ក្រុមហ៊ុនអចលនទ្រព្យមួយនៅអាមេរិកចែកប្រាក់រង្វាន់ប្រចាំឆ្នាំ ១០ លានដុល្លារដល់បុគ្គលិក

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

អត្ថបទប្រែសម្រួល

បាល់ទីម័រ៖ ក្រុមហ៊ុនអចលនទ្រព្យមួយនៅ​រដ្ឋ បាល់ទីម័រ សហ​រដ្ឋ​អា​មេរិក​បានប្រ​កាស​ផ្តល់​ទឹកប្រាក់​លើក​ទឹក​ចិត្ត​​ ១០ លានដុល្លារ​ដល់​បុគ្គលិករបស់​ខ្លួន​សរុប​ ១៩៨ នាក់​​ បន្ទាប់​ពី​ក្រុម​ហ៊ុន​បាន​សម្រេច​គោលដៅដែល​​​បានកំណត់​តាំង​ពី​ឆ្នាំ ២០០៥ ។

លោក Edward St. John កំ​ពុងផ្តល់​បទសម្ភាសន៍​ដល់​ក្រុម​កាងារ​វីឌីអូរបស់​ក្រុម​ហ៊ុន St. John Properties (រូបភាព ពីវីឌីអូរបស់​ក្រុម​ហ៊ុន)

ក្រុម​ហ៊ុន​ St. John Properties បាន​ចេញ​សេច​ក្តី​​ប្រ​កាស​ព័ត៌​មា​ន​កាល​ពី​ថ្ងៃ ៩ ធ្នូ​ឆ្នាំ​​ ២០១៩​ ដោយ​បញ្ជាក់​ថា​ ប្រាក់រង្វាន់នេះត្រូវបានផ្តល់ជូនក្នុងការអបអរសាទរដល់ក្រុមហ៊ុនដែលសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការអភិវឌ្ឍន៍​អចលន​ទ្រព្យ​ដែល​មានផ្ទៃក្រលាសរុប ២០ លាន​ហ្វីត​ការ៉េ​ (១,៨៥ លាន​ម៉េត្រ​ការ៉េ)។ ទំ​ហំ​សរុប​នេះ គឺបូក​បញ្ចូល​ទាំង​ផ្ទៃ​ក្រលានៃការ​អភិវឌ្ឍន៍ សំណង់​អគារ​ការិយាល័យ ហាង​លក់រាយ និងឃ្លាំង​។

យោង​តាម​សេចក្តីប្រ​កាស​ព័ត៌​មាន​របស់​ក្រុម​ហ៊ុន គោល​ដៅ​នេះ​ត្រូវ​បាន​ដាក់​ចេញ​តាំង​ពី​ឆ្នាំ ២០០៥ ដែល​កាល​នោះ​ក្រុម​ហ៊ុន St. John Properties បាន​អភិវឌ្ឍន៍​អចលន​ទ្រព្យ​ដែល​មាន​ផ្ទៃក្រលាសរុប​ ១០ លាន​ហ៊្វីត​ការ៉េ (10 million square feet)។

ស្ថាបនិក និង ជាប្រធានក្រុមហ៊ុន St. John Properties លោក Edward St. John បានលើក​ឡើង​នៅ​ក្នុង​វី​ឌីអូ​​របស់​ក្រុម​ហ៊ុន​ថា លោក​ចង់​ផ្តល់​ការ​លើក​ទឹក​ចិត្ត​ដល់បុគ្គលិក​​ដែល​អាច​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ស្ថាន​ភាព​នៃ​ការ​រស់​នៅ​របស់​ពួក​គេ​ ដើម្បី​អប​អរ​ដល់​សមទ្ធិ​ផល​ដែល​ក្រុម​ហ៊ុន​ទទួល​បាន​តាម​គោលដៅ។

លោក​មានប្រសាសន៍​ថា៖​ «​ខ្ញុំជាអ្នកកាច់ចង្កូតទូក ប៉ុន្តែពួកគេគឺជាអ្នក​ធ្វើ​​​ឲ្យ​ទូកដំ​ណើរ​ការ​​​។ ពួកគេគឺជាអ្នកដែលធ្វើឱ្យទូកទៅមុខ។ បើគ្មានក្រុមកាងារ​​ទាំងអស់គ្នានេះទេ ពួកយើងមិនមានអ្វីទេ។ ពួក​យើង​គឺ​នឹង​មិន​មាន​អ្វី​ទាំង​អស់»។

ក្រុម​បុគ្គលិក​មាន​ភាព​ភ្ញាក់​ផ្អើល​នៅ​ពេល​បើក​ស្រោម​សំ​បុត្រ​នឹង​ដឹង​ថា​បាន​ទទួល​ប្រាក់​រង្វាន់ (រូបភាព​ ពីវីឌីអូ របស់​ក្រុម​ហ៊ុន)

ប្រាក់រង្វាន់នេះត្រូវបានចែក​ជូន​​ដោយ​ផ្អែកទៅលើចំនួនឆ្នាំដែលបុគ្គលិកម្នាក់ៗបានធ្វើការនៅក្នុងក្រុមហ៊ុន ដោយប្រាក់រង្វាន់នេះជាមធ្យមមានទឹកប្រាក់ចំនួន ៥ ម៉ឺនដុល្លារ។ ប្រាក់រង្វាន់ដែលធំបំផុតដែលបានផ្តល់ឲ្យបុគ្គលិកគឺចំនួន ២៧ ម៉ឺន​​ដុល្លារ ខណៈ ចំណែក​ប្រាក់រង្វាន់តិចបំផុតគឺចំនួន ១០០ ដុល្លារត្រូ​វបានផ្តល់ទៅ ឲ្យ បុគ្គលិកដែលទើបតែចាប់ផ្តើមនៅក្រុមហ៊ុនកាលពីថ្ងៃចន្ទ។

បុគ្គលិកម្នាក់បាននិយាយនៅក្នុងវីដេអូដែលចេញផ្សាយដោយក្រុម​ហ៊ុន​ St. John Properties ថា «​អ្វីដែលបានកើតឡើងនៅក្នុងយប់នេះ [ក្នុង​ពិ​ធី​ជប់​លៀង​ ដែល​មាន​ចែក​ប្រាក់​លើក​ទឹក​ចិត្ត] គឺពិតជាអស្ចារ្យណាស់»​។

បុគ្គលិកម្នាក់ទៀតបាននិយាយ​ថា​ «​​ជីវិតរបស់​យើង​មាន​ការ​ផ្តាស់​ប្តូរ​»​​។

តាម​រយៈ​ទឹក​ប្រាក់​លើក​ទឹក​ចិត្ត​នេះ និយោជិកខ្លះ​​កំពុងរៀបចំផែនការដើម្បីទូទាត់បំណុលនិងបង់ថ្លៃសាលារបស់កូនៗពួកគេជា​ដើម​។

ប្រភព៖ សេចក្តីជូន​ដំណឹង​ St. John Properties

ប្រែសម្រួល​ដោយ៖ សម សុផាណែត

Leave a Reply

Your email address will not be published. Required fields are marked *