន​អ្នក​ដំ​ណើរ​ឆ្លង​កាត់​កើន​ឡើង​ដល់​ទៅ ១៥៨ ភាគរយ​ ស្មើរ​នឹង​ចំ​នួន​អ្នក​ដំ​ណើរ​សរុប ១,៦ លាន​នាក់។

អ្នក​ដំ​ណើរ​តាម​អាកាសយាន​ដ្ឋាន​អន្តរ​ជាតិ​ក្រុង​ព្រះ​សីហនុ​បន្ត​កើន​ឡើង​យ៉ាង​គម្ហក់​ជា​ប្រ​ចាំ​ឆ្នាំ។

​ក្រុម​ហ៊ុន​ Cambodia Airports បាន​បង្ហាញថា​ចំ​នួន​អ្នក​ដំ​ណើរ​តាម​អា​កាស​សរុប​នៅ​កម្ពុជា​នៅ​រក្សា​បាន​អត្រា​កំណើន​ ១០ ភាគរយ​ ដែល​អ្នក​ដំ​ណើរ​ពី​អាកាស​យាន​ដ្ឋាន​ទាំង​បី​បូក​បញ្ចូល​គ្នា​មាន​ចំ​នួនដល់​ទៅ ១១,៦ លាន​នាក់កាល​ពី​ឆ្នាំ ២០១៩៕

ខេត្ត​សៀម​រាប​ដែល​ជា​ខេត្ត​គោល​ដៅ​ទេស​ចរ​វប្ប​ធម៌​ដ៏​សំ​ខាន់​របស់​កម្ពុជា​ហាក់​កំ​ពុង​ថម​ថយ​ឥទ្ធិ​ពលគួរ​ឲ្យ​ព្រួយ​បារម្ភ​​នៅ​ពីរ បី​ឆ្នាំ​ចុង​ក្រោយ​នេះ។ កាល​ពី​ឆ្នាំ ២០១៩ រម​នីយ​ដ្ឋាន​អង្គរ​ទាំង​មូល​បាន​ទទួល​ភ្ញៀវ​ទេស​ចរ​បរទេស​តែ​២ លាន​ ២ សែន​នាក់​ប៉ុណ្ណោះ​ ដែល​បាន​​​ធ្លាក់​ចុះ​ដល់​ទៅជិត ១៥ ភាគរយ​ពី​កាល​ពី​​ឆ្នាំ ២០១៨។ នេះ​បើ​យោង​តាម​របាយ​ការណ៍​ពី​ខាង​គ្រឹះ​ស្ថាន​​​អង្គរ ដែល​ជា​ស្ថាប័ន​រដ្ឋ​គ្រប់​គ្រង​ប្រតិ​បត្តិការ​លក់​សំ​បុត្រ​ចូល​ទស្សនា​រម​នីយ​ដ្ឋាន​អង្គរ។

​ចំ​ណូលពី​ការលក់​សំ​បុត្រ​បាន​ធ្លាក់​ចុះ​ ១៥ ភាគរយ​ពី​ចំណូល​កាល​ពី​ឆ្នាំ ២០១៨ មក​ត្រឹម​ចំ​នួន ៩៩ លាន​ដុល្លារ​ប៉ុណ្ណោះ​នៅ​ឆ្នាំ ២០១៩៕

Leave a Reply

Your email address will not be published. Required fields are marked *