ក្រុមហ៊ុន Century 21 Cambodia ប្រកាសបើកការិយាល័យ ៣៨ បន្ថែមដើម្បីពង្រីកប្រតិបត្តិការនៅទូទាំងប្រទេសកម្ពុជា

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ដោយ​ ហ៊ គីមសាយ

ភ្នំពេញ៖ ក្រុម​ហ៊ុន​ Century 21 Cambodia ​គ្រោង​ពង្រីក​ប្រ​តិ​បត្តិ​ការ​របស់​ខ្លួន​​ឲ្យបាន​​​​គ្រប​​ដណ្តប់​នៅ​ទូ​ទាំង​ប្រ​ទេស​កម្ពុជា​ចាប់​ពី​ដើម​ឆ្នាំ ២០២០​ នេះ​តទៅ ដោយ​​បើក​​ការិ​យា​ល័យ​ថ្មី​ ៣៨ ​បន្ថែម​ដើម្បី​ឆ្លើយ​តប​នឹង​កំ​ណើន​តម្រូវការ​សេវា​អចលន​ទ្រព្យ​​​នៅ​តាម​បណ្តា​ខេត្ត។​

ថ្លែង​នៅ​ក្នុង​សន្និ​សិទ​​សារព័ត៌​មានស្តី​ពី​គម្រោង​នៃ​ការ​បើក​ការិយា​ល័យ​ថ្មីទាំង ៣៨ នៅ​រសៀល​ថ្ងៃព្រហស្បតិ៍ទី ១៩ ខែ​ធ្នូ​ឆ្នាំ ២០១៩ លោកស្រី ហ្គ្រែស រចនីហ្វុង អគ្គនាយិកា​ក្រុម​ហ៊ុន Century 21 Cambodia បាន​ឲ្យ​ដឹង​ថា​​ការិយាល័យ​ថ្មី​ទាំង ៣៨ នេះ​នឹង​​ដំ​ណើរ​ការ​ក្រោម​​ឈ្មោះ Century 21 Zillion Holding ដែល​ជា​ក្រុម​ហ៊ុន​ថ្មី​​មួយ​ក្នុងចំណោម​ក្រុម​ហ៊ុន​ទាំង​​ ២៣ នៅ​កម្ពុជាដែល​បាន​ទទួល​សិទ្ធ​ធ្វើ​អាជីវ​កម្ម​លើ​ម៉ាក​យីហោ​ Century 21 នៅ​កម្ពុជា​។

លោក​​ស្រី បាន​លើក​ឡើង​ថា​ ក្នុង​ចំ​ណោម​ការិយា​ល័យ​ថ្មី​ទាំង ៣៨ មា​ន​ការិយា​ល័យ​ ១៤ នឹង​ដាក់​ទី​តាំង​នៅ​ខណ្ឌ​ទាំង​ ១៤ នៅ​ក្នុង​រាជ​ធា​នី​ភ្នំពេញ (ខណ្ឌ​មួយ​ ការិយា​ល័យ​ថ្មី​មួយ)​ ខណៈ​ការិយា​ល័យ​ ២៤ ទៀត​នឹង​បើក​នៅ​តាម​ខេត្ត​ទាំង ២៤ នៅ​កម្ពុជា។

លោកស្រី ហ្គ្រែស រចនីហ្វុង កំពុង​មាន​យោបល់​​នៅ​ក្នុង​សន្និ​សិទ​សារព័ត៌​មាន​

លោក​ស្រី​បញ្ជាក់​​​ថា៖​«សម្រាប់​បង​ប្អូន ម្ចាស់​អចលនទ្រព្យ​ដែល​មាន​ទី​តាំង​ល្អៗ​នៅ​តាម​បណ្តា​ខេត្ត​ ខណ្ឌ​ទាំង​អស់​ សូម​ទាក់​ទង​មក​ក្រុមកា​ងារ​របស់​ Century 21 Cambodia ​ដើម្បីឲ្យ​​យើង​​បានដឹង និង​​ពិនិត្យ​ទី​តាំង​នោះ​ដើម្បី​​​ជួល​​​​បើក​ការិយា​ល័យ​ឲ្យ​ចំ​ទី​កន្លែង​​សម្រាប់​ភាព​​ងាយ​ស្រួល​ដល់​​អតិថិ​ជន។ យើង​នៅមាន​សក្តានុ​ពល​ច្រើន​ណាស់​ក្នុង​ការ​ពង្រីក​ការិ​យា​ល័យ​ Century 21 នៅ​ប្រ​ទេស​កម្ពុជា ស្រប​ពេល​បណ្តា​ខេត្ត​ជា​ច្រើន​​កំពុង​មាន​កំណើនទិញ​លក់​ដី​ធ្លីទាំង​​សម្រាប់យក​​ចំ​ណេញ និង​សម្រាប់​អភិវឌ្ឍ​ន៍​គម្រោង​ផ្សេង​ៗ»​។ ​

លោកស្រី ហ្គ្រែស រចនីហ្វុង​​បញ្ជាក់​ថា៖​«​​យើង​រំ​ពឹង​​​ថា ការិយា​ល័យ​ថ្មី​របស់​យើង​ទាំង ៣៨ នឹង​ជួយ​បំ​ពេញ​ចន្លោះ​ដែល​ធ្លាប់​ខ្វះ​ខាត​កន្លង​មក​ ហើយនឹង​​រួម​ចំណែក​ជំ​​​រុញ​ការ​អភិវឌ្ឍន៍​ទី​ផ្សារ​អចលន​ទ្រព្យ​ប្រ​កប​ដោយ​និរន្ត​រ​ភាព​»​។

ក្រុម​ហ៊ុន Century 21 Zillion Holding គឺ​ជា​ក្រុម​ហ៊ុន​ដែល​បង្កើត​ឡើង​ដោយ​មាន​ការ​សហ​ការ​វិនិយោគ​ដោយ​ភាគទុនិក​ពី​ម្ចាស់​ Franchise របស់​សមាជិកគ្រួសារ​ Century 21 ដែល​មាន​ស្រាប់។ ខុសប្លែក​​​ពី​ក្រុម​ហ៊ុន​រួម​គ្រួសារ Century 21 ផ្សេងៗ​​ទៀត​បន្តិច ប្រ​តិ​បត្តិ​ការ​របស់ ក្រុម​ហ៊ុន Century 21 Zillion Holding ​នឹង​ផ្តោត​សំខាន់​តែ​លើ​ទីផ្សារ​ដី​ធ្លីប៉ុណ្ណោះ​​រួម​មានការ​​ទិញ លក់ និង​ជួល។

លោក​ស្រី រចនីហ្វុង និង ម្ចាស់ Franchise Century 21 ពី​ ៥ ក្រុម​ហ៊ុន​ផ្សេង​គ្នា​ ដែល​ជា​ភាគទុនិករួម របស់ Century 21 Zillion Holding ​

គិត​មក​ទល់​ពេល​នេះ ក្រុម​ហ៊ុន​ Century 21 Zillion Holding បាន​រៀប​ចំ​នី​តិ​វិ​ធី​សំ​ខាន់​​ៗដើម្បី​អនុ​វត្តន៍​គម្រោង​​​នេះ​​ស្ទើរ​រួច​រាល់​​​អស់​​ហើយ។ ធន​ធាន​មនុស្ស​សម្រាប់​ការិយា​ល័យ​ថ្មី​ទាំង​ ៣៨ ត្រូ​វ​បាន​ជ្រើស​រើសដោយ​យក​ចិត្ត​ទុក​ដាក់​ ហើយ​ត្រូវ​បាន​ក្រុម​ហ៊ុន​ផ្តល់​​​​វគ្គ​បណ្តុះ​បណ្តាល​យ៉ាង​ត្រឹម​ត្រូវ​ដោយ​មាន​គ្រូ​បណ្តុះ​បណ្តាល​ជា​​​អ្នក​ជំ​នាញ​ក្នុង​វិ​ស័យ​អចលន​ទ្រព្យ​ទាំង​ក្នុង​ និង​ក្រៅ​ប្រ​ទេស។ 

ភាគទុនិក​ Century 21 Zillion Holding (អង្គុយ) និង​ប្រធាន​សាខា និង​ក្រុម​កាងាររបស់ Century 21 Zillion Holding

លោក ច្រឹក​ សុខនីម ​ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា និង​ជា​នាយក​ប្រ​តិ​បត្តិ​ក្រុម​ហ៊ុន Century 21 Mekong បាន​លើក​ឡើងថា​​តម្រូវ​ការទិញ​លក់​អចលនទ្រព្យ​នឹង​នៅ​តែ​ល្អ ហើយទី​​ផ្សារ​ដី​ធ្លី​នៅ​តាម​បណ្តា​ខេត្ត​​សំខាន់ៗមួយ​ចំ​នួ​ន​​នឹង​មាន​សកម្ម​ភាព​ល្អ​​ដែល​ជា​ឱ​កាស​ល្អ​សម្រាប់​​​វិនិយោគិនក្នុង​វិ​ស័យ​នេះ​។​

លោក ច្រឹក សុខនីម កំពុង​មាន​យោបល់​នៅ​ក្នុង​សន្និ​សិទ​សារព័ត៌​មាន

លោក​ថ្លែង​ថា​៖​«​ខេត្ត​ទាំងប្រាំមួយ​​​រួម​មាន ​ខេត្ត​ព្រះ​សី​ហនុ កំ​ពត សៀម​រាប បាត់​ដំ​បង កំ​ពង់​ស្ពឺ និងខេត្ត​ក​ណ្តាល​​គឺជា​ខេត្ត​ដែល​បាន​នឹង​កំ​ពុង​រីក​ចម្រើន​នៅ​ក្នុង​វិ​ស័យ​អចលន​ទ្រព្យ​ជា​ពិ​សេស​គឺ​ដី​ធ្លី​​»​។

Leave a Reply

Your email address will not be published. Required fields are marked *