ក្រុងព្រះសីហនុចាប់ផ្តើមទទួលអ្នកវិនិយោគល្អៗវិញ បន្ទាប់ពីអ្នកលេងល្បែងចាកចេញ

ពង្រីកតូរអក្សរ : A Decrease font size. A Reset font size. A Increase font size.

ក្រុង​ព្រះ​សី​ហនុ៖ កោះ​រ៉ុង​ ដែល​​​ជា​កោះ​​មួយ​របស់​ក្រុង​ព្រះ​សី​ហនុ ទើប​ទទួល​បាន​គម្រោង​វិនិយោគរី​សត​​ថ្មី​មួយ​ដែល​មាន​ទុន​វិនិយោគ​ ២ ពាន់​លានយាន់ (២៨៦ លាន​ដុល្លារ) ជាគម្រោង​​​​​ដែល​គេ​រំ​ពឹង​ថា​​​នឹង​ធ្វើ​ឲ្យ​ខេត្ត​ព្រះ​សី​ហនុ​កាន់​តែ​​​ទាក់​ទាញ​​សម្រាប់ពាណិជ្ជកម្ម​ និង​ទេសចរ ​​នា​ពេល​ខាង​មុខ។ ​

គម្រោង​រី​សត​ថ្មី​​​នេះមាន​ឈ្មោះ​ថា «​​Koh Rong Royal Silver Beach Recreation Area» ត្រូវ​បានធ្វើ​ពិ​ធី​​ប្រកាស​សម្ពោធ​​​កាល​ពី​ថ្ងៃ​ ២៨ ធ្នូ ដែល​ជា​កា​រ​សហ​ការវិនិយោគ​រវាង​ក្រុម​ហ៊ុន Royal Group របស់​អ្នក​ឧក​ញ៉ា គិត ម៉េង និង​ក្រុម​ហ៊ុន​ Royal Galaxy Group របស់​វិនិយោគិន​ចិន។ នេះ​បើ​យោង​តាម​សេច​ក្តី​ជូន​ដំ​ណឹង​របស់ក្រុម​ហ៊ុន​ Royal Group។ ​

អ្នក​ឧក​ញ៉ា គីត ម៉េង (ស្តាំ) និង​ឯក​ឧត្ត​ម គួច ចំ​រើន និង​វិនិយោគិន​ចិន ក្នុង​ពិធីសម្ពោធ​គម្រោង​អភិវឌ្ឍន៍​កោះ​រ៉ុង

​សេច​ក្តី​ជូន​ដំ​ណឹងដដែល​បញ្ជាក់​ថា គម្រោងរី​សត«​​Koh Rong Royal Silver Beach Recreation Area»​ ​នេះ​នឹង​រួម​មាន​សណ្ឋា​គារ​លំ​ដាប់​ផ្កាយ​ប្រាំ មជ្ឈមណ្ឌល​សន្និបាត​អន្តរ​ជាតិ ក្លឹប​ជិះ​ទូក ហាង​លក់​ទំ​និញ​រួច​ពន្ធ ផ្ទះវី​ឡា​គយ​គន់​ទេស​ភាព​សមុទ្រ ៦០០ ខ្នង ដែល​មាន​ទី​តាំង​ស្នាក់​នៅ​សម្រាប់​មនុស្ស​ ៣ ០០០ នាក់។

សេច​ក្តីរាយ​ការណ៍​របស់​ទូរ​ទស្សន៍ CNC ដែលជា​​​ក្រុម​ហ៊ុ​ន​បុត្រសម្ព័ន្ធ​របស់​ Royal Group បាន​ស្រង់​សម្តី​របស់​​អ្នកឧកញ៉ាគិត ម៉េងថា​៖​«​​ក្រុមហ៊ុននឹងបន្តសាងសង់សណ្ឋាគារនិងរមណីយដ្ឋានលំដាប់អន្តរជាតិ ព្រមទាំងកាស៊ីណូច្រើនទៀតដើម្បីអភិវឌ្ឍកោះរ៉ុងនេះឱ្យប្រែក្លាយជាកោះប្រវត្តិសាស្ត្រជាគំរូល្អសម្រាប់ប្រជាជនកម្ពុជា»។

គម្រោងរី​សត «​​Koh Rong Royal Silver Beach Recreation Area» គឺ​ជា​គម្រោង​ថ្មី​បន្ថែម​ពី​​គម្រោង សណ្ឋាគារលំដាប់ផ្កាយប្រាំ The Royal Sand Koh Rong ដែល​ត្រូវបានវិនិយោគ​ដោយ​ក្រុម​ហ៊ុន Royal Group និង​បាន​សម្ពោធ​​ឱ្យដំណើរការកាល​​ពី​ខែមេសា ឆ្នាំ២០១៩។

កោះ​រ៉ុង​ គឺ​ជា​សង្កាត់​មួយ​នៃ​ក្រុង​ព្រះ​សី​ហនុ ដែល​មានចម្ងាយ​ ២៥ គី​ឡូ​ម៉ែត្រ​ពី​ដី​គោក​នៃក្រុង​ព្រះ​សី​ហនុ ជា​ទី​ដែល​ទី​ផ្សារ​អចល​ន​ទ្រព្យ​ដូច​ជា​អគា​រ​សម្រាប់​ជួល និង​ដី​ធ្លី​បាន​រង​ផល​ប៉ះ​ពាល់​ខ្លះៗ​​បន្ទាប់​ពី​មាន​ការ​ចាក​ចេញ​យ៉ាង​គម្ហក់​នៃជន​ជាតិ​ចិន​ជា​អ្នក​លេង​ល្បែង​បន្ទាប់​ពី​រដ្ឋា​ភិ​បាល​កម្ពុជា​ប្រ​កាស​ឈប់ផ្តល់​អជ្ញា​ប័ណ្ណ​ល្បែង​តាម​អន​ឡាញ។

ឯក​ឧត្តម​ គួច ចំ​រើន (ស្តាំ) និងអ្នក​ឧក​ញ៉ា​ គិត ម៉េង

លោក អ៊ឹម​ សេងហួ ប្រធាន​សា​ខា​ក្រុម​ហ៊ុន​ Century 21 Lay Min Realty ខេត្ត​ព្រះ​សី​ហនុ​បាន​លើក​ឡើង​ថា​ គម្រោងរី​សត​ថ្មី​​ដែល​ទើប​ប្រ​កាស​សម្ពោធ​​​នេះ​នឹង​រួម​ចំ​ណែក​ក្នុង​ការ​ទាក់​ទាញ​កំ​ណើន​វិនិយោគិន និង ទេស​ចរ​មក​ខេត្ត​ព្រះ​សី​ហនុដែល​នឹង​ធ្វើ​ឲ្យ​ទី​ផ្សា​រ​អចលន​ទ្រព្យ​នៅ​ខេត្ត​ជាប់​សមុទ្រ​នេះមាន​ភាព​ប្រ​សើរ​ឡើងនា​ពេល​ខាង​មុខ។​

លោក​ថ្លែង​ថា​៖​«អ្នក​ដែល​ចូល​មក​នា​ពេល​នេះ គឺ​មិន​មែន​អ្នក​ចូល​មក​​លេង​ល្បែង​ដូច​មុន​ ដែល​ត្រូ​វ​ការ​ចាយ​លុយ​គម្ហក់​ហើយ​ចេញ​វិញ​ភ្លាម​ៗនោះ​​ទេ។ វិនិយោគិន​ដែលចូល​មក​​​ពេល​នេះ​គឺសុទ្ធសឹង​អ្នក​វិនិយោគ​ពិត​ប្រា​កដ ដែល​វា​នឹង​ក្លាយ​ជា​រឿង​ល្អ​សម្រាប់​ទី​ផ្សារ​អចលន​ទ្រព្យ​រយៈ​ពេល​វែង»។

ការិយា​ល័យ​ក្រុម​ហ៊ុន Century 21 Lay Min Realty នៅ​ពេល​សម្ពោធ

ឯក​ឧត្តម​ គួច ចំ​រើន អភិ​បាល​នៃគណៈ​អភិ​បាល​ខេត្ត​ព្រះ​សី​ហនុធ្លាប់​បាន​ថ្លែង​ក្នុង​ពិ​​ធី​បើក​សម្ពោធ​ជា​ផ្លូវ​ការ​ក្រុម​ហ៊ុន​ Century 21 Lay Min Realty ខេត្ត​ព្រះ​សី​ហនុ​កាល​ពី​ថ្ងៃ​សៅរ៍​ទី ២៣ វិច្ឆិកា​​ ឆ្នាំ ២០១៩ថា ហេដ្ឋា​រច​នា​សម្ព័ន្ធ​​​នៅ​​ក្នុង​ខេត្ត​ព្រះ​សី​ហនុ​កំ​​ពុង​រង​ការ​ខូច​ខាត​ ហើយ​អាច​ប៉ះ​ពាល់អារម្មណ៍​អ្នក​វិនិយោគ​នា​ពេល​នេះ។ តែ​លោក​លើក​ឡើង​ថា ​ការ​ដ្ឋាន​ស្ថាបនា​ផ្លូវ​ ៣៤ ខ្សែ​ដែល​មាន​ប្រវែង​សរុប​ ៨៤,៥ គី​ឡូ​ម៉ែត្រ​ ត្រូវ​បានដំ​ណើរ​ការ​​​ស្ថាប​នា​ឡើង​វិញ​​ហើយនៅ​ពេល​ហេដ្ឋា​រចនាសម្ព័ន្ធ​ទាំង​​​នេះសាង​សង់​រួច​រាល់​ ​ខេត្ត​ព្រះ​សី​ហនុ​នឹង​ក្លាយជា​​ទី​តាំង​សម្រាប់​​ពាណិជ្ជ​ម្ម​ និង​សេដ្ឋ​កិច្ច​អន្តរ​ជាតិ​។​

លោក​ថ្លែងថា​៖​«​អ្នក​ធ្វើ​ជំ​នួញខាង​​​ផ្នែក​អចលន​ទ្រព្យ​ គេ​តែង​យក​ឱ​កាស​នេះ​ដើម្បី​បង្កើន​ជា​សក្តា​នុ​ពល​ព្រោះ​ថា​នៅ​ពេល​ដែល​ផ្លូវ​ថ្នល់​កសាង [រួច​រាល់​] ​​​ទៅ នឹង​ធ្វើ​ឲ្យ​តម្លៃអចលន​ទ្រព្យ​​​មាន​ការ​កើន​ឡើង​ ហើយ​ធ្វើ​ឲ្យ​ទី​ផ្សារ​អចនល​ទ្រព្យ​ក៏​ត្រូវ​ប៉ាន់​​»។

ឯក​ឧត្តម​ គួច ចំ​រើន ក្នុង​ពិ​​ធី​បើក​សម្ពោធ​ជា​ផ្លូវ​ការ​ក្រុម​ហ៊ុន​ Century 21 Lay Min Realty ខេត្ត​ព្រះ​សី​ហនុ​កាល​ពី​ថ្ងៃ​សៅរ៍​ទី ២៣ វិច្ឆិកា​​ ឆ្នាំ ២០១៩

Leave a Reply

Your email address will not be published. Required fields are marked *